លើកដំបូង! កម្ពុជា-ថៃនិងវៀតណាម សម្រេចតភ្ជាប់ដឹកជញ្ជូនភ្ញៀវទេសចរតាមផ្លូវទឹក

ជំហានថ្មីហើយសម្រាប់វិស័យទេសចរណ៍កម្ពុជា សម្រេចតភ្ជាប់ការដឹកជញ្ជូនផ្លូវទឹកជាមួយប្រទេសក្បែរខាង គឺប្រទេសថៃ និងវៀតណាម អំឡុងខែតុលា ឬខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខ។ ការឯកភាពគ្នារវាងកម្ពុជា-ថៃ-វៀតណាមធ្វើឡើងក្នុងវេទិកាធុរកិច្ច CVTEC Trat Business Roadshow 2024 នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ នៅលើកោះឆាង ខេត្តត្រាត ប្រទេសថៃ ដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងរដ្ឋនិងឯកជននៃប្រទេសទាំង៣។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ និងតំណាងប្រតិភូភាគីកម្ពុជា បានឱ្យដឹងថា ភាគីកម្ពុជា ថៃ និងវៀតណាម បានឯកភាពគ្នាថានឹងសាកល្បងរៀបចំការដឹកជញ្ជូនភ្ញៀវទេសចរតាមផ្លូវទឹកទៅមក ពិសេសរវាងកម្ពុជានិងថៃ កម្ពុជានិងវៀតណាម គឺនៅខែតុលា ឬខែវិច្ឆិកា ឆ្នាំ២០២៤ ដែលជារដូវដែលភ្ញៀវបរទេសមកលេងច្រើន។ 

តាមដានជាមួយយើង៖ Million Times

លោកថា គោលដៅរវាងកម្ពុជានិងថៃ គឺមានខេត្តត្រាត និងកោះសំខាន់ៗរបស់ខេត្តត្រាត ជាមួយគោលដៅនៃតំបន់សមុទ្រកម្ពុជា ដែលមានខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប និងអាចតភ្ជាប់ទៅដល់កោះត្រល់ និងខេត្តកាម៉ៅ ភាគខាងត្បូងបំផុតនៃប្រទេសវៀតណាម។

ជាមួយគ្នានេះ លោក ឡុង ឌីម៉ង់ បានលើកទឹកចិត្តដល់វិស័យឯកជនឱ្យខិតខំធ្វើទំនាក់ទំនងជាមួយគ្នា ដើម្បីឈានទៅរកការរៀបចំកញ្ចប់ទស្សនកិច្ចជូនភ្ញៀវទេសចរ បង្កើតឱ្យមានការធ្វើដំណើរតាមផ្លូវទឹកទៅវិញទៅមកឱ្យបាន ស្របតាមការឯកភាពគ្នារវាងភាគីទាំង៣។

ជុំវិញការតភ្ជាប់ដឹកជញ្ជូនភ្ញៀវទេសចរតាមផ្លូវទឹកនេះ ភាគីថៃក៏បានលើកឡើងដែរថា ប្រសិនបើការតភ្ជាប់ការដឹកជញ្ជូនទេសចរតាមផ្លូវទឹកនេះសម្រេចទៅបានមែន នោះភាគីកម្ពុជា ភាគីថៃ និងភាគីវៀតណាម នឹងសម្រេចបាននូវចក្ខុវិស័យទេសចរណ៍ «ប្រទេស៣ គោលដៅតែ១» ដែលតែងខិតខំពិភាក្សានិងអនុវត្តជារឿយៗមកនោះ៕

អត្ថបទ៖ សេដ្ឋានី រូបភាព៖ ហ្វេសប៊ុកលោក ឡុង ឌីម៉ង់