ក្រុមហ៊ុនរថយន្តអគ្គិសនីវៀតណាម VinFast ជ្រៀតចូលទីផ្សារនៅហ្វីលីពីន មួយគ្រឿងតម្លៃជាង ៩ ពាន់ដុល្លារ

ក្រុមហ៊ុនរថយន្តអគ្គិសនីវៀតណាម VinFast ជ្រៀតចូលទីផ្សារនៅហ្វីលីពីន មួយគ្រឿងតម្លៃជាង ៩ ពាន់ដុល្លារ

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី (EV) របស់វៀតណាម VinFast បានប្រកាសថានឹងជ្រៀតចូលទីផ្សាររថយន្ត EV នៅក្នុងប្រទេសហ្វីលីពីនជាផ្លូវការនាចុងខែនេះ ហើយនេះក៏ជាការបណ្ដាក់ទុនក្នុងទីផ្សារទី ៣ នៅអាស៊ាន​របស់ VinFast ​ក្នុង​អំឡុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​ ២០២៤ បន្ទាប់​ពី​ប្រទេស​ឥណ្ឌូណេស៊ី និង​ប្រទេស​ថៃ ។

ការពង្រីកខ្លួនចូលទៅក្នុងទីផ្សារប្រទេសហ្វីលីពីនរបស់ក្រុមហ៊ុន VinFast កើតមានឡើង បន្ទាប់ពីរដ្ឋាភិបាលទីក្រុងម៉ានីលទទួលយកគោលនយោបាយជំរុញកំណើននៃរថយន្តអគ្គិសនី (EV) ស្របពេលដែលក្រុមហ៊ុន VinFast ក៏កំពុងដាក់យុទ្ធសាស្ត្រពង្រីកទីផ្សារនៅក្នុងតំបន់ផងដែរ ។

ក្នុងចំណោមយានយន្តអគ្គិសនី (EV) ដែលក្រុមហ៊ុន VinFast ត្រៀមដាក់លក់នៅក្នុងទីផ្សារប្រទេសហ្វីលីពីនរួមមានម៉ូដែល VF e34, VF 5, VF 7 និង VF 9 ហើយក្រៅពីរថយន្តអគ្គិសនីក៏មានម៉ូតូអគ្គិសនីចំនួន ៦ ប្រភេទ និងកង់អគ្គិសនីប្រភេទ VF DrgnFly ផងដែរ ។

ការសម្រេចចិត្តទទួលយកក្រុមហ៊ុន VinFast ចូលទៅក្នុងទីផ្សារហ្វីលីពីនបានលេចរូបរាងឡើង ក្រោយពេលជំនួបឯកជនរវាងលោកប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr. ជាមួយលោក Pham Nhat Vuong ប្រធានក្រុមហ៊ុន Vingroup និងជាស្ថាបនិកក្រុមហ៊ុន VinFast ដើម្បីពិភាក្សាអំពីឱកាសនៃកិច្ចសហប្រតិបត្តិការ ។

ចំណែកតម្លៃលក់រថយន្តអគ្គិសនី (EV) ទៅតាមប្រភេទនីមួយៗវិញ ក្រុមហ៊ុន VinFast បានប្រកាសឱ្យដឹងថា ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា រថយន្តអគ្គិសនីខ្នាតតូចម៉ូដែល VF 3 ដែលមិនប្រើអាគុយលក់ក្នុងតម្លៃ ២៣៥ លានដុង (៩,២៩៥ ដុល្លារអាមេរិក) និងក្នុងតម្លៃ ៣១៥ លានដុង (១២,៤៣៨ ដុល្លារ) សម្រាប់ប្រភេទរថយន្តដែលប្រើអាគុយអគ្គិសនី ។

ប៉ុន្តែចាប់ពីថ្ងៃទី១៥ ខែឧសភាតទៅ តម្លៃនឹងរថយន្តអគ្គិសនីនឹងមានការប្រែប្រួល គឺរថយន្តអគ្គិសនីខ្នាតតូចម៉ូដែល VF 3 ដែលមិនប្រើអាគុយលក់ក្នុងតម្លៃ ២៤០ លានដុង (៩,៤៨០ ដុល្លារអាមេរិក) និងក្នុងតម្លៃ ៣២២ លានដុង (១២,៧៣៦ ដុល្លារ) សម្រាប់ប្រភេទរថយន្តដែលប្រើអាគុយអគ្គិសនី ។

សូមជម្រាបជូនថា ក្រៅពីទីផ្សារលក់ក្នុងតំបន់ហើយ ក្រុមហ៊ុនរថយន្តអគ្គិសនី (EV) VinFast របស់វៀតណាមក៏បាននិងកំពុងចរាចរណ៍លក់នៅលើទីផ្សារសហរដ្ឋអាមេរិក កាណាដា អឺរ៉ុប និងឥណ្ឌាផងដែរ ៕

តាមដានជាមួយយើង៖ Million Times
រថយន្តរបស់ក្រុមហ៊ុន VinFast
រថយន្តអគ្គិសនី VF 3

បកប្រែ ៖ ទីន