រដ្ឋមន្ត្រីការពារជាតិអាមេរិក នឹងជំរុញអ្នកវិនិយោគរបស់ខ្លួន មកវិនិយោគនៅកម្ពុជាឲ្យបានច្រើនបន្ថែមទៀត ដើម្បីធ្វើឲ្យទំនាក់ទំនងប្រទេសទាំងពីរ កាន់តែល្អប្រសើរឡើង។ ការបង្ហាញបំណងនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឲ្យលោក Lloyd James Austin រដ្ឋមន្ត្រីការពារជាតិអាមេរិក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ កាលពីព្រឹកថ្ងៃទី ៤ ខែមិថុនានេះ។
ក្នុងជំនួបនេះ លោក Lloyd James Austin បានបញ្ជាក់ថា អាមេរិកនឹងធ្វើការជាមួយសម្ដេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ បានប្រសើរឡើងវិញ។ លោកថា នេះជាឱកាសដែលប្រទេសកម្ពុជា-អាមេរិក អាចធ្វើការកែប្រែដើម្បីសម្រួលឥរិយាបថ ធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងប្រទេសទាំងពីរ។
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានឯកភាពចំពោះគោលបំណងរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិក ក្នុងការខិតខំពង្រីកនូវទំនាក់ទំនងល្អឲ្យប្រសើរឡើងវិញ ដោយកន្លងមកសម្ដេចបានចាត់ទុកថា ទំនាក់ទំនងកម្ពុជា-អាមេរិក មិនអាក្រក់ពេកនោះទេ។ សម្តេចព្រឹទ្ធសភា បានចាត់ទុកថា កន្លងមក ភាគីទាំងពីរខ្វះការជឿទុកចិត្តគ្នាទៅវិញទៅមក ដូច្នេះត្រូវរកវិធីខិតខំកសាងជំនឿទុកចិត្តគ្នា ឲ្យបានច្រើន។
ក្នុងជំនួបនេះដែរ លោក Lloyd James Austin រដ្ឋមន្ត្រីការពារជាតិអាមេរិក ក៏បានបង្ហាញពីបំណងជំរុញវិស័យសេដ្ឋកិច្ច និងអ្នកវិនិយោគអាមេរិកមកកម្ពុជា ឲ្យបានច្រើនថែមទៀត។ ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែមថា ពេលដែលទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មមានការកើនឡើង នោះនឹងគាំទ្រដល់វិស័យនយោបាយអោយរឹងមាំ ផងដែរ។
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ក៏បានបង្ហាញក្ដីសង្ឃឹមថា លោក Lloyd James Austin រដ្ឋមន្ត្រីការពារជាតិអាមេរិក នឹងជំរុញឲ្យអ្នកវិនិយោគអាមេរិក មកកម្ពុជាច្រើនថែមទៀត៕
អត្ថបទ៖ វីរៈ រូបភាព៖ ក្រុមព័ត៌មានសម្ដេចតេជោ