ពីខែមករាដល់មេសា២០២៤ កម្ពុជាទទួលអ្នកដំណើរតាមផ្លូវអាកាសជាង២លាននាក់

អំឡុងពីខែមករាដល់ខែមេសាឆ្នាំ២០២៤  កម្ពុជាទទួលបានអ្នកធ្វើដំណើរតាមផ្លូវអាកាសជាង២លាននាក់ ពោលគឺមានការកើនឡើង២៥% ធៀបនឹងអំឡុងពេលដូចគ្នានៅឆ្នាំ២០២៣ ដែលមានចំនួនត្រឹមជាង១លាន៦សែននាក់។ នេះបើតាមប្រសាសន៍ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលក្នុងទស្សនកិច្ចស្វែងយល់លើការងារសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោលំដាប់ថ្នាក់ 4F។


ចំពោះការកើនឡើងនេះ បានបង្ហាញឲ្យឃើញថាសកម្មភាពដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជាបានស្តារឡើងវិញបន្តិចម្តងៗ បន្ទាប់ពីវិបត្តិកូវីដ១៩ និងកំពុងបោះជំហានទៅមុខ។

តាមដានជាមួយយើង៖ Million Times


ក្នុងឆ្នាំ២០២៤នេះ ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកនិងបរទេសចំនួន៣១ កំពុងតភ្ជាប់ជើងហោះហើរឡើងវិញពីប្រទេសអាស៊ានទាំង៨ មានដូចជា ចិន កូរ៉េខាងត្បូង ហុងកុង កោះតៃវ៉ាន់ រដ្ឋកាតា និងអារ៉ាប់រួមអេមីរ៉េត។ ដោយឡែកបើចាប់តាំងពីដើមខែឧសភាឆ្នាំ២០២៤មក ក្រុមហ៊ុន Emirates Airlines បានហោះហើរមកកម្ពុជាឡើងវិញពីទីក្រុងឌូបៃ ដោយឆ្លងកាត់ប្រទេសសឹង្ហបុរីជាលក្ខណៈសិទ្ធហោះហើរទី៥។


ចំណែកការដឹកជញ្ជូនតាមផ្លូវអាកាសនៅក្នុងឆ្នាំ២០២៣ កម្ពុជាបានទទួលអ្នកធ្វើដំណើរតាមផ្លូវអាកាសទាំងក្នុងស្រុកនិងអន្តរជាតិមានចំនួនជាង ៥លាន១សែននាក់ កើនឡើង ១១៥% ធៀបនឹងរយៈពេល១២ខែ ឆ្នាំ២០២២ ។
 


ដូច្នេះហើយ ដើម្បីបន្តរួមចំណែកអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ ២០២៤-២០២៨ ក្នុងការជំរុញឲ្យមានកំនើនអ្នកធ្វើដំណើរនិងការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស អាកាសចរណ៍ស៊ីវិលកម្ពុជានឹងខិតខំបន្តអនុវត្តគោលនយោបាយបើកចំហជើងមេឃ ពង្រឹងសុវត្ថិភាពនិងសន្តិសុខអាកាសចរណ៍ បន្តពង្រឹងនិងពង្រីកហេដ្ឋារចនាសម័្ពន្ធអាកាសយានដ្ឋានជាតិនិងអន្តរជាតិ ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិទាំងទ្វេភាគីនិងពហុភាគី ព្រមទាំងបន្តកិច្ចប្រឹងប្រែងបង្កើនការហោះហើរត្រង់មកកម្ពុជា ទាំងក្នុងតំបន់ តំបន់មជ្ឈឹមបូពា៍ និងជាពិសេសអឺរ៉ុប៕



អត្ថបទ៖ នារតី