កម្ពុជា-កូរ៉េ ចុះ ​MOU ស្ដីពី “កិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូត”

កម្ពុជា-កូរ៉េ ចុះ ​MOU ស្ដីពី “កិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូត”

កម្ពុជា-កូរ៉េខាងត្បូង បានចុះអនុស្សរណៈយោគយល់ (MOU) ស្ដីពី “កិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូត” ដើម្បីសម្រួលដល់សកម្មភាពពាណិជ្ជកម្ម លើកកម្ពស់ប្រតិបត្តិការទូទាត់ឆ្លងដែន ការផ្ទេរប្រាក់ និងការទូទាត់ប្រាក់ដោយប្រើរូបិយវត្ថុជាតិ ជាដើម។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងក្នុងវេទិកាធុរកិច្ចកម្ពុជា-កូរ៉េ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៤នេះ នាទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

តាមដានជាមួយយើង៖ Million Times

លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ទ្វេភាគីចំនួន ៣ ដាច់ដោយឡែកពីគ្នា ស្តីពី “កិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូត” នេះ។ អនុស្សរណៈទី ១ ធ្វើឡើងជាមួយធនាគារគូកមីន (Kookmin Bank Co., Ltd.) ទី ២ ជាមួយស្ថាប័ន JB Financial Group Co., Ltd. និងទី៣ជាមួយធនាគារអ៊ូរី (Woori Bank)។

ចំណែកក្រុមហ៊ុនក្រេឌីត ប្យូរ៉ូ (ខេមបូឌា) ក៏បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ត្រីភាគីជាមួយក្រុមហ៊ុនក្រេឌីត ប្យូរ៉ូ (កូរ៉េ) និងធនាគារ JEONBUK ស្តីពី “កិច្ចសហការចែករំលែកព័ត៌មានឥណទានឆ្លងដែន” រវាងកម្ពុជា និងកូរ៉េ។

បើតាមធនាគារជាតិនៃកម្ពុជា អនុស្សរណៈយោគយល់នេះ នឹងជួយសម្រួលដល់សកម្មភាពពាណិជ្ជកម្ម វិស័យទេសចរណ៍ លើកកម្ពស់ប្រតិបត្តិការទូទាត់ឆ្លងដែន ការផ្ទេរប្រាក់ និងការទូទាត់ប្រាក់ដោយប្រើរូបិយវត្ថុជាតិ សំដៅបង្កើនទំនុកចិត្ត សុវត្ថិភាព ប្រសិទ្ធភាព ស្ថិរភាព និងបរិយាបន្នបន្ថែមទៀត ដែលជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ និងធុរជនរបស់ប្រទេសទាំងពីរ ព្រមទាំងនឹងចូលរួមចំណែកពង្រឹងការផ្លាស់ប្តូរព័ត៌មានឥណទានកាន់តែមានប្រសិទ្ធភាព និងសុវត្ថិភាព។

បើតាមសេចក្ដីថ្លែការណ៍រវាងប្រទេសពីរ នៅថ្ងៃទី ១៦ ខែឧសភានេះ បានឲ្យដឹងថា ភាគីទាំងពីរ បានសម្តែងការពេញចិត្ត ចំពោះកិច្ចសហប្រតិបត្តិការរឹងមាំ លើវិស័យហិរញ្ញវត្ថុរវាងកម្ពុជា និងកូរ៉េ។ ក្នុងនោះ រួមមានការវិនិយោគរបស់កូរ៉េ ក្នុងស្ថាប័នហិរញ្ញវត្ថុចំនួន ១៥នៅកម្ពុជា និងបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងវិស័យនេះ ដោយផ្តោតលើការប្រើប្រាស់ហិរញ្ញវត្ថុឌីជីថល៕

អត្ថបទ៖ វីរៈ រូបភាព៖ បណ្ដាញសង្គម