កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងទុកថាស្ថិតក្នុងអត្រា ៦,៣ % ក្នុងឆ្នាំ ២០២៥

តាមការដកស្រង់ពីសារាចរស្តីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិការឆ្នាំ ២០២៥-២០២៧ និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៥ បានបញ្ជាក់ថា កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថាស្ថិតក្នុងអត្រា ៦,៣% ក្នុងឆ្នាំ ២០២៥ និងជាមធ្យម ៦,៦ % សម្រាប់ឆ្នាំ ២០២៦-២០២៧។

ក្នុងនោះវិស័យឧស្សាហកម្មត្រូវបានព្យាករថា មានកំណើនល្អប្រសើរក្នុងអត្រា ៨,៦ % ក្នុងឆ្នាំ២០២៥ និងក្នុងរង្វង់អត្រា ៩,០ % សម្រាប់រយៈពេលមធ្យម ២០២៦-២០២៧ ដែលគាំទ្រដោយអនុវិស័យកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ ខណៈដែលអនុវិស័យសំណង់នៅបន្តមានកំណើនទាបជាងនិន្នាការធម្មតា (មុនវិបត្តិជំងឺកូវីដ១៩)។

វិស័យសេវាកម្ម ត្រូវបានគេព្យាករថានឹងមានកំណើនក្នុងអត្រាប្រមាណ ៥,៦ % ក្នុងឆ្នាំ ២០២៥ និងប្រមាណ ៥,៧ % សម្រាប់រយៈពេលមធ្យម ២០២៦- ២០២៧ ដោយសារការបន្តរក្សាបានចលនការនៃអនុវិស័យ​បដិសណ្ឋារកិច្ច និងសេវាកម្មម្ហូបអាហារ សេវាកម្មទេសចរណ៍គាំទ្រផ្សេងទៀត ខណៈដែលអនុវិស័យអចលនទ្រព្យនៅបន្តមានកំណើនទាប។

វិស័យកសិកម្ម ត្រូវបានព្យាករថានឹងមានកំណើន ១,១ % ក្នុងឆ្នាំ ២០២៥ និង ១, ៣% សម្រាប់២០២៦-២០២៧ ដោយសារការរំពឹងទុកនូវកំណើនល្អប្រសើរនៃអនុវិស័យដំណាំនិងចិញ្ចឹមសត្វ និងការងើបសន្សឹមៗនៃអនុវិស័យនេសាទ។

ជារួមសេដ្ឋកិច្ចកម្ពុជាដែលមានទំហំតូចហើយបើកចំហរ និងមានការផ្សារភ្ជាប់កាន់តែខ្លាំងជាមួយច្រវាក់ផលិតកម្មក្នុងតំបន់និងពិភពលោក ៕

អត្ថបទ៖ នារតី រូបភាព៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ