លោក ប៉េង ពោធិ៍នា ឲ្យក្រុមហ៊ុន Royal Railway យកចិត្តទុកដាក់សុវត្ថិភាព និងផាសុកភាពអ្នកដំណើរពេលដំណើរការទូរថភ្លើងបញ្ជាទិញពីជប៉ុន

លោក ប៉េង ពោធិ៍នា ឲ្យក្រុមហ៊ុន Royal Railway យកចិត្តទុកដាក់សុវត្ថិភាព និងផាសុកភាពអ្នកដំណើរពេលដំណើរការទូរថភ្លើងបញ្ជាទិញពីជប៉ុន

លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានផ្ដល់អនុសាសន៍ឲ្យក្រុមហ៊ុន Royal Railway Cambodia ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការធានានូវសុវត្ថិភាព និងផាសុកភាពរបស់អ្នកដំណើរ នៅពេលដែលទូរថភ្លើងបញ្ជាទិញពីប្រទេសជប៉ុន ដាក់ឲ្យដំណើរការ។

តាមដានជាមួយយើង៖ Million Times

ការផ្ដល់អនុសាសន៍នេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយគណៈប្រតិភូក្រុមហ៊ុន Royal Railway Cambodia (RRC) ដឹកនាំដោយលោក John Guiry នាយកប្រតិបត្តិក្រុមហ៊ុន កាលពីព្រឹកថ្ងៃទី ២៩ ខែឧសភានេះ។

នៅក្នុងជំនួបនេះ ត្រូវបានរៀបចំឡើងដើម្បីផ្តល់ឱកាសឲ្យក្រុមហ៊ុន RRC ធ្វើបទបង្ហាញអំពីទិដ្ឋភាពទូទៅ និងស្ថានភាពបច្ចុប្បន្ន និងលក្ខណៈបច្ចេកទេសរបស់ទូរថភ្លើង។ បន្ទាប់ពីបានស្តាប់ការធ្វើបទបង្ហាញរបស់ក្រុមហ៊ុន RRC លោករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ឲ្យក្រុមហ៊ុន ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការធានានូវសុវត្ថិភាព និងផាសុកភាពរបស់អ្នកដំណើរ នៅពេលដែលទូរថភ្លើងដាក់ឲ្យដំណើរការ។

លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើការលើកកម្ពស់សុវត្ថិភាព នៃដំណើរប្រតិបត្តិការប្រចាំថ្ងៃរបស់ក្រុមហ៊ុន ទាំងការផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងដល់សាធារណជន ការបណ្តុះបណ្តាលអ្នកបើកបរ ការបំពាក់ផ្លាកសញ្ញា និងរបារសុវត្ថិភាព ជាពិសេសនៅត្រង់ចំណុចប្រសព្វជាមួយផ្លូវថ្នល់ និងតំបន់ទីប្រជុំជនដែលមានចរាចរណ៍មមាញឹក ដើម្បីទប់ស្កាត់គ្រោះថ្នាក់ ដែលអាចកើតមានជាយថាហេតុឲ្យអស់ពីលទ្ធភាព និងសមត្ថភាពដែលអាចធ្វើបាន។

ក្រុមហ៊ុន Royal Railway Cambodia របស់អ្នកឧកញ៉ា គិត ម៉េង បានទិញក្បាលម៉ាស៊ីនរថភ្លើង​ល្បឿនលឿន​ចំនួន ១១​គ្រឿងពីប្រទេសជប៉ុន ​ហើយបានដឹកមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៤កន្លងទៅនេះ។ ទូរថភ្លើងដែលបានបញ្ជាទិញពីប្រទេសជប៉ុនទាំង ១១គ្រឿងនេះ ជាប្រភេទ Kiha 182-183 ហើយបើតាមក្រុមហ៊ុន ទូរថភ្លើងទាំងនោះ ត្រូវបានឲ្យដំណើរការនាពេលឆាប់ៗ ខាងមុខនេះ៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រុមហ៊ុន Royal Railway Cambodia​