ផ្លូវក្រវាត់ក្រុងទី ៣ តភ្ជាប់ពីផ្លូវជាតិលេខ ១ ទៅផ្លូវជាតិលេខ ៤ ត្រូវបានប្រសិទ្ធនាមជា «មហាវិថី ស៊ី ជីនពីង»

ផ្លូវក្រវាត់ក្រុងទី ៣ តភ្ជាប់ពីផ្លូវជាតិលេខ ១ ទៅផ្លូវជាតិលេខ ៤ ត្រូវបានប្រសិទ្ធនាមជា «មហាវិថី ស៊ី ជីនពីង»

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា កាលពីរសៀល បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ​ជានិមិត្តរូប ប្រសិទ្ធនាមកំណាត់ផ្លូវខ្សែក្រវាត់ក្រុងទី ៣ ជា «មហាវិថី ស៊ី ជីនពីង»។

តាមដានជាមួយយើង៖ Million Times

តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា មិត្តចិនបានឯកភាពក្នុងការប្រសិទ្ធនាម «ផ្លូវក្រវាត់ក្រុងទី ៣» ដែលតភ្ជាប់ពីផ្លូវជាតិលេខ ១ ទៅផ្លូវជាតិលេខ ៤ ជា «មហាវិថី ស៊ី ជីនពីង»។ ការប្រសិទ្ធនាម «ផ្លូវក្រវាត់ក្រុងទី ៣» មានអត្ថន័យធំធេង សម្រាប់ចំណងមិត្តភាពដែកថែបកម្ពុជា-ចិន។

តាមរយៈបណ្ដាញសង្គមតេលេក្រាមរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា «មហាវិថី ស៊ី ជីនពីង» (ផ្លូវជាតិលេខ ៤ -ផ្លូវជាតិលេខ ១) មានប្រវែងសរុបជិត ៥៣គីឡូម៉ែត្រ ចាប់ផ្តើមពីផ្លូវជាតិលេខ ៤ ត្រង់ចំណុចគីឡូ​ម៉ែត្រលេខ ១៤+១០៥ ស្ថិតក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ភ្ជាប់ទៅកាន់ផ្លូវទំនប់កប់ស្រូវ ផ្លូវជាតិលេខ ៥ ស្ពានឈ្នះឈ្នះ មហាវិថីឈ្នះឈ្នះ និងផ្លូវជាតិលេខ ៦។

មហាវិថីនេះ នឹងប្រែក្លាយទៅជាផ្លូវក្រវាត់ក្រុងដ៏ធំ និងទំនើបថ្មីមួយសម្រាប់បម្រើឲ្យវិស័យដឹកជញ្ជូន រវាងរាជធានីភ្នំពេញ តភ្ជាប់ទៅកាន់ផ្លូវជាតិលេខ ៦ លេខ ៥ លេខ ៤ លេខ ៣ លេខ ២ និងផ្លូវជាតិលេខ ២១ ដោយឆ្លងកាត់ទន្លេបាសាក់ និងកោះអន្លង់ចិន មកបញ្ចប់ត្រឹមផ្លូវជាតិលេខ ១ ត្រង់ចំណុចគីឡូម៉ែត្រលេខ ២៤+៨៤០ ស្ថិតក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ទំនាក់ទំនងកម្ពុជា-ចិន ជាទំនាក់ទំនងប្រវត្តិសាស្ត្រយូរអង្វែង និងបានរីកចម្រើនរហូតដល់កម្រិតមួយ ដែលមិនអាចបំបែកបាន។ ទំនាក់ទំនងនេះ ស័ក្តិសមនឹងគុណតម្លៃនៃការជឿទុកចិត្តគ្នា ជាពិសេសទំនុកចិត្តខាងនយោបាយ។ ជំនួយរបស់ប្រទេសចិនដល់ប្រទេសកម្ពុជា មិនត្រឹមតែជួយអភិវឌុ្ឍន៍សង្គម-សេដ្ឋកិច្ចប៉ុណ្ណោះទេ តែថែមទាំងជួយពង្រឹងឯករាជ្យភាព ខាងនយោបាយរបស់កម្ពុជាទៀតផង។

ក្នុងនោះ កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវបានរួមចំណែកយ៉ាងច្រើនដល់ការអភិវឌ្ឍសេដ្ចកិច្ច-សង្គមកម្ពុជា ហើយគិតមកដល់បច្ចុប្បន្ននេះ គម្រោងធំៗត្រូវបានបង្កើតឡើងរួមមានតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ក៏នឹងលេចរូបរាងឡើងក្នុងពេលអនាគត។ រហូតមកដល់ពេលនេះ មិត្តចិនបានជួយសាងសង់ផ្លូវប្រវែងជិត ៤ ០០០គីឡូម៉ែត្រ នៅកម្ពុជា៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រុមការងារសម្ដេចធិបតី