ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល រំពឹងថា កម្ពុជា-អេស្ប៉ាញ អាចពិនិត្យរៀបចំឲ្យមានសន្ធិសញ្ញាវិនិយោគទ្វេភាគី

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល រំពឹងថា កម្ពុជា-អេស្ប៉ាញ អាចពិនិត្យរៀបចំឲ្យមានសន្ធិសញ្ញាវិនិយោគទ្វេភាគី

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី ១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញក្ដីរំពឹងថា កម្ពុជា-អេស្ប៉ាញ អាចពិនិត្យរៀបចំឲ្យមានសន្ធិសញ្ញាវិនិយោគទ្វេភាគី ដើម្បីបង្កភាពងាយស្រួលដល់ការវិនិយោគរវាងប្រទេសទាំងពីរ។

ការបង្ហាញក្ដីរំពឹងនេះ គឺធ្វើឡើងនៅព្រឹកថ្ងៃទី ១០​ ខែមិថុនានេះ ក្នុងដំណើរបេសកកម្មគោះទ្វារវិនិយោគនៅសហភាពអឺរ៉ុប ដោយបានជួបពិភាក្សាការងារជាមួយ លោកស្រី Amparo Lopez Senovilla រដ្ឋលេខាធិការទទួលបន្ទុកពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្មអេស្ប៉ាញ។

តាមដានជាមួយយើង៖ Million Times

ក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីសក្តានុពលវិជ្ជមានរបស់កម្ពុជា មានជាអាទិ៍ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កម្លាំងពលកម្មកម្ពុជា ដែលមានភាពវ័យក្មេងប្រកបដោយថាមពល និងថាមវន្ត មានរាជរដ្ឋាភិបាល ដែលគាំទ្រដល់ធុរកិច្ច មានរបបវិនិយោគដែលមានភាពអនុគ្រោះ និងភាពប្រទាក់ក្រឡានៃហេដ្ឋារចនាសម្ព័ន្ធអន្តរមធ្យោបាយកម្ពុជា ដែលបាននិងកំពុងផ្ដល់ឱកាសឱ្យវិនិយោគិនបណ្ដាក់ទុនវិនិយោគ បានផងដែរ។

លើសពីនេះទៀត លោកឧបនាយករដ្ឋមន្ត្រី បានរំពឹងថា កម្ពុជា-អេស្ប៉ាញ អាចពិនិត្យរៀបចំឲ្យមានសន្ធិសញ្ញាវិនិយោគទ្វេភាគី សំដៅបង្កភាពងាយស្រួលដល់ការវិនិយោគ និងទំនាក់ទំនង ផងដែរ។

ជាការឆ្លើយតបលោកស្រី Amparo Lopez Senovilla បានបង្ហាញការស្វាគមន៍ជូនចំពោះលោកឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូកម្ពុជា ចំពោះដំណើរទស្សនកិច្ចក្នុងប្រទេសអេស្ប៉ាញនាឱកាសនេះ។ លោកស្រី ក៏បានបង្ហាញចំណាប់អារម្មណ៍ដែលវិនិយោគិនអេស្ប៉ាញ អាចវិនិយោគលើវិស័យទេសចរណ៍ ថាមពលកកើតឡើងវិញ ឱសថ វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ពិសេសហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធចម្រោះទឹកកខ្វក់ និងវិស័យផ្សេងៗមួយចំនួនទៀតនៅកម្ពុជា។

សូមជម្រាបថា លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី ១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាននិងកំពុងបំពេញទស្សនកិច្ចគោះទ្វារវិនិយោគ នៅសហភាពអឺរ៉ុប ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៤៕  

អត្ថបទ៖ វីរៈ រូបភាព៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា