រាជរដ្ឋាភិបាលកំណត់អាទិភាពសំខាន់ៗដើម្បីធានាការសម្រេចនូវទស្សនវិស័យម៉ាក្រូសេដ្ឋកិច្ចរយៈពេលមធ្យម

រាជរដ្ឋាភិបាលកំណត់អាទិភាពសំខាន់ៗដើម្បីធានាការសម្រេចនូវទស្សនវិស័យម៉ាក្រូសេដ្ឋកិច្ចរយៈពេលមធ្យម

រាជរដ្ឋាភិបាលបានកំណត់អាទិភាពគោលនយោបាយសំខាន់ជាច្រើនដើម្បីធានាការសម្រេចបាននូវទស្សនវិស័យម៉ាក្រូសេដ្ឋកិច្ចរយៈពេលមធ្យម ស្របតាមទិសដៅគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ដែលត្រូវបានដាក់ចេញក្នុង “យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១” និង “កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ សម្រាប់ការកសាងនិងការការពារមាតុភូមិឆ្នាំ២០២៣-២០២៨”និង “ក្របខណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យមឆ្នាំ២០២៥-២០២៧”។

យោងតាមការដកស្រង់ចេញពីសារាចរស្តីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២៥-២០២៧ និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ រាជរដ្ឋាភិបាលបានកំណត់អាទិភាពគោលនយោបាយសំខាន់ៗ ដូចខាងក្រោម៖

-បន្តការពារសន្តិភាព ស្ថិរភាពនយោបាយ សមិទ្ធិផលសង្គម និងជំរុញការដោះស្រាយបញ្ហាគ្រោះអាសន្ននានាក្នុងសង្គមដើម្បីរក្សាសុវត្ថិភាពនិងសុខដុមរមនាប្រជាជន។
-បន្តថែរក្សាសមិទ្ធផលគោលនយោបាយការបរទេសដោយបន្តអនុវត្តនយោបាយឯករាជ្យនិងកិច្ចសហប្រតិតប្តិការក្នុងតំបន់និងពិភពលោក។
-បន្តធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈនិងគាំទ្រដល់វិស័យគន្លឹះដែលមានស្រាប់ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចក្នុងរយៈពេលមធ្យមប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់។
-ជំរុញការអភិវឌ្ឍមូលធនមនុស្សតាមររយៈការលើកម្ពស់គុណភាពអប់រំនិងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសគ្រប់កម្រិត ដើម្បីគាំទ្រដល់ផលិតកម្មដែលមានតម្លៃបន្ថែមខ្ពស់។

-លើកម្ពស់ភាពជាពលរដ្ឋក្នុងសង្គម លើកកម្ពស់វប្បធម៍និងសុខុមាលភាពប្រជាជនសម្រាប់ការត្រៀមខ្លួនជាប្រជាជននៃប្រទេសចំណូលមធ្យមកម្រិតខ្ពស់។
-បន្តជំរុញពិពិធកម្មសេដ្ឋកិច្ចនិងជំរុញកំណើនសេដ្ឋកិច្ចតាមរយៈការអភិវឌ្ឍវិស័យដែលជាប្រភពថ្មីនៃកំណើន គាំទ្រដល់បរិយាកាសប្រកួតប្រជែង និងការអនុវត្តយន្តការហិរញ្ញប្បទាន និងផលិតផលហិរញ្ញវត្ថុសម្រាប់គាំទ្រដល់ការវិនិយោគដែលបង្កើនតម្លៃបន្ថែមខ្ពស់។
-កសាងជាជំហានៗឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលតាមរយៈការពង្រឹងប្រព័ន្ធសុខាភិបាលជារួម ដើម្បីលើកម្ពស់សុខុមាលភាពសង្គមនិងកសាង និងកសាងភាពធន់នៃសង្គមកម្ពុជា និងបន្តអភិវឌ្ឍប្រព័ន្ធប្រព័ន្ធស្បៀងដែលផ្តល់សន្តិសុខស្បៀងនិងអាហារូបត្ថម្ភ សម្រាប់ប្រជាជនគ្រប់រូប។
-បន្តជំរុញការអភិវឌ្ឍហេដ្ឋារចនាសម័្ពន្ធរូបវ័ន្តគ្រប់ប្រភេទ ទាំងរឹងនិងទន់ ដើម្បីបង្កើនផលិតភាពលើកកម្ពស់ភាពប្រកួតប្រជែង និងជំរុញពិពិធកម្ម។
-បន្តជំរុញការធ្វើបរិវត្តកម្មឌីជីថល ដោយវិនិយោគលើហេដ្ឋារចនាសម័្ពន្ធឌីជីថល និងការអភិវឌ្ឍបៃតងដើម្បីកសាងរដ្ឋាភិបាល និងពលរដ្ឋឌីជីថលប្រកបដោយចីរភាព។
-បន្តជំរុញការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កម្មវិធីកែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងកម្មវិធីកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៍។
-បន្តលើកស្ទួយវិស័យឯកជន ដោយគាំទ្រការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម សេដ្ឋកិច្ចក្រៅប្រព័ន្ធដោយមានការបង្កើតបរិយាកាសល្អប្រសើរ តាមរយៈការពង្រឹងការអនុវត្តច្បាប់វិនិយោគថ្មី ការដាក់ចេញវិធានការលើកទឹកចិត្តជាក់លាក់ និងការកែលម្អបរិយាកាសធុរកិច្ចជាមួយនឹងភាពប្រកួតប្រជែងនិងសមភាព៕

អត្ថបទ៖ នារតី រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី