ក្រុមហ៊ុនជប៉ុនរៀបផែនការដាំដើមស្វាយចន្ទី និងប្រមូលទិញគ្រាប់កែច្នៃទៅជាប្រេងជីវឥន្ធនៈ

ក្រុមហ៊ុនជប៉ុន MIRARTH Agri Tech រំពឹងពង្រីកសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទី និងសំបកស្វាយចន្ទីទៅជាប្រេងជីវឥន្ធនៈរហូតដល់ប្រមាណ ២ម៉ឺនតោនក្នុងមួយឆ្នាំ។

ការដាក់ក្តីរំពឹងរបស់ក្រុមហ៊ុនបន្ទាប់ពីសម្រេចដាក់ឲ្យប្រើប្រាស់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងសំបកស្វាយចន្ទីទៅជាប្រេងជីវឥន្ធនៈរបស់ខ្លួនស្ថិតក្នុងឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលថ្ងៃទី០៤  ខែមិថុនា ឆ្នាំ២០២៤ ដែលមានសមត្ថភាពកែច្នៃស្វាយចន្ទី ១.៥០០តោនក្នុង១ឆ្នាំ។

តាមដានជាមួយយើង៖ Million Times

លោក  សាសាគី កូជី (SASAKI KOJI) ប្រធានក្រុមហ៊ុន MIRARTH Agri Tech បានលើកឡើងថា ក្រុមហ៊ុនរំពឹងថានឹងពង្រីកសមត្ថភាពកែច្នៃរហូតដល់ប្រមាណ ២ម៉ឺនតោនក្នុងមួយឆ្នាំក្នុងរយៈពេល៥ឆ្នាំខាងមុខនេះដែលអាចផលិតថាមពលបានប្រមាណ ២,៥មេហ្គាវ៉ាត់។

ក្នុងជំនួបជាមួយលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី លោក  សាសាគី កូជី បានបញ្ជាក់ថា មិនមែនមានតែសំបកស្វាយចន្ទីនោះទេ ដែលអាចផលិតជាថាមពលបាន សូម្បីតែ មែក និងសំបករបស់ដើមស្វាយចន្ទីក៏អាចផលិតជាថាមពលបានផងដែរ។ កត្តានេះបានជំរុញឱ្យក្រុមហ៊ុនត្រូវរៀបចំផែនការក្នុងការប្រមូលទិញ ឬដាំដើមស្វាយចន្ទី សម្រាប់ផ្គត់ផ្គង់ផលិតកម្មរបស់ក្រុមហ៊ុន។ 

គួរបញ្ជាក់ថា ក្រុមហ៊ុន MIRATH Agri Tech គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន MIRARTH Holding របស់ជប៉ុន ដែលកំពុងវិនិយោគលើការកែច្នៃគ្រាប់ស្វាយចន្ទី និងសំបកស្វាយចន្ទីទៅជាប្រេងជីវឥន្ធនៈនៅខេត្តកំពង់ធំ ដែលបានសម្ពោធដាក់ឱ្យដំណើរការកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។ ក្រុមហ៊ុននេះបាននាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារជប៉ុនតាំងពីឆ្នាំ២០២១ តាមរយៈក្រុមហ៊ុន Top Planning Japan ហើយក៏គ្រោងនឹងពង្រីកការនាំចេញរបស់ខ្លួនទៅទីផ្សារផ្សេងទៀតជុំវិញពិភពលោកផងដែរ។

គួរកត់សម្គាល់ថា អង្គការ FAO បានបញ្ជាក់ថា ការដាំដុះស្វាយចន្ទីនៅកម្ពុជាមានកំណើនប្រមាណ ១៣២% ចាប់ពីឆ្នាំ២០១៨-២០២៣ ហើយការនាំចេញគ្រាប់ស្វាយចន្ទីឆៅសម្រេចបានប្រមាណ ៦២ម៉ឺនតោន កាលពីឆ្នាំ២០២៣ ដោយឈរនៅលេខរៀងទី៣៕

អត្ថបទ៖ សេដ្ឋានី រូបភាព៖ ទីស្តីការគណៈរដ្ឋមន្រ្តី