៥ខែកម្ពុជាអនុម័តគម្រោងវិនិយោគថ្មីមានទុនជាង ២ពាន់លានដុល្លារ បង្កើតការងារជាង ១៤ម៉ឺននាក់

៥ខែកម្ពុជាអនុម័តគម្រោងវិនិយោគថ្មីមានទុនជាង ២ពាន់លានដុល្លារ បង្កើតការងារជាង ១៤ម៉ឺននាក់

ក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូន សហគមន៍ខ្មែររស់នៅកូរ៉េ នារសៀលថ្ងៃទី១៨ ខែឧសភានេះ នាទីក្រុងសេអ៊ូល សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ពីការទាក់ទាញបានក្រុមហ៊ុនថ្មីៗជាច្រើនមកបណ្តាក់ទុននៅប្រទេសកម្ពុជានារយៈពេល៥ខែឆ្នាំ២០២៤ ទាំងការវិនិយោគ និងការកម្សាន្ត បើគេមិនស្រឡាញ់ខ្មែរ គឺមិនមកខ្មែរនោះឡើយ។

បើតាមការបញ្ជាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅរយៈពេល៥ខែឆ្នាំ២០២៤នេះ មានគម្រោងវិនិយោគប្រមាណ ១៤៧គម្រោង ត្រូវបានអនុម័ត ដែលមានទុនសរុប ២,៧០០លានដុល្លារ ហើយបង្កើតការងារបានជាង ១៤ម៉ឺននាក់។

តាមដានជាមួយយើង៖ Million Times

នាពេលថ្មីៗនេះ សម្តេច ហ៊ុន ម៉ាណែត ធ្លាប់បានបញ្ជាក់ថា អភិក្រមនៃការវិនិយោគរបស់កម្ពុជា គឺប្រើអភិក្រមចំនួន២ រក្សាចាស់ ពង្រីកថ្មី ដោយទន្ទឹមនឹងការទាក់ទាញវិនិយោគថ្មីមកវិនិយោគកម្ពុជា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ ធ្វើសកម្មភាពដើម្បីលើកស្ទួយ បង្កលក្ខណៈងាយស្រួល ឱ្យវិនិយោគដែលមានស្រាប់ មានលទ្ធភាពបន្តជោគជ័យ និងពង្រីកលទ្ធភាពរបស់ខ្លួនថែមទៀត ដូចជាពាក្យខ្មែរតែពោលថា «រក្សាចាប៥ក្នុងដៃ ប្រសើរជាងចាប ២០នៅក្នុងព្រៃ និងយកលលកធ្នាក់ ទាក់លលកព្រៃ»

សម្តេចនាយករដ្ឋមន្ត្រីថ្លែងថា ៖«នេះហើយជាអ្វីដែលយើងបានខិតខំរួមគ្នា ដើម្បីផ្សព្វផ្សាយកម្ពុជាយើង រួមគ្នាដើម្បីបង្កើតនូវការទុកចិត្តពីអ្នកវិនិយោគ ទាំងអ្នកវិនិយោគដែលនៅស្រាប់ និងទាំងវិនិយោគដែលមកថ្មី ហើយនេះក៏ជាសមិទ្ធផលក្នុងរយៈពេល ៨ខែដែលរាជរដ្ឋាភិបាលបានដាក់ចេញ គឺលទ្ធផលនៅលើដីជាក់ស្តែង ជូនប្រជាពលរដ្ឋរបស់យើង»

អត្ថបទ៖ ផល កុសល រូបភាព៖ ក្រុមការងារព័ត៌មានសម្តេចនាយករដ្ឋមន្រ្តី