ត្រឹមរយៈពេល ៤ខែឆ្នាំ២០២៤នេះ កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្មជាង ១៦ពាន់លានដុល្លារ ដែលចំនួនកើនប្រមាណជិត ១២ភាគរយ ស្របពេលការនាំចេញក៏កើនឡើងប្រមាណជិត ១២ភាគរយ។ នេះបើតាមរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។
ក្នុងពិធីបើកសម្ពោធ “ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជាឆ្នាំ២០២៤” កាលពីថ្ងៃទី១០ ខែឧសភាថ្មីៗនេះលោកស្រី ចម និម្មល បានលើកឡើងថា ក្នុងរយៈពេល ៤ខែ ដើមឆ្នាំ២០២៤ នេះ ទំហំពាណិជ្ជកម្មរបស់កម្ពុជាសម្រេចបានជាង ១៦.៩១៣លានដុល្លារ មានកំណើនប្រមាណជិត ១២ភាគរយ ខណៈការនាំចេញមានទំហំទឹកប្រាក់ប្រមាណ ៨ពាន់លានដុល្លារ កើនឡើងប្រមាណជិត ១២ភាគរយ។
ទន្ទឹមនឹងនេះលោកស្រីបានចាត់ទុកកំណើននេះគឺបានបញ្ជាក់ពីថាមវន្តពាណិជ្ជកម្មរបស់កម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងសកម្មភាពសេដ្ឋកិច្ចជាតិ។
ជាមួយគ្នានេះលោកស្រីក៏បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រសួងពាណិជ្ជកម្មក្នុងការជំរុញកំណើនវិស័យពាណិជ្ជកម្ម ដោយបានកែប្រែបញ្ហាប្រឈមឱ្យទៅជាឱកាស តាមរយៈការធ្វើកំណែទម្រង់ស៊ីជម្រៅលើគ្រប់ផ្នែក ការកាត់បន្ថយចំណាយ និងការពង្រឹងភាពប្រកួតប្រជែងនៃទំនិញនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ដើម្បីបង្កលក្ខណៈងាយស្រួល និងបង្កើតបរិយាកាសអំណោយផលដល់ការធ្វើធុរកិច្ចនិងវិនិយោគនៅកម្ពុជា។
សាស្រ្តាចារ្យផ្នែកសេដ្ឋកិច្ចនៃសាកលវិទ្យាល័យឯកជនមួយនៅរាជធានីភ្នំពេញ បានចាត់ទុកកំណើនទំហំពាណិជ្ជកម្មក្នុងរយៈពេល៤ខែរបស់កម្ពុជាថាជាសញ្ញាវិជ្ជមានមួយឲ្យឃើញពីសកម្មភាពកំរើកឡើងវិញនៃសេដ្ឋកិច្ច ដូចបិះបិទទៅនឹងការព្យាករពីភាគីពាក់ព័ន្ធថា សេដ្ឋកិច្ចកម្ពុជាអាចទទួលបានកំណើនកើនឡើង ៦.០% នៅក្នុងឆ្នាំ២០២៤។
លោកសាស្រ្តាចារ្យលើកឡើងថា «សម្រាប់កំណើនទំហំពាណិជ្ជកម្មនេះវាបង្ហាញឲ្យឃើញសកម្មភាពងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា យើងមើលឃើញជាក់ស្តែងរបាយការណ៍ព្យាករសេដ្ឋកិច្ចរបស់ភាគីពាក់ព័ន្ធដូចជា រដ្ឋាភិបាល ស្ថាប័ន IMF និង World Bank ជាដើមសុទ្ធតែបង្ហាញនូវសញ្ញាវិជ្ជាមានដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជានឹងើបឡើងវិញប្រមាណ ៦.០% នៅក្នុងឆ្នាំ២០២៤ ហើយនឹងអាចត្រឡប់ទៅរកកំណើនដូចនៅមុនផ្ទុះជំងឺឆ្លងរាតត្បាតកូវីដ១៩ ពោលក្នុងរង្វង់ ៧% នៅឆ្នាំ ២០២៨ខាងមុខ»។
លោកបន្ថែមថា យើងមើលឃើញដែរថា កម្ពុជាបានភ្ជាប់ខ្លួនយ៉ាងស៊ីជម្រៅទៅនឹងពាណិជ្ជកម្ម និងការវិនិយោគជាមួយប្រទសចិនតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងការសម្រួលឲ្យមានលំហូរវិនិយោគដោយផ្ទាល់ពីចិនមកកម្ពុជា ពិសេសការនាំចេញសម្លៀកបំពាក់ វិស័យទេសចរណ៍ កសិកម្ម សំណង់ និងវិស័យអចលនទ្រព្យ៕
អត្ថបទ៖ ផល កុសល រូបភាព៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ