គម្រោងស្ពាន២មិនទាន់លេចរូបរាង តែនឹងបម្រើប្រយោជន៍ប្រជាជនកាន់តែខ្លាំងក្រោយសាងសង់រួច

គម្រោងស្ពានចំនួន២ក្នុងរាជធានីភ្នំពេញ គឺស្ពានអាកាសភ្លោះថ្មីនៅភាគខាងត្បូងរាជធានីភ្នំពេញត្រង់ចំណុចប្រសព្វរវាងមហាវិថីសម្តេចតេជោហ៊ុនសែន (ផ្លូវ៦០ម៉ែត្រ)ជាមួយកំណាត់ផ្លូវជាតិលេខ២តភ្ជាប់ទៅផ្លូវព្រលានយន្តហោះអន្តរជាតិតេជោ និងគម្រោងស្ពានមួយទៀត គឺស្ពានភ្នំពេញ-អរិយក្សត្រ ដែលប្រជាជនទាំងអស់កំពុងទន្ទឹងរង់ចាំឲ្យលេចជារូបរាងឡើងឆាប់ៗ។

គម្រោងស្ពានដ៏មានសារៈសំខាន់ទាំងពីរមិនទាន់ចេញជារូបរាងក៏ដោយតែគេជឿជាក់ថានៅពេលស្ពានទាំងពីរនេះសង់រួចរាល់នឹងបម្រើផលប្រយោជន៍សម្រាប់ប្រជាជនកាន់តែខ្លាំង។

១. ស្ពានអកាសភ្លោះថ្មីនៅចំណុចប្រសព្វផ្លូវ៦០ម៉ែត្រនិងផ្លូវជាតិលេខ២

គម្រោងស្ពានមួយនេះត្រូវបានមន្រ្តីក្រសួងសាធារណការ និងដឹកនាំជញ្ជូន ប្រាប់គេហទំព័រ Million Times ថា នឹងបើកការដ្ឋានសាងសង់នាពេលដ៏ខ្លីខាងមុខ ដោយក្រុមហ៊ុនទទួលសាងសង់គឺជាក្រុមហ៊ុនតែមួយដែលសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ

ការសាងសង់ស្ពានអាកាសនេះធ្វើឡើងដើម្បីសម្រួលចរាចរណ៍ត្រង់ចំណុចប្រសព្វនេះដើម្បីរំដោះការកកស្ទះនិងបង្កើនហេដ្ឋារចនាសម័្ពន្ធផ្លូវជាតិផងដែរ ពិសេសគឺផ្លូវថ្មីដែលតភ្ជាប់ទៅកាន់ព្រលានយន្ដហោះអន្ដរជាតិតេជោ ។

តាមដានជាមួយយើង៖ Million Times


២. ស្ពានភ្នំពេញ-អរិយក្សត្រ

គម្រោងស្ពាននេះត្រូវបានគេចាត់ទុកថាស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដំបូងបំផុតក្នុងប្រវត្តិសាស្រ្តដែលមានតម្លៃជិត៣០០លានដុល្លារ។ ស្ពាននេះនៅមិនទាន់កំណត់ថ្ងៃខែសាងសង់ជាក់លាក់នៅឡើយទេ ប៉ុន្តែអាចគ្រោងនឹងចុះបឋមសិលាចាប់ផ្តើមនៅឆ្នាំ២០២៥ខាងមុខ។

តាមគម្រោងស្ពាននេះនឹងត្រូវសាងសង់ចំនួន២ខ្សែ ដោយខ្សែទី១តភ្ជាប់ពីខាងមុខផ្សាររាត្រីឆ្លងកាត់ទន្លេសាបទៅកាន់តំបន់ជ្រោយចង្វារ។ ខ្សែទី២ តភ្ជាប់ពីជ្រោយចង្វារឆ្លងកាត់ទន្លេមេគង្គទៅអរិយក្សត្រ។ ក្រោយពេលស្ពាននេះសាងសង់រួច នឹងជួយបន្តពង្រីកវិស័យនានា ព្រមទាំងសម្រួលដល់ការធ្វើដំណើរសម្រាប់ប្រជាជននៅតំបន់អរិយក្សត្រនិងភ្នំពេញបានកាន់តែរលូនជាងមុន៕




អត្ថបទ៖ នារតី