លោកស្រី ឃី មុន្នី ណែនាំឲ្យដើររកបើកទីផ្សារច្រើនប្រទេសចាំហ៊ានមករកស៊ីក្នុងវិស័យកសិកម្មព្រោះត្រូវប្រើដើមទុនច្រើនណាស់

លោកស្រី ឃី មុន្នី ​ស្ថាបនិក​ក្រុមហ៊ុន​នាំចេញអង្ករសរីរាង្គ Amru Rice ដែលកំពុងនាំចេញអង្ករជាច្រើនប្រភេទទៅកាន់បណ្តាប្រទេសលើពិភពលោកមានបទពិសោធន៍ជាង ១០ឆ្នាំហើយនោះ បានចែករំលែកអំពីរឿងរ៉ាវនៅពីក្រោយការជោគជ័យរបស់ក្រុមហ៊ុនលោកស្រីក្នុងការទិញស្រូវ កិនអង្ករហើយសម្ងួតនាំចេញទៅក្រៅប្រទេស។

លោកស្រី ឃី មុន្នី ​មានប្រសាសន៍ថា បើយើងមានលុយទិញស្រូវហើយឡសម្ងួតរបស់យើងតូចនោះវាក៏ជាឧបសគ្គសម្រាប់ការវិនិយោគក្នុងវិស័យកសិកម្ម ចំណែករឿងដើមទុនបង្វិលក៏សំខាន់មែនទែន ព្រោះយើងត្រូវការមានធនាគារឲ្យខ្ចីដើម្បីប្រើប្រាស់។ លោកស្រីបន្តថា ក្រុមហ៊ុន Amru Rice របស់លោកស្រីបានធនគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ARDB ផ្តល់កម្ចី។ ដែលតែងយកចិត្តនិងផ្តល់ជាទុនបង្វិលទៅដល់សហគមន៍កសិកម្ម​ ក្រុមហ៊ុន រោងចក្រម៉ាស៊ីនដែលធ្វើការទិញស្រូវពីកសិករឲ្យបានទាន់ពេលវេលា។

បើក្រឡែកមកមើលបច្ចេកវិទ្យាគ្រឿងម៉ាស៊ីនសម្រាប់កិនស្រូវ និងបកស្រូវវិញ លោកស្រីថាគឺត្រូវការឆ្លងដំណាក់ការច្រើនណាស់ទម្រាំតែបានអង្ករដែលមានគុណភាពខ្ពស់ជាប់ជាអង្ករស្តង់ដារចំណីអាហារពិភពលោក ដើម្បីវិចខ្ចប់ទៅកាន់ក្រៅប្រទេស។​ លោកស្រីបញ្ជាក់ថា «សម្រាប់គ្រឿងម៉ាសុីនគឺមានតម្លៃថ្លៃៗ​ ដូច្នេះហើយការវិនិយោគក្នុងវិស័យកសិកម្មត្រូវបើកទីផ្សារឲ្យបានសិន ចាំយើងហ៊ានវិនិយោគ ព្រោះគ្រឿងម៉ាស៊ីនថ្លៃៗ ហើយយើងត្រូវពេលវេលាយូរក្នុងការបង់រំលោះទម្រាំតែរួចខ្លួនសម្រាប់ថ្លៃម៉ាស៊ីត្រឡប់មកវិញ»។

តាមដានជាមួយយើង៖ Million Times

លោកស្រីបន្ថែមថា «យើងត្រូវដើរបើកទីផ្សារឲ្យបានច្រើនប្រទេសដើម្បីណែនាំឲ្យគេស្គាល់អំពីអង្ករខ្មែររបស់យើង ហើយ Amru Rice ពួកយើងយកចិត្តទុកដាក់លើទីផ្សារ។ មួយទៀតគឺប្រភេទទីផ្សារកម្រ ដែលយើងបានតម្លៃបន្ថែមទៅលើផលិតផលរបស់យើង ក្នុងការដាក់បន្ថែមជូនទៅកសិករ»។ លោកស្រីបញ្ជាក់បន្ថែមថា ការរកទីផ្សារមិនមែនការដើរចេះតែបាននោះទេ​ គឺយើងត្រូវមានការចូលរួមកម្មវិធីតាំងពិព័រណ៌ចំណីអាហារពិភពលោកណាដែលត្រូវជាមួយស្តង់ដាររបស់យើង ហើយយើងត្រូវណាត់ជួបជាមួយនឹងអតិថិជនដើម្បីទៅទស្សនកិច្ចនៅកន្លែងគេហើយត្រូវណែនាំគេឲ្យស្គាល់ភាពខ្លាំងរបស់យើង។

លោកស្រី ឃី មុន្នី ស្ថាបនិក​ក្រុមហ៊ុន​នាំចេញអង្ករសរីរាង្គ Amru Rice គឺជាភរិយាលោក សុង សារ៉ន ដែលមានគោរមងារឧកញ៉ា ជាអតីតប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា។ លោកស្រីនិងស្វាមីបានបង្កើត​ក្រុម​ហ៊ុន​នេះ​ឡើងនៅឆ្នាំ២០១៣ ​ និង​​មាន​ការ​ទទួល​ស្គាល់​ពី​បណ្ដាសហគមន៍​អឺរ៉ុបលើគុណភាព​របស់​អង្ករ​នាំ​ចេញ ហើយ​បាន​ឈរ​ជើង​នៅ​លើ​ទីផ្សារ​អស់​រយ:ពេល​ជាង ១០ឆ្នាំ​រហូត​មក​​ដល់​ពេល​បច្ចុប្បន្ន។

អ្នកស្រី មុនី បង្កើតក្រុមហ៊ុន Amru Rice ដោយបានផ្តល់ឱ្យក្រុមគ្រួសារ​កសិករ​ អាច​ផលិត​អង្ករ​សរីរាង្គ​របស់​ខ្មែរ​​នាំ​ចេញ​ទៅ​បរទេសជាង​ ​៤០ ​ប្រទេស​ជួយ​ដល់កសិករ​ខ្មែរ​ច្រើនជាង ៥​ពាន់​គ្រួសារ។ ចំពោះមហិច្ឆតាចង់​​ក្លាយជាក្រុមហ៊ុនស្ដង់ដារអន្តរជាតិឈានមុខគេនាំចេញអង្ករសរីរាង្គ ស្នាដៃកសិករខ្មែរ ទៅកាន់ទីផ្សារអឺរ៉ុប និងផ្ដល់ការងារជូនយុវជន-យុវតីជាច្រើនពាន់នាក់៕

អត្ថបទ៖ ផល កុសល រូបភាព៖ បណ្តាសង្គមលោកស្រី ឃី មុន្នី