ក្នុងនាមម្ចាស់ផ្ទះ កម្ពុជាសម្រេចបាន៧ចំណុចធំៗនៃកិច្ចប្រជុំសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក

ក្នុងនាមម្ចាស់ផ្ទះ កម្ពុជាសម្រេចបាន៧ចំណុចធំៗនៃកិច្ចប្រជុំសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក

កិច្ចប្រជុំប្រចាំឆ្នាំលើក​ទី៤៧ របស់សមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលមានគណៈប្រតិភូជាង៤០០នាក់តំណាងឲ្យគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ (DFIs) ចំនួន១១១ មកពីប្រទេស៣០នៅតំបន់អាស៊ីប៉ាស៊ីហ្វិក បានបិទបញ្ជប់ដោយសម្រេចនូវលទ្ធផលសំខាន់ៗជាច្រើនក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ។

កិច្ចប្រជុំប្រចាំឆ្នាំលើក​ទី៤៧ នៅរាជធានីភ្នំពេញនាពេលនេះ ក្រោមប្រធានបទ “តួនាទីរបស់គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព៖ ដំណើរឆ្ពោះទៅអនាគតប្រកបដោយភាពធន់និងអាកាសធាតុនិងនិរន្តរភាព” បានសម្រេចលទ្ធផលដល់ទៅ ៧ចំណុចធំៗ។

លទ្ធផលដែលសម្រេចបាននៅក្នុងកិច្ចប្រជុំរួមមាន៖ * 

១. លើកកម្ពស់កិច្ចសហការជាសកលក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍, អ្នករៀបចំគោលនយោបាយ និងភាគីពាក់ព័ន្ធនានា ដើម្បីដោះស្រាយបញ្ហាបន្ទាន់ដែលកំពុងប្រឈម ក្នុងកិច្ចខិតខំប្រឹងប្រែងសំដៅសម្រេចឱ្យបានអនាគតប្រកបដោយនិរន្តរភាព។ កិច្ចសហការនេះមានគោលដៅជំរុញរិះរកនូវដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដើម្បីកសាងនូវអនាគតមួយប្រកបដោយភាពធន់នឹងការប្រែប្រួលអាកាសធាតុ។

២. យុទ្ធសាស្រ្តវិនិយោគប្រកបដោយនិរន្តរភាព ដោយសង្កត់ធ្ងន់លើការគិតគូរអំពីបរិស្ថាន សង្គម និងអភិបាលកិច្ច (Environmental, Social, and Governance — ESG) ក្នុងការធ្វើសេចក្តីសម្រេចចិត្តវិនិយោគ។ ៣. ភាពធន់ និងការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ៖ កិច្ចប្រជុំនេះបានគូសបញ្ជាក់អំពីសារៈសំខាន់នៃភាពធន់ និងការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុក្នុងយុទ្ធសាស្រ្តហិរញ្ញវត្ថុ។

៤. គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍បានយល់ស្របដូចគ្នាថា បញ្ហាសន្តិសុខស្បៀងត្រូវបានផ្តល់អាទិភាពខ្ពស់ក្នុងការដោះស្រាយ និងជំរុញការផ្តល់ហិរញ្ញប្បទានបៃតង ដើម្បីកសាងអនាគតប្រកបដោយភាពធន់នឹងអាកាសធាតុ និងនិរន្តរភាព។ ៥. ឧបករណ៍ហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ រួមមាន៖ សញ្ញាបណ្ណបៃតង ការវិនិយោគដែលគិតគូរពីផលប៉ះពាល់ដល់បរិស្ថាន និងសង្គម និងយន្តការចែករំលែកហានិភ័យ ដើម្បីទាក់ទាញការវិនិយោគពីវិស័យឯកជន សំដៅសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយនិរន្តរភាព។

៦. ក្រុមប្រឹក្សាភិបាលនៃ ADFIAP បានលើកទឹកចិត្ត និងអំពាវនាវដល់បណ្តាប្រទេសអភិវឌ្ឍន៍ បង្កើននូវកញ្ចប់មូលនិធិបន្ថែមដល់ប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDCs) ក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ និងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ ៧. ការកសាងសមត្ថភាព និងការចែករំលែកចំណេះដឹងដែលជួយបំពាក់បំប៉នជំនាញចាំបាច់ដល់គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធនានា ដើម្បីគំាទ្រដល់ការអនុវត្តគម្រោងហិរញ្ញប្បទានប្រកបដោយនិរន្តរភាព។

លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម បានលើកឡើងថា៖ “លទ្ធផលនៃកិច្ចប្រជុំប្រចាំឆ្នាំ ADFIAP លើកទី៤៧នេះ ឆ្លុះបញ្ចាំងឲ្យឃើញពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការជម្រុញឲ្យមានការផ្លាស់ប្តូរជាវិជ្ជមាន និងការកសាងសេដ្ឋកិច្ចដែលមានភាពធន់នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។ យើងទាំងអស់គ្នាមានមោទភាពចំពោះស្មារតីនៃកិច្ចសហការនិងការផ្លាស់ប្តូរនូវបទពិសោធន៍ដោះស្រាយបញ្ហាប្រឈមប្រកបដោយនវានុវត្តន៍”។

អត្ថបទ៖ នារតី រូបភាព៖  ARDB BANK