អ្នកនាំពាក្យ៖ រថភ្លើងកម្ពុជាទិញពីជប៉ុន និងរថភ្លើងជប៉ុនបរិច្ចាគឲ្យថៃ ជាម៉ាកតែមួយ និងប្រភេទតែមួយ

អ្នកនាំពាក្យ៖ រថភ្លើងកម្ពុជាទិញពីជប៉ុន និងរថភ្លើងជប៉ុនបរិច្ចាគឲ្យថៃ ជាម៉ាកតែមួយ និងប្រភេទតែមួយ

មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ បានចេញមុខបញ្ជាក់អំពីទូររថភ្លើងដែលកម្ពុជាទិញពីជប៉ុន និងទូររថភ្លើងដែលជប៉ុនបរិច្ចាគទៅប្រទេសថៃ កាលពីពេលថ្មីៗនេះ។ កាលពីពេលថ្មីៗនេះ ប្រទេសជប៉ុនបរិច្ចាគរថភ្លើងឈប់ប្រើប្រាស់ចំនួន ២០គ្រឿងឲ្យប្រទេសថៃ ដែលបានដឹកតាមកប៉ាល់មកដល់កំពង់ផែ Laem Chabang កាលពីសប្ដាហ៍មុន។

រថភ្លើង ២០គ្រឿងនេះ ត្រូវបានបរិច្ចាគពីក្រុមហ៊ុន EAST JAPAN RAILWAY របស់ជប៉ុន ដែលមានអាយុយ៉ាងហោចណាស់ ១៥ឆ្នាំ។ រថភ្លើងទាំង ២០គ្រឿង គ្រោងនឹងដាក់ឲ្យដំណើរការនៅចុងឆ្នាំ ២០២៤នេះ នៅលើផ្លូវដែកពី Chachoengsao និងទៅអយុធ្យា។

តាមដានជាមួយយើង៖ Million Times

តាមរយៈគណនីហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី ១១ ខែមិថុនានេះ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ប៉ុន្មានថ្ងៃមកនេះ មានការចុះផ្សាយព្រោងព្រាតវត្តមានទូររថភ្លើងជប៉ុន ដែលផ្តល់ជូនប្រទេសថៃ សម្រាប់ដំណើរការរត់លើផ្លូវដែនៅតំបន់ Chachoengsao និង Ayutthaya ប្រទេសថៃ ចុងឆ្នាំ ២០២៤នេះ។ ប្រភពបញ្ជាក់ថា រថភ្លើងនោះ ម៉ាក Kiha-40 និង Kiha-48 ជាប្រភេទDMU(Diesel Multiple Unit)។

តើ Kiha-40 និង Kiha-48 របស់ថៃ និង Kiha-183 របស់កម្ពុជាមានលក្ខណៈដូចម៉េច? បើតាមលោក ផន រឹម រថភ្លើងទាំងនេះ គឺជាម៉ាកតែមួយ និងប្រភេទតែមួយ គ្រាន់តែឆ្នាំផលិតខុសគ្នាប៉ុណ្ណោះ។ លោកលើកឡើងពី Kiha-183 របស់កម្ពុជា ដែលកាលពីព្រឹកថ្ងៃសៅរ៍ទី ៨ ខែមិថុនា ឆ្នាំ ២០២៤កន្លងទៅនេះ ក្រុមការងារបច្ចេកទេសនាយកដ្ឋានផ្លូវដែក នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះពិនិត្យ តាមដាន ដំណើរការបើកតេស្តសាកល្បងទូររថភ្លើងប្រភេទ Kiha-183 ចំនួន ៤គ្រឿងលើផ្លូវដែកភាគខាងត្បូង (ព្រះសីហនុ-ភ្នំពេញ) បន្ទាប់ពីកែសម្រួលប្រព័ន្ធហ្វ្រាំង និងទទឹងកង់ពី ១០៦៧មីលីម៉ែត្រ(ស្តង់ដារផ្លូវដែកជប៉ុន) មក ១០០០មីលីម៉ែត្រ(ស្តង់ដារផ្លូវដែកកម្ពុជា)។

ក្រុមហ៊ុន Royal Railway Cambodia(RRC) និងក្រុមការងារបច្ចេកទេសនាយកដ្ឋានផ្លូវដែក ក្រសួងសាធារណការ និងដឹកជញ្ជូន បានពិនិត្យរួមគ្នាលើដំណើរការកង់ ប្រព័ន្ធហ្វ្រាំង និងការងារផ្សេងៗទៀត តាមដំណាក់កាល នៃការរត់លើផ្លូវដែក ដើម្បីប្រាកថាមានសុវត្ថិភាពសម្រាប់ដឹកជញ្ជូនអ្នកដំណើរ មុននឹងដាក់ឲ្យដំណើរការជាផ្លូវការ នាពេលឆាប់ៗខាងមុខនេះ។

បើតាមអ្នកនាំពាក្យដដែល ក្រោយដឹកពីជប៉ុនតាមកប៉ាល់មកដល់កម្ពុជា ក្រុមការងារបច្ចេកទេស និង RRC បានពិនិត្យរួមគ្នាលើការងារកែតម្រូវកង់ និងប្រព័ន្អហ្វ្រាំងរថភ្លើងដឹកអ្នកដំណើរអោយស្របតាមស្តង់ដារផ្លូវដែកកម្ពុជាដើម្បីធានាសុវត្ថិភាព ប្រសិទ្ធភាព និងនិរន្តរភាព។ ពេលដំណើរការជាផ្លូវការ Kiha-183 នឹងត្រូវដាក់ឱ្យរត់ដោយបែកចែកជាពីរក្នុងនោះ៖ ១- ផ្លូវរថភ្លើងភាគខាងត្បូងភ្នំពេញ-ព្រះសីហនុ តម្រូវឲ្យរត់ ៨០km/h ២- ផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត តម្រូវឲ្យរត់ចន្លោះពី ៣០-៥០km/h៕

អត្ថបទ៖ វីរៈ រូបភាព៖ ហ្វេសប៊ុកលោក ផន រឹម