ជប៉ុនយល់ព្រមពន្លឿន គម្រោងលើកកម្ពស់កំពង់ផែក្រុងព្រះសីហនុឲ្យបញ្ចប់មុនផែនការកំណត់

លោក Saito TETSUO រដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន បានយល់ព្រមសំណើរក្នុងការពន្លឿនការអនុវត្តគម្រោងលើកកម្ពស់កំពង់ផែក្រុងព្រះសីហនុឱ្យបានទាន់ពេលវេលា តបតាមការស្នើររបស់លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

នាជំនួបពិភាក្សាការងារនៅថ្ងៃទី២៣ ខែឧសភានេះ ក្នុងឱកាសចូលរួមសន្និសីទអន្តរជាតិលើកទី២៩ ស្ដីពី “អនាគតរបស់អាស៊ី” នៅប្រទេសជប៉ុន លោកឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃចំពោះរដ្ឋាភិបាលជប៉ុនដែលតែងតែចូលរួមយ៉ាងសកម្មក្នុងការកសាងសង្គមសេដ្ឋកិច្ចកម្ពុជា និងការចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា។

តាមដានជាមួយយើង៖ Million Times

ជាមួយគ្នានេះ លោក ស៊ុន ចាន់ថុល ក៏ស្នើឲ្យភាគីជប៉ុនជំរុញគម្រោងការសិក្សាធ្វើឱ្យកំពង់ផែក្រុងព្រះសីហនុក្លាយជាកំពង់ផែតំបន់ និងមជ្ឈមណ្ឌលឡូជីស្ទីកនៅឆ្នាំ២០៥០ ដើម្បីជំរុញសន្ទុះកំណើនសេដ្ឋកិច្ចកម្ពុជា។

ជាការឆ្លើយតបលោក Saito TETSUO បានបង្ហាញនូវការតាំងចិត្តយ៉ាងមុតមាំនឹងជំរុញឱ្យភាគីពាក់ព័ន្ធ ពន្លឿនការអនុវត្តគម្រោងលើកកម្ពស់កំពង់ផែស្វយ័តក្រុងព្រះសីហនុនេះឱ្យបានកាន់តែឆាប់រហ័សដើម្បីធានាបានថាគម្រោងការនេះនឹងអាចបញ្ចប់តាមផែនការដែលបានគ្រោងទុក។

បន្ថែមពីនេះ លោកក៏បានបង្ហាញនូវការតាំងចិត្តថា នឹងស្នើឱ្យភាគីពាក់ព័ន្ធពិនិត្យលើសំណើគម្រោងសិក្សាផែនការមេធ្វើឱ្យកំពង់ផែក្រុងព្រះសីហនុក្លាយជាកំពង់ផែតំបន់ និងមជ្ឈមណ្ឌលឡូជីស្ទីកនៅឆ្នាំ២០៥០ ឱ្យបានកាន់តែឆាប់រហ័ស សំដៅអាចឱ្យការសិក្សាគម្រោងនេះអាចចាប់ផ្តើមនាពេលដ៏ខ្លីខាងមុខនេះ។

សូមបញ្ជាក់ថា គម្រោងបើកការដ្ឋានលើកកម្ពស់កំពង់ផែក្រុងព្រះសីហនុកំពុងស្ថិតក្នុងដំណាក់កាលទី២ ជំហានទី១នៅឡើយ ៕

អត្ថបទ៖ នារតី រូបភាព៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា