ក្រុមហ៊ុនអាកាសចរណ៍ Cambodia Angkor Air បានរៀបចំកម្មវិធីបង្ហាញផ្លូវទេសចរណ៍ (Roadshow) ដើម្បីផ្សព្វផ្សាយការភ្ជាប់ជើងហោះហើរត្រង់ (Direct Flight) លើកដំបូងភ្នំពេញ-ញូវដែលី។
កម្មវិធីនេះ ធ្វើឡើងនៅទីក្រុងញូវដែលី កាលពីថ្ងៃទី ១៤ ខែឧសភា ដោយមានការចូលរួមថ្លែងបើកសុន្ទរកថា ដោយលោក កុយ គួង ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឥណ្ឌា និងមានការចូលរួមពីតំណាងក្រសួងទេសចរណ៍កម្ពុជា, សមាគមទេសចរណ៍កម្ពុជា និងសមាគមទេសចរណ៍ឥណ្ឌា ផងដែរ។
ក្នុងឱកាសបើកកម្មវិធីនេះដែរ លោក កុយ គួង ក៏បានផ្តល់បទសម្ភាស៍ជាមួយអ្នកសារព័ត៌មានឥណ្ឌាជាច្រើននាក់ អំពីសក្តានុពលផ្នែកវិស័យទេសចរណ៍ នៃប្រទេសទាំងពីរ ផងដែរ។
ក្រុមហ៊ុនអាកាសចរណ៍ Cambodia Angkor Air នឹងចាប់ផ្តើមបើកការហោះហើរត្រង់ពីប្រទេសកម្ពុជា ទៅប្រទេសឥណ្ឌា នៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៤ ខាងមុខនេះ។ ជើងហោះហើរត្រង់នេះ នឹងធ្វើឲ្យអ្នកដំណើរចំណេញពេល ចំណាយតិចជាងមុន។
អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល លោក ស៊ិន ចាន់សិរីវុត្ថា បានប្រាប់អ្នកសារព័ត៌មានថា ក្រុមហ៊ុនអាកាសចរណ៍ជាតិ Cambodia Angkor Air បានត្រៀមខ្លួនរួចស្រេច ក្នុងការបើកជើងហោះហើររបស់ខ្លួន ទៅកាន់ប្រទេស ឥណ្ឌា ចាប់ពីថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៤ ដោយធ្វើឡើង ៣ជើងក្នុងមួយសប្តាហ៍។ រីឯក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា IndiGo ត្រូវបានរដ្ឋាភិបាលប្រទេសទាំងពីរ អនុញ្ញាតឲ្យបើកជើងហោះហើរត្រង់មកកម្ពុជា ចាប់ពីខែតុលា ឆ្នាំ ២០២៤ខាងមុខ៕
អត្ថបទ៖ វីរៈ រូបភាព៖ ហ្វេសប៊ុកទូតកម្ពុជាប្រចាំប្រទេសឥណ្ឌា