រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនជប៉ុន នឹងស្នើភាគីពាក់ព័ន្ធពិនិត្យលើគម្រោងសិក្សាផែនការមេ ធ្វើឲ្យកំពង់ផែក្រុងព្រះសីហនុ ក្លាយជាកំពង់ផែតំបន់

រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនជប៉ុន នឹងស្នើភាគីពាក់ព័ន្ធពិនិត្យលើគម្រោងសិក្សាផែនការមេ ធ្វើឲ្យកំពង់ផែក្រុងព្រះសីហនុ ក្លាយជាកំពង់ផែតំបន់

រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនជប៉ុន សន្យានៅចំពោះមុខមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាថា នឹងស្នើឲ្យភាគីពាក់ព័ន្ធពិនិត្យលើសំណើគម្រោងសិក្សាផែនការមេ ធ្វើឲ្យកំពង់ផែក្រុងព្រះសីហនុក្លាយជាកំពង់ផែតំបន់ និងមជ្ឈមណ្ឌលឡូជីស្ទីកនៅឆ្នាំ ២០៥០ ឲ្យបានកាន់តែឆាប់រហ័ស។

តាមដានជាមួយយើង៖ Million Times

ការសន្យានេះ គឺក្នុងពេលដែលលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី ១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Saito TETSUO រដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន កាលពីព្រឹកថ្ងៃទី ២៣ ខែឧសភានេះ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

នៅក្នុងជំនួបនេះ លោក ស៊ុន ចាន់ថុល បានថ្លែងអំណរគុណមិត្តជប៉ុន ដែលតែងតែចូលរួមយ៉ាងសកម្ម ក្នុងការកសាងសង្គមសេដ្ឋកិច្ចកម្ពុជា និងការចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងប្រទេសកម្ពុជា។ ជាក់ស្តែងនៅដើមអាណត្តិទី ៧នេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្ពោធ និងបើកការដ្ឋានដែលជាជំនួយរបស់មិត្តជប៉ុនជាបន្តបន្ទាប់ រួមមាន៖ ផ្លូវជាតិលេខ ៥ ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក និងគម្រោងបើកការដ្ឋានលើកកម្ពស់កំពង់ផែក្រុងព្រះសីហនុដំណាក់កាលទី ២ ជំហានទី ១។

នៅក្នុងជំនួបនេះដែរ លោកឧបនាយករដ្ឋមន្ត្រី ក៏បានសំណូមពរឲ្យភាគីជប៉ុន ជួយពន្លឿនការអនុវត្តគម្រោងលើកកម្ពស់កំពង់ផែក្រុងព្រះសីហនុ ឲ្យបានទាន់ពេលវេលា និងជំរុញគម្រោងការសិក្សាធ្វើឲ្យកំពង់ផែក្រុងព្រះសីហនុក្លាយជាកំពង់ផែតំបន់ និងមជ្ឈមណ្ឌលឡូជីស្ទីកនៅឆ្នាំ ២០៥០ ដើម្បីជំរុញសន្ទុះកំណើនសេដ្ឋកិច្ចកម្ពុជា។

ជាការឆ្លើយតប រដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន បានបង្ហាញនូវការតាំងចិត្តយ៉ាងមុតមាំ នឹងជំរុញឲ្យភាគីពាក់ព័ន្ធពន្លឿនការអនុវត្តគម្រោង លើកកម្ពស់កំពង់ផែស្វយ័តក្រុងព្រះសីហនុនេះឲ្យបានកាន់តែឆាប់រហ័ស ដើម្បីធានាបានថា គម្រោងការនេះ នឹងអាចបញ្ចប់តាមផែនការដែលបានគ្រោងទុក។

លោក Saito TETSUO ក៏បានបង្ហាញការតាំងចិត្តថា នឹងស្នើឲ្យភាគីពាក់ព័ន្ធពិនិត្យលើសំណើគម្រោងសិក្សាផែនការមេ ធ្វើឲ្យកំពង់ផែក្រុងព្រះសីហនុក្លាយជាកំពង់ផែតំបន់ និងមជ្ឈមណ្ឌលឡូជីស្ទីកនៅឆ្នាំ ២០៥០ ឲ្យបានកាន់តែឆាប់រហ័ស សំដៅអាចឲ្យការសិក្សាគម្រោងនេះ អាចចាប់ផ្តើមនាពេលដ៏ខ្លីខាងមុខនេះ៕

អត្ថបទ៖ វីរៈ រូបភាព៖ ហ្វេសប៊ុកលោក ស៊ុន ចាន់ថុល