កំណើនអត្រាការប្រាក់ ធ្វើឲ្យប្រាក់បញ្ញើនៅតាមបណ្ដាធនាគារកើនឡើង ១៣ភាគរយ ក្នុងឆ្នាំ ២០២៣

ធនាគារជាតិនៃកម្ពុជា (NBC) បានឲ្យដឹងថា ប្រាក់បញ្ញើនៅតាមបណ្ដាធនាគារនៅកម្ពុជា បានកើនឡើងខ្ពស់រហូតដល់ ១៣ភាគរយ ក្នុងឆ្នាំ ២០២៣ ដោយសារកំណើនអត្រាការប្រាក់។ នេះបើតាមការលើកឡើងរបស់លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា (NBC) នៅក្នុងរបាយការណ៍ ស្ថានភាពស្ថិរភាពហិរញ្ញវត្ថុឆ្នាំ ២០២៣ ដែលត្រូវបានបង្ហាញនៅថ្ងៃទី ២០ ខែឧសភានេះ។

របាយការណ៍ដដែល បានឲ្យដឹងបន្តថា ប្រព័ន្ធធនាគារកម្ពុជា បន្តមានភាពរឹងមាំ ទោះបីជាទទួលរងសម្ពាធពីកត្តាខាងក្រៅ ដោយទ្រព្យសកម្ម និងប្រាក់បញ្ញើរបស់ប្រព័ន្ធធនាគារ បានបន្តកើនឡើង។ ប៉ុន្ដែកំណើនទន់ខ្សោយនៃវិស័យមួយចំនួន និងការកើនឡើងនៃអត្រាការប្រាក់ បានបណ្តាលឲ្យតម្រូវការឥណទានថមថយ ទន្ទឹមនឹងការបង្កើនភាពប្រុងប្រយ័ត្នខ្ពស់របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងការផ្តល់ឥណទាន បានធ្វើឲ្យកំណើនឥណទានថយចុះ មកនៅអត្រាមួយខ្ទង់ជាលើកដំបូង ក្នុងរយៈពេលជាង ២ទសវត្សរ៍ចុងក្រោយ។

ប្រភពដដែល បានឲ្យដឹងបន្តថា ទោះយ៉ាងណាកំណើនអត្រាការប្រាក់ ក៏បានធ្វើឲ្យប្រាក់បញ្ញើកើនឡើងខ្ពស់រហូតដល់ ១៣ភាគរយ ក្នុងឆ្នាំ ២០២៣។ នៅក្នុងប្រព័ន្ធធនាគារបច្ចុប្បន្ន ទ្រព្យសកម្មរបស់ធនាគារពាណិជ្ជ មានចំនួនជាង ៩១ភាគរយ នៃទ្រព្យសកម្មសរុប បន្ទាប់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើដ៏ធំមួយ បានរួមបញ្ចូលគ្នាជាមួយគ្រឹះស្ថានធនាគារមួយកាលពីឆ្នាំមុន ដែលនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង របស់ធនាគារជាតិនៃកម្ពុជា ក្នុងការពង្រឹងភាពធន់របស់ប្រព័ន្ធធនាគារ។

របាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងទៀតថា ការថយចុះកំណើនឥណទាន គួបផ្សំនឹងការបញ្ចប់ការរៀបចំឥណទានឡើងវិញ បានបណ្តាលឲ្យអនុបាតឥណទាន មិនដំណើរការកើនឡើងលឿន តែបន្តស្ថិតក្នុងកម្រិតទាបនៅឡើយ។ ទោះយ៉ាងណា កំណើននេះតម្រូវឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបង្កើនការតាមដាន និងវាយតម្លៃជាប្រចាំ លើហានិភ័យមកលើស្ថិរភាពហិរញ្ញវត្ថុ។

ក្នុងនោះដែរ ការកើនឡើងនៃការធ្វើសំវិធានធន និងការចំណាយលើអត្រាការប្រាក់ បានធ្វើឲ្យប្រាក់ចំណេញ ក្នុងប្រព័ន្ធធនាគារថយចុះ។ ជារួមផ្អែកលើលទ្ធផលនៃការធ្វើស្ត្រេសតេស្ត ប្រព័ន្ធធនាគារកម្ពុជា រក្សាបានភាពធន់ ស្របពេលដែលអនុបាតសាធនភាព និងសន្ទនីយភាពបន្តស្ថិតក្នុងកម្រិតខ្ពស់ បើទោះបីជាមានភាពខុសគ្នាខ្លះ នៅកម្រិតគ្រឹះស្ថានក៏ដោយ៕

អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គម