កំពង់ផែពហុបំណងកំពតតម្លៃ ១៤០លានដុល្លារគឺជាកំពង់ផែស្តង់ដារកម្រិតអន្តរជាតិមុនគេនៅកម្ពុជា

កំពង់ផែពហុបំណងកំពតតម្លៃ ១៤០លានដុល្លារគឺជាកំពង់ផែស្តង់ដារកម្រិតអន្តរជាតិមុនគេនៅកម្ពុជា

កំពង់ផែពហុបំណងកំពត ដែលសាង​សង់រួចរាល់ដំណាក់កាលទី១ តម្លៃប្រមាណ ១៤០លានដុល្លារអាមេរិក សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅក្នុងភូមិគីឡូ១២ សង្កាត់កោះតូច និងសង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត ចម្ងាយប្រមាណ ១៦០គីឡម៉ែត្រ ពីរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ៣។

សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានថ្លែងថា «កំពង់ផែពហុបំណងកំពត គឺជាកំពង់ផែស្តង់ដារកម្រិតអន្តរជាតិមុនគេនៅកម្ពុជា ដែលនឹងចូលរួមចំណែកក្លាយជាសរសៃឈាមដ៏សំខាន់ថ្មីមួយទៀត សម្រាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្រកម្ពុជា និង ធ្វើឱ្យប្រសើរឡើងនូវសកម្មភាព ពាណិជ្ជកម្ម និងការផ្លាស់ប្ដូរទំនិញ រួមទាំងជួយជំរុញកំណើនសេដ្ឋកិច្ចនៅខេត្តកំពត ក៏ដូចជាការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា»។

តាមដានជាមួយយើង៖ Million Times

សម្តេចថ្លែងបញ្ជាក់ថា កំពង់ផែពហុបំណងកំពតនេះ នឹងក្លាយជាកំពង់ផែទឹកជ្រៅមួយទៀតនៅកម្ពុជា និងជាកំពង់ផែដ៏ទំនើប និងមានសារៈសំខាន់ ដែលជួយបំពេញបន្ថែមលើមុខងាររបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ។

កំពង់ផែពហុបំណងកំពត គឺជាការវិនិយោគរបស់ក្រុមហ៊ុនកំពតផត របស់អ្នកឧកញ៉ា វិញ ហួរ ដែលហេដ្ឋារចនាសម្ព័ន្ធកំពង់ផែមានវិសាលភាពលើផ្ទៃដីគោក ២០៧ហិកតា និងផ្ទៃទឹក ៦៧៨ហិកតា។ ក្នុងនោះ ដែនគោកជាកម្មសិទ្ធិស្របច្បាប់របស់ក្រុមហ៊ុនកំពតផត រីឯដែនទឹកវិញ ជាកម្មសិទ្ធិរបស់រដ្ឋ ដែលរាជរដ្ឋាភិបាលបានសម្បទានអនុញ្ញាតឱ្យក្រុមហ៊ុនកំពតផត គ្រប់គ្រង ថែទាំ និងប្រើប្រាស់ សម្រាប់ធ្វើជាប្រឡាយនាវាចរណ៍ ឬកន្លែងនាវាចូលចេញ ផ្ទេរផ្ទុកទំនិញនៅកំពង់ផែ៕

អត្ថបទ៖ ផល កុសល រូបភាព៖ ក្រុមព័ត៌មានសម្តេចធីបតី