កម្ពុជាបើកទូលាយវិនិយោគកែច្នៃ វេចខ្ចប់ នាំចេញកសិផលទៅទីផ្សារអន្តរជាតិ

កម្ពុជាបើកទូលាយវិនិយោគកែច្នៃ វេចខ្ចប់ នាំចេញកសិផលទៅទីផ្សារអន្តរជាតិ

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ លោក ឌិត ទីណា បានលើកទឹកចិត្តនិងស្វាគមន៍ដល់វិនិយោគិនមកវិនិយោគលើការកែច្នៃ វេចខ្ចប់ នាំចេញកសិផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិ។ នេះបើតាមជំនួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយលោកស្រី Beverly Posma នាយិកាប្រតិបត្តិនៃអង្គការ Grow Asia Partnership នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

លោក ទិត ឌីណា បានលើកឡើងថា ក្រសួងកំពុងជំរុញគោលនយោបាយកសិកម្មឱ្យកាន់តែរីកចម្រើន ដើម្បីធានាសន្តិសុខស្បៀង និរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថាន តាមរយៈការកាត់បន្ថយថ្លៃដើមផលិត ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ ព្រមទាំងការពង្រឹងសហគមន៍កសិកម្មទំនើប ដែលជាដំណោះស្រាយមួយសម្រាប់ប្រជាកសិករដែលត្រូវការការគាំទ្រ ទាំងបញ្ហាបច្ចេកទេស ទុន ទីផ្សារ និងបញ្ហាប្រឈមផ្សេងៗ ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

តាមដានជាមួយយើង៖ Million Times


លើសពីនេះ  កម្ពុជាកំពុងបន្តជំរុញការនាំចេញកសិផលសក្តានុពល ដូចជា ស្រូវ អង្ករ ស្វាយ ស្វាយចន្ទី និងម្រេច ជាដើមទៅកាន់ទីផ្សារអន្តរជាតិ ដើម្បីទទួលបានតម្លៃបន្ថែមខ្ពស់។ ជាមួយគ្នានេះ ការទទួលបានវិនិយោគិនមកវិនិយោគលើការកែច្នៃ វេចខ្ចប់នាំចេញកសិផលខ្មែរទៅទីផ្សារអន្តរជាតិគឺជារឿងសំខាន់។


ម្ល៉ោះហើយ លោកលើកទឹកចិត្តឲ្យក្រុមហ៊ុនបំពេញទស្សនកិច្ចនៅកម្ពុជាដើម្បីពិនិត្យលទ្ធភាពក្នុងការស្វែងរកឱកាសវិនិយោគដោយសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ។


ពាក់ព័ន្ធនឹងរឿងនេះ សម្តេច ហ៊ុន ម៉ាណែត ក៏ធ្លាប់មានប្រសាសន៍ថា វិស័យកសិកម្មជាវិស័យអាទិភាពមួយហើយរាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មដែលរួមមានការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ ការបង្កើតឲ្យមានយន្តការក្នុងការគាំទ្រដល់ប្រជាកសិករ ការបង្កើតសមាគមកសិករទំនើប ការលើកម្ពស់គុណភាពផលិតផលដើម្បីពង្រឹងនូវផលិតភាព គុណភាពផលិតផលកសិកម្មនៅកម្ពុជា។


ទន្ទឹមនឹងនេះ សម្តេចបានរំលេចពីគោលនយោបាយគាំទ្រនិងលើកទឹកចិត្តដល់ការវិនិយោគលើវិស័យកសិកម្មដែលរួមមានការលើកលែងពន្ធលើដីកសិកម្ម ពន្ធនាំចូលសម្ភារកសិកម្មនិងពន្ធកសិផលកសិកម្ម ដូចជាការធានានូវតម្លៃអគ្គីសនី ការកសាងហេដ្ឋារចនាសម័្ពន៍ដឹកជញ្ជូន ប្រព័ន្ធធារាសាស្រ្ត ដែលជាកត្តាជួយកាត់បន្ថយថ្លៃដើមផលិតដើម្បីរក្សាបាននូវការប្រកួតប្រជែងក្នុងទីផ្សារ៕


អត្ថបទ៖ នារតី