ធនាគារ ABA ដែលកំពុងនាំមុខគេមួយនៅកម្ពុជា បានចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ ២០២៤ ដែលបានធ្វើសវនកម្មរួច ក្នុងនោះ ABA បានកត់ត្រាប្រាក់ចំណេញសុទ្ធសម្រាប់ឆ្នាំ២០២៣ បានកើនឡើងដល់ ២៧៦.៤៨ លានដុល្លារ។
កំណើនប្រាក់ចំណេញសុទ្ធដ៏សន្ធឹកសន្ធាប់នេះ ធនាគារ ABA បានបញ្ជាក់ពីការឆ្លុះបញ្ចាំងពីប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងការអនុវត្តកិច្ចគ្រប់គ្រងហិរញ្ញវត្ថុដ៏ត្រឹមត្រូវរបស់ ABA ។ ABA ថា កំណើននេះ ក៏ត្រូវបានទទួលស្គាល់ថា ជាសញ្ញានៃកិច្ចគ្រប់គ្រងផ្ទៃក្នុង និងការសម្រេចចិត្តជាយុទ្ធសាស្ត្រដ៏រឹងមាំ។
ក្នុងរបាយការណ៍របស់ខ្លួន ABA បានបន្តថា ធនាគារអាចរក្សាបាននូវកំណើនប្រាក់ចំណេញតាមរយៈការផ្តល់ឥណទាន (ប្រាក់កម្ចី) ជាច្រើនរបស់ខ្លួន ។ ABA បានបង្កើនផលបត្រប្រាក់កម្ចីរបស់ខ្លួនចំនួន ១.៣២ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣ ដែលនាំឲ្យធនាគារទទួលចំណូលជាច្រើនពីការប្រាក់សុទ្ធ។
យោងតាមរបាយការណ៍នេះ ABA នៅតែបន្តរីកចម្រើនគួរឲ្យកត់សម្គាល់ ដោយពង្រឹងជំហរ ជាគ្រឹះស្ថានផ្តល់ប្រាក់កម្ចីចម្បងមួយនៅក្នុងសេដ្ឋកិច្ច និងជាចលករដ៏សំខាន់ ក្នុងការជំរុញវឌ្ឍនភាពសេដ្ឋកិច្ចរបស់កម្ពុជា។
អត្ថបទ៖ សេដ្ឋានី រូបភាព៖ ABA Bank