ឆ្នាំ ២០២៣ កំពង់ផែស្វយ័តភ្នំពេញ រកប្រាក់ចំណេញបានជាង ៩លានដុល្លារ ថយចុះ ៣៥ភាគរយ

ពេញមួយឆ្នាំ ២០២៣ កំពង់ផែស្វយ័តភ្នំពេញ រកប្រាក់ចំណេញបានជាង ៩លានដុល្លារអាមេរិក ដោយការសម្រេចបាននេះ គឺថយចុះ ៣៥ភាគរយ បើប្រៀបធៀបនឹងឆ្នាំ ២០២២កន្លងទៅ។ កាលពីឆ្នាំ ២០២២ កំពង់ផែស្វយ័តភ្នំពេញ ទទួលបាននូវប្រាក់ចំណេញចំនួនជាង ១៤លានដុល្លារអាមេរិក។  

តាមដានជាមួយយើង៖ Million Times

លោក ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ បានឲ្យដឹងក្នុងមហាសន្និបាត ភាគហ៊ុនិកលើកទី៩ របស់កំពង់ផែស្វយ័តភ្នំពេញ នៅថ្ងៃទី១០ ខែឧសភានេះថា លទ្ធផលហិរញ្ញវត្ថុ កំពង់ផែស្វយ័តភ្នំពេញ ទទួលបាននូវប្រាក់ចំណេញចំនួន ៩,៣៩៣,១៧៩ដុល្លារ ដែលអនុវត្តបាន ៥៨ភាគរយ ធៀបនឹងផែនការឆ្នាំ ២០២៣ និងថយចុះចំនួន ៣៥ភាគរយ ធៀបនឹងការអនុវត្តឆ្នាំ ២០២២។

នៅក្នុងមហាសន្និបាត ប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ ក៏បានឲ្យដឹងដែរថា លទ្ធផលអាជីវកម្មក្នុងឆ្នាំ ២០២៣ កំពង់ផែស្វយ័តភ្នំពេញ ទទួលបាននូវបរិមាណកុងតឺន័រចំនួន ៣៩៦,២២៥ TEUs ដែលអនុវត្តបានធៀប និងផែនការឆ្នាំ ២០២៣ ចំនួន ៨៥ភាគរយ និងថយចុះចំនួន ៥ភាគរយ ធៀបនឹងការអនុវត្តឆ្នាំ ២០២២។

លោក ហ៊ឺ បាវី បានបន្ថែមថា កំពង់ផែស្វយ័តភ្នំពេញ នូវមានផែនការការងារជាអាទិភាពបន្តទៀត សម្រាប់អនុវត្តឆ្នាំ ២០២៤ និងឆ្នាំបន្ត បន្ទាប់ទៀត ក្នុងនោះរួមមាន៖ គម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធសម្រាប់ត្រៀមអភិវឌ្ឍចំណត ផែកុងតឺន័រ LM១៧ ជំហានទី ៤ និងគម្រោងអភិវឌ្ឍន៍ចំណតផែរណបតាមដងទន្លេ នៅតាមបណ្តាទីតាំងចំនួន ៧ទៀត។

សូមជម្រាបដែរថា គិតមកដល់ពេលនេះ ការចូលផ្សារមូលបត្រកម្ពុជារបស់កំពង់ផែស្វយ័តភ្នំពេញ មានរយៈពេល ៩ឆ្នាំហើយ ដោយក្នុងនោះ តម្លៃភាគហ៊ុនរបស់កំពង់ផែស្វយ័តភ្នំពេញ មានការកើនឡើងជាបន្តបន្ទាប់ ដែលនេះជាកញ្ចក់ឆ្លុះបញ្ចាំងពីការរីកចម្រើន និងការជឿទុកចិត្តរបស់វិនិយោគិន មកកាន់កំពង់ផែស្វយ័តភ្នំពេញ៕

អត្ថបទ៖ វីរៈ រូបភាព៖ ហ្វេសប៊ុកកំពង់ផែស្វយ័តភ្នំពេញ