ពេញមួយខែមេសា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានអនុម័តគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន ២២គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង ៣០៩លានដុល្លារអាម៉េរិក និងអាចបង្កើតបានប្រមាណ ២៣ពាន់កន្លែង។
CDC បានបញ្ជាក់ថា ក្នុងចំណោមគម្រោងវិនិយោគទាំង ២២គម្រោង មានគម្រោងក្រៅតំបន់សេដ្ឋកិច្ចពិសេសចំនួន ១៤គម្រោង និងក្នុងតំបន់សេដ្ឋកិច្ចពិសេសមាន ៨គម្រោង។
បើតាម CDC ក្នុងខែមេសាកន្លងទៅ ការវិនិយោគពីប្រទេសចិនស្ថិតនៅលំដាបលេខរៀងទី១ ដែលមានប្រមាណ ៩៨%នៃទុនវិនិយោគសរុប បន្ទាប់មកកម្ពុជា ១,០៣% និងឥណ្ឌា ០.៩៥%។ គម្រោងវិនិយោគទាំង ២២គម្រោងនោះស្ថិតនៅភូមិសាស្រ្តខេត្តកំពង់ស្ពឺចំនួន ៧, កណ្តាល ៣, ភ្នំពេញ, ស្វាយរៀង ៦, ព្រះសីហនុ ២ និងបន្ទាយមានជ័យ ១។
របាយការណ៍ចេញផ្សាយដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានាពេលថ្មីៗនេះបានឲ្យដឹងថា នៅរយៈពេល៣ខែដើមឆ្នាំ២០២៤នេះ កម្ពុជាទទួលបានគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្មបន្ថែមបានចំនួន១០៦គម្រោង ក្នុងទុនវិនិយោគប្រមាណជាង២ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារជូនដល់ប្រជាពលរដ្ឋបានជាង១០ម៉ឺនកន្លែង។ CDC កត់សម្គាល់ថា ការកើនឡើងយ៉ាងគំហុកនេះ គឺនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្ម និងទេសចរណ៍៕
អត្ថបទ៖ សេដ្ឋានី រូបភាព៖ បណ្តាញសង្គម