ក្រុមស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ ព្យាករណ៍ថា កំណើនសេដ្ឋកិច្ចកម្ពុជា ឆ្នាំ ២០២៤ នឹងមានកម្រិតខ្ពស់ជាងឆ្នាំ ២០២៣

ក្រុមស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ ព្យាករណ៍ថា កំណើនសេដ្ឋកិច្ចកម្ពុជា ឆ្នាំ ២០២៤ នឹងមានកម្រិតខ្ពស់ជាងឆ្នាំ ២០២៣

ក្រុមបេសកកម្មអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចកម្ពុជា ឆ្នាំ ២០២៤ នឹងមានកម្រិតខ្ពស់ជាងឆ្នាំ ២០២៣ ហើយនិងបន្តមានកំណើនថែមទៀតនៅឆ្នាំ ២០២៥ខាងមុខ។ កាលពីឆ្នាំ ២០២៣ សេដ្ឋកិច្ចកម្ពុជា បានស្ទុះងើបឡើងវិញជាមួយនឹងអត្រាកំណើន ៥.៦ភាគរយ។  

ការព្យាករណ៍យ៉ាងដូច្នេះ គឺបន្ទាប់ពីលោកស្រី ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា កាលពីព្រឹកថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៤នេះ បានអនុញ្ញាតឲ្យក្រុមបេសកកម្មអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) ដឹកនាំដោយលោកបណ្ឌិត Hoe Ee Khor ប្រធានសេដ្ឋវិទូ ចូលជួបសម្តែងការគួរសម និងរាយការណ៍ជូនអំពីលទ្ធផលនៃការវាយតម្លៃបឋមលើស្ថានភាពសេដ្ឋកិច្ចកម្ពុជា។ ក្រុមបេសកកម្មនេះ បានមកបំពេញបេសកកម្មរយៈពេល២សប្តាហ៍កន្លងមកហើយ។

តាមដានជាមួយយើង៖ Million Times

នៅក្នុងជំនួបនេះ ក្រុមបេសកកម្មនៅតែបន្តមានសុទិដ្ឋិនិយម ចំពោះការងើបឡើងនៃសេដ្ឋកិច្ចកម្ពុជា ដោយបានព្យាករណ៍ថា កំណើននៅឆ្នាំ ២០២៤ នឹងមានកម្រិតខ្ពស់ជាងឆ្នាំ ២០២៣ ហើយបន្តងើបឡើងខ្ពស់មួយកម្រិតទៀតក្នុងឆ្នាំ ២០២៥ខាងមុខ។ ចំណែកឯអតិផរណា រំពឹងបន្តមានកម្រិតទាបត្រឹម ២,៥ភាគរយ នៅឆ្នាំ ២០២៤ និង ២០២៥។

ទោះយ៉ាងណា សេដ្ឋកិច្ចកម្ពុជា ក៏អាចប្រឈមនឹងហានិភ័យមួយចំនួន ដូចជាហានិភ័យនៃការថមថយនៃតម្រូវការខាងក្រៅ ប្រសិនបើសេដ្ឋកិច្ចនៃប្រទេសជាដៃគូពាណិជ្ជកម្ម មានកំណើនទាបជាងការរំពឹងទុក ការបែងចែកភូមិសាស្រ្តសេដ្ឋកិច្ច និងការប្រែប្រួលអាកាសធាតុ ជាដើម។

នៅក្នុងជំនួបដដែលនេះ លោកស្រីទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងអំណរគុណដល់ក្រុមបេសកកម្មដែលតែងតែជួយតាមដាន និងវាយតម្លៃស្ថានភាពសេដ្ឋកិច្ចកម្ពុជាជាប់ជាប្រចាំ។ លោកស្រីទេសាភិបាល រង់ចាំស្វាគមន៍របាយការណ៍លម្អិតរបស់ក្រុមបេសកកម្ម និងអនុសាសន៍គោលនយោបាយ ដែលនឹងក្លាយជាធាតុចូលដ៏សំខាន់ សម្រាប់ការរៀបចំគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចកម្ពុជា។

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងធនាគារពិភពលោក (World Bank) បានព្យាករណ៍សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២៤នេះ នឹងមានការកើនឡើងក្នុងអត្រា ៥.៨ភាគរយ។ ចំណែកឯរដ្ឋាភិបាល បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២៤នេះ នឹងមានកំណើន ៦.៦ភាគរយ៕

អត្ថបទ៖​ វីរៈ រូបភាព៖ ហ្វេសប៊ុកធនាគារជាតិនៃកម្ពុជា