រដ្ឋមន្ត្រីការបរទេសចិន សន្យាលើកទឹកចិត្តក្រុមហ៊ុន និងសហគ្រាសចិន ឲ្យបន្តវិនិយោគនៅកម្ពុជាបន្ថែមទៀត

រដ្ឋមន្ត្រីការបរទេសចិន សន្យាលើកទឹកចិត្តក្រុមហ៊ុន និងសហគ្រាសចិន ឲ្យបន្តវិនិយោគនៅកម្ពុជាបន្ថែមទៀត

នៅចំពោះមុខប្រមុខការទូតកម្ពុជា, លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន បានសន្យាលើកទឹកចិត្តក្រុមហ៊ុន និងសហគ្រាសចិន ឲ្យបន្តវិនិយោគនៅកម្ពុជាបន្ថែមទៀត។ ការសន្យានេះ ស្របពេលដែលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា កំពុងបំពេញទស្សនកិច្ចនៅប្រទេសចិន តបតាមការអញ្ជើញរបស់លោក វ៉ាង យី​ រដ្ឋមន្ត្រីការបរទេសចិន។

តាមដានជាមួយយើង៖ Million Times

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសទាំងពីរ បានសម្តែងការពេញចិត្ត ចំពោះលទ្ធផលនៃកិច្ចប្រជុំលើកទី ៧ គណកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន កាលពីខែមេសាកន្លងទៅ ក៏ដូចជាវឌ្ឍនភាពដែលការអនុវត្តកុងសង់ស៊ីស របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ជាពិសេសការបង្កើតច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា” និង “ច្រករបៀងមច្ឆា និងអង្គរ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ថាមពលស្អាតការអភិវឌ្ឍផ្លូវដែក និងការជំរុញកំណើនពាណិជ្ជកម្មតាម រយៈការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន។

ក្នុងគោលបំណងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឲ្យកាន់តែច្រើន លោក វ៉ាង យី ស្វាគមន៍សំណើរបស់លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ឲ្យភាគីចិនសិក្សាលទ្ធភាពពង្រីក ឬបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីបន្ថែមទៀតនៅកម្ពុជា និងផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈសំដៅ បង្កើនចំនួនកម្លាំងពលកម្មជំនាញនៅកម្ពុជា និងបញ្ជាក់ពីការបន្តគាំទ្រគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធំៗ នៅកម្ពុជា រួមមាន៖ ផ្នែកដឹកជញ្ជូន ឡូជីស្ទិក ប្រព័ន្ធស្រោយស្រព និងប្រព័ន្ធធារាស្ត្រ រួមទាំងគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ ដែលមានសារសំខាន់ជាយុទ្ធសាស្ត្រ ដោយចិនមានបទពិសោធន៍ជោគជ័យជាយូរមកហើយ លើវិស័យទាំងនេះ។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសដដែល លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន ក៏បានសន្យាលើកទឹកចិត្តក្រុមហ៊ុន និងសហគ្រាសចិន ឲ្យធ្វើការវិនិយោគនៅកម្ពុជា និងពង្រីកការនាំចូលផលិតផលកសិកម្មពីកម្ពុជា ថែមទៀត។ ភាគីទាំងពីរ ក៏បានឯកភាពផងដែរក្នុងការជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យសំខាន់ៗ និង មានសក្តានុពលដូចជា៖ អប់រំ ទេសចរណ៍ កសិកម្មទំនើប ការតភ្ជាប់ សេដ្ឋកិច្ចឌីជីថល និងបញ្ញាសិប្បនិម្មិត៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងការបរទេស