ក្រសួងកសិកម្មកម្ពុជា-ឡាវ កំពុងរៀបចំអនុស្សរណៈនៃការយោគយល់គ្នា (MOU) ផ្ដោតសំខាន់លើការចិញ្ចឹមត្រីទឹកសាប ការគ្រប់គ្រង និងរៀបចំដីព្រៃឈើនិងកសិកម្ម ការផលិតស្រូវ និងការផ្ដោះផ្ដូរពាណិជ្ជកម្ម។ នេះបើយោងតាមខ្លឹមសារនៃកិច្ចប្រជុំទ្វេភាគីរវាងលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយលោកLinkham DOUANGSAVANH រដ្ឋមន្ត្រីក្រសួងកសិកម្ម និងព្រៃឈើឡាវ នៅថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៤នេះ។
នៅក្នុងកិច្ចប្រជុំនេះ លោករដ្ឋមន្ត្រី ឌិត ទីណា បានស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-ឡាវ ដោយចំពោះការរៀបចំអនុស្សរណៈនៃការយោគយល់គ្នា MOU រវាងក្រសួងទាំងពីរ ផ្ដោតសំខាន់លើការចិញ្ចឹមត្រីទឹកសាប ការគ្រប់គ្រងនិងរៀបចំដីព្រៃឈើនិងកសិកម្ម ការផលិតស្រូវ និងការផ្ដោះផ្ដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា លើកឡើងថា MOU រវាងប្រទេសទាំងពីរនេះ ត្រូវរៀបចំដោយគិតគូរឲ្យបានច្បាស់លាស់ ទាំងផ្នែកបច្ចេកទេស នយោបាយ និងសេដ្ឋកិច្ច ធ្វើយ៉ាងណាឲ្យវិស័យកសិកម្មរវាងប្រទេសទាំងពីរ ផ្ដល់ផលចំណេញ និងបំពេញបន្ថែមគ្នាទៅវិញទៅមក។
លោករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ទៅកាន់សមភាគីឡាវ អំពីគោលនយោបាយកសិកម្មរបស់កម្ពុជា គឺធ្វើយ៉ាងណាឲ្យមានហូប មានបាន មានប្រើ និងមានរហូត តាមរយៈការជំរុញសហគមន៍កសិកម្មទំនើប ការកាត់បន្ថយថ្លៃដើមផលិត និងមានតម្លៃបន្ថែមខ្ពស់ ទទួលបានផលចំណេញច្រើន។
ចំណែកឯពាណិជ្ជកម្មក្នុងវិស័យកសិកម្ម លោករដ្ឋមន្ត្រីគូសបញ្ជាក់ថា កិច្ចសហការប្រតិបត្តិការរវាងប្រទេសទាំងពីរ គឺបង្កើតឲ្យមានការដោះដូរទំនិញ និងបំពេញបន្ថែមឲ្យគ្នា ជាជាងប្រកួតប្រជែងគ្នា។ លោក ឌិត ទីណា ក៏បានលើកឡើងអំពីលទ្ធភាពនៃការសហការជាមួយភាគីឡាវ ដើម្បីផ្សារភ្ជាប់ខ្សែច្រវាក់តម្លៃជាមួយគ្នា ចាប់តាំងពីការដឹកជញ្ជូន ការប្រើប្រាស់ថាមពល និងការកែច្នៃ ដើម្បីផ្ដល់ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចដល់កសិករ និងពាណិជ្ជករនៃប្រទេសទាំងពីរ។
នៅក្នុងកិច្ចប្រជុំដដែលនេះ ភាគីទាំងពីរ បានបង្ហាញឆន្ទៈបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នា ឲ្យបានកាន់តែជិតស្និទ្ធ ពិសេសគឺការពិនិត្យបន្ថែមលើសេចក្តីព្រាង MOU បន្ថែមធាតុចូលដែលបានពិភាក្សាគ្នានាពេលនេះ និងឈានទៅចុះ MOU ជាផ្លូវការរួមគ្នានៅក្នុងខែតុលាឆ្នាំ ២០២៤ ឬយ៉ាងយូរបំផុតនៅចុងឆ្នាំ ២០២៤៕
អត្ថបទ៖ វីរៈ រូបភាព៖ ហ្វេសប៊ុកក្រសួងកសិកម្ម