រដ្ឋមន្រ្តី៖ វិស័យកសិកម្មរក្សាបាននូវកំណើនសេដ្ឋកិច្ចវិជ្ជមាន ទោះរងនូវកត្តាផ្សេងៗក៏ដោយ

រដ្ឋមន្រ្តី៖ វិស័យកសិកម្មរក្សាបាននូវកំណើនសេដ្ឋកិច្ចវិជ្ជមាន ទោះរងនូវកត្តាផ្សេងៗក៏ដោយ

ឯកឧត្ដម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ពីវិស័យកសិកម្ម បានរក្សានូវកំណើនសេដ្ឋកិច្ចជាវិជ្ជមានក្នុងចន្លោះពី០.៦% ទៅ០.៩៩% ជារៀងរាល់ឆ្នាំ បើទោះរាតត្បាតក្នុងអំឡុង Covid 19 និងកត្តាផ្សេងទៀត រួមទាំងវិបត្តិសង្គ្រាមអ៊ុយក្រែនក៏ដោយ។

តាមដានជាមួយយើង៖ Million Times


ក្នុងកិច្ចប្រជុំប្រចាំឆ្នាំក្រុមការងារបច្ចេកទេស​ចម្រុះ​ស្តីពីកសិកម្ម និងទឹក (Technical Working Group on Agriculture and Water(TWG-AW) លោកបានប្រាប់ថា ការរួមចំណែកនៃអនុវិស័យ​ក្នុងវិស័យកសិកម្មរួមមាន: អនុវិស័យដំណាំ ៥៧.១%, អនុវិស័យផលិតកម្មសត្វ ១១.២%, អនុវិស័យជលផល ២៤.៨% និង អនុវិស័យព្រៃឈើ ៧%។ អនុវិស័យដំណាំ និងជលផល បានបន្តជាកត្តានាំមុខគេ និងបានរួមចំណែកយ៉ាងសំខាន់ក្នុងកំណើនវិស័យនេះ ខណៈដែលអនុវិស័យផលិតកម្មសត្វបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់សាច់សម្រាប់ការប្រើប្រាស់ក្នុងស្រុក និងការនាំចេញ ដែលត្រូវតែអភិវឌ្ឍបន្ថែមទៀត ដោយនឹងជំរុញការផលិត/ការផ្គត់ផ្គង់សាច់ក្នុងស្រុកសម្រាប់តម្រូវការក្នុងស្រុក និងការនាំចេញ។

ជាមួយគ្នានោះ រដ្ឋលេខាធិការក្រសួងកសិកម្ម បានបង្ហាញពីវឌ្ឍនភាពសំខាន់ៗមួយចំនួនរបស់ក្រសួងកសិកម្ម ក្នុងនោះរួមមាន: ការដាក់ចេញសេចក្តីព្រាងគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ (២០២៤-២០២៨) ជាមួយនឹងគោលដៅរួម «ដើម្បីបង្កើនប្រសិទ្ធភាព​នៃផលិតកម្មកសិកម្មប្រកបដោយនិរន្តរភាព (ខ្សែសង្វាក់តម្លៃ) ដើម្បីធានាសន្តិសុខស្បៀង និងលើកកម្ពស់ជីវភាពរស់នៅ​របស់ប្រជាជន» ដោយមានគោលដៅយុទ្ធសាស្ត្រចំនួន៤គឺ

ទី១.កសាងសហគមន៍កសិកម្មទំនើប (MACs)

ទី២.សេវាគាំទ្របច្ចេកទេសកសិកម្ម ផ្តល់ជូនកសិករ

ទី៣.រក្សាតម្លៃកសិផលសំខាន់ៗ

ទី៤.ថែរក្សា និងគ្រប់គ្រងធនធានធម្មជាតិកសិកម្ម។



កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីកៀរគរ សមាជិកក្រុមការងារទាំងអស់ តំណាងដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជននានា ដើម្បីឆ្លុះបញ្ចាំងពីសមិទ្ធផលការងារកន្លងមក ឆ្នាំ២០២៣ ព្រមទាំងកំណត់បញ្ហាប្រឈមអំពីការអនុវត្តផែនការ សកម្មភាពរបស់ក្រុមការងារ និងកំណត់វិធីសាស្រ្ដល្អៗដើម្បីធ្វើឱ្យក្រុមការងារបច្ចេកទេសចម្រុះកាន់តែប្រសើរឡើង (សហប្រតិបត្តិការមានប្រសិទ្ធភាព សកម្មភាពដែលមានការសម្របសម្រួល និងកៀរគរហិរញ្ញប្បទាន)៕







អត្ថបទ៖ នារតី
រូបភាព៖ ក្រសួងកសិកម្មនិងរុក្ខាប្រមាញ់