រាជរដ្ឋាភិបាលកម្ពុជាស្នើសុំឱ្យរដ្ឋាភិបាលកូរ៉េខាងត្បូងពិចារណាកាត់បន្ថយពន្ធនាំចូលផលិតផលកសិកម្ម ពិសេសផ្លែស្វាយ ស្របពេលការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកូរ៉េ-កម្ពុជា និង ការដំឡើងកម្រិតទំនាក់ទំនងទៅជា “ភាពជាដៃគូយុទ្ធសាស្រ្ត” នឹងកាន់តែរួមចំណែកជំរុញទំនាក់ទំនងទ្វេភាគី និងការធ្វើពាណិជ្ជកម្ម និងវិនិយោគបន្ថែមទៀត។
ការស្នើរបស់រាជរដ្ឋាភិបាលកម្ពុជាធ្វើឡើងក្នុងជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងប្រធានរដ្ឋសភាកូរ៉េខាងត្បូង ក្នុងឱកាសបំពេញទស្សនកិច្ចនាពេលថ្មីៗកន្លងទៅនៅទីក្រុងសេអ៊ូល។
ក្នុងជំនួបនាពេលនោះពាក់ព័ន្ធនឹងវិស័យកសិកម្ម សម្ដេច ហ៊ុន ម៉ាណែត បានប្រាប់ប្រធានរដ្ឋសភាកូរ៉េថា តាមរយៈកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជា-កូរ៉េ កម្ពុជាបាននាំចេញផ្លែស្វាយពិសេសមួយប្រភេទទៅប្រទេសកូរ៉េ ហើយសម្ដេចបានស្នើសុំឱ្យភាគីកូរ៉េពិចារណាកាត់បន្ថយអត្រាពន្ធនាំចូល ដែលការណ៍នេះនឹងជំរុញឱ្យការនាំចូលស្វាយ និងផលិតផលកសិកម្មផ្សេងៗទៀតពីកម្ពុជា មកកូរ៉េកាន់តែល្អប្រសើរឡើង។
សូមជម្រាបថា អំឡុងពេលបំពេញទស្សនកិច្ចនៅសេអ៊ូល ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏បានរំលេចនូវគំនិតផ្តួចផ្តើមចំនួនពីរសម្រាប់វិនិយោគិនកូរ៉េដែលរួមមាន៖ (១) ការបង្កើតយន្តការពិគ្រោះយោបល់ទៀងទាត់រវាងសមាគមធុរកិច្ចកូរ៉េនៅកម្ពុជា និងភ្នាក់ងាររាជរដ្ឋាភិបាល និង (២) ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសសម្រាប់ក្រុមហ៊ុនវិនិយោគកូរ៉េ តាមរយៈនៃការបង្កើតបរិស្ថានធុរកិច្ចអំណោយផល ពិសេស និងដោយឡែក សម្រាប់ការវិនិយោគរបស់ក្រុមហ៊ុនកូរ៉េដែលធ្វើអាជីវកម្មនៅកម្ពុជា។
គួរឲ្យដឹងថា ក្នុងឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មទ្វេភាគីរបស់កម្ពុជា-កូរ៉េ មានទំហំសរុបប្រមាណ ៧៥១លានដុល្លារ ឈរលើលេខរៀងទី១១ ខណៈដែលការវិនិយោគរបស់កូរ៉េនៅកម្ពុជា ក្នុងទំហំទឹកប្រាក់សរុបជាង ៥ពាន់លានដុល្លារ ក្នុងនោះមានប្រមាណ ៣០លានដុល្លារក្នុងឆ្នាំ២០២៣ដដែល ដោយឈរលើលេខរៀងទី៩៕
អត្ថបទ៖ ផល កុសល រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី