មន្ត្រី៖ ចង់ដាំបន្លែក្នុងស្រុកជំនួសឲ្យបន្លែនាំចូលពីក្រៅ ទាមទារឲ្យមានការរៀបចំខ្លួនទុកជាមុនសិន​

មន្ត្រី៖ ចង់ដាំបន្លែក្នុងស្រុកជំនួសឲ្យបន្លែនាំចូលពីក្រៅ ទាមទារឲ្យមានការរៀបចំខ្លួនទុកជាមុនសិន​

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម លើកឡើងថា ប្រសិនបើចង់ដាំក្នុងស្រុកបន្លែជំនួសឲ្យការនាំចូលពីក្រៅប្រទេស គឺទាមទារឲ្យមានការរៀបចំខ្លួនទុកជាមុនសិន បើមិនអញ្ចឹងទេមិនខុសអ្វីពីធ្វើបាបអ្នកទិញ នោះទេ។ ការលើកឡើងនេះ បន្ទាប់ពីមានមជ្ឈដ្ឋានខ្លះ ស្នើឲ្យឈប់នាំចូលបន្លែពីក្រៅប្រទេស ពិសេសប្រទេសជិតខាងកម្ពុជា។

តាមដានជាមួយយើង៖ Million Times

លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុក នាថ្ងៃទី ៤ ខែមិថុនានេះថា «ចង់ដាំបន្លែក្នុងស្រុកជំនួសឲ្យបន្លែនាំចូលពីក្រៅ ទាមទារឲ្យមានការរៀបចំខ្លួនទុកជាមុនសិន បើមិនអញ្ចឹងទេ មិនខុសអ្វីពីធ្វើបាបអ្នកទិញរបស់យើងយ៉ាងដូច្នោះដែរ ជាពិសេសសម្រាប់អ្នកនៅមានជីវភាពខ្វះខាតនៅឡើយ»។

អ្នកនាំពាក្យរូបនេះ បានសរសេរបន្តថា ហេតុដូច្នេះហើយ បានជាអាទិភាពចម្បងនៅពេលនេះ គឺការប្រមូលផ្តុំកសិករអ្នកដាំបន្លែតូចៗ និងចងក្រងពួកគាត់ឲ្យទៅជាសហគមន៍កសិកម្មទំនើបដ៏ធំមួយ ដើម្បីធ្វើយ៉ាងណា «ដាំហើយលក់ចេញឲ្យបានធូរថ្លៃជាងមុន គុណភាពអាចទទួលយកបាន និងបរិមាណផ្គត់ផ្គង់មានស្ថេរភាព កុំឲ្យដាច់ ម្តងមានម្តងអត់»។

លោក ឃឹម ហ្វីណង់ លើកឡើងថា អ្នកស្អាងនៅឃុំកោះខ្សាច់ទន្លា គឺជាគោលដៅសំខាន់ជាងគេមួយ ដើម្បីដើរតួនាទីនេះ ព្រោះជាតំបន់សម្បូរដាំបន្លែស្រាប់ និងស្ថិតនៅកៀកនឹងទីក្រុងភ្នំពេញ។

លោកថា ធ្វើបែបនេះបាន វានឹងក្លាយទៅជារបាំងនាំចូលយ៉ាងពិតប្រាកដ ការពារទាំងអ្នកដាំ និងអ្នកបរិភោគ ហើយអ្នកចង់គាំទ្រកសិផលក្នុងស្រុកក៏អាចជួយគាំទ្របាន ដោយមិនចាំបាច់ចំណាយខ្ពស់ជាងមុន ជាពិសេសដឹងពីប្រភពដាំច្បាស់លាស់ ជៀសវាងការលួចកេងបន្លំនានា។

កាលពីឆ្នាំ ២០២២ នៅទូទាំងប្រទេសកម្ពុជា បាន​ផលិតដំណាំ​បន្លែ​មាន​ចំនួន ២ ៤៨៩ ​តោន ក្នុង​ ១​ថ្ងៃ ស្មើនឹង​ ៧៣ភាគរយ។ ចំណែក​តម្រូវការ​បន្លែ​សរុប​ក្នុងស្រុក​មាន​ចំនួន ៣ ៣៨៩​ តោន ក្នុង​ ១​ថ្ងៃ ដែល​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ត្រូវ​នាំចូល​បន្លែ​ពី​ក្រៅប្រទេស​ចំនួន ៩០០​ តោន ក្នុង ១ថ្ងៃ ស្មើនឹង​ ២៧ភាគរយ៕

អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គម