គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត លក់ភាគហ៊ុន១០០% ទៅឲ្យក្រុមហ៊ុនដ៏ធំរបស់តៃវ៉ាន់

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត លក់ភាគហ៊ុន១០០% ទៅឲ្យក្រុមហ៊ុនដ៏ធំរបស់តៃវ៉ាន់

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ប្រកាសលក់ភាគហ៊ុន ១០០ភាគរយទៅឲ្យធនាគារ Bank​ SinoPac ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនតៃវ៉ាន់ SinoPac Holdings ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន SinoPac Holdings កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤។

ក្រុមហ៊ុន SinoPac បានបញ្ជាក់ថា ការទិញយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ធ្វើឡើងទៅតាមយុទ្ធសាស្រ្តរបស់ខ្លួនដោយយុទ្ធសាស្រ្តមួយក្នុងចំណោមយុទ្ធស្រ្តចម្បងទាំង៤ របស់ក្រុមហ៊ុន គឺដើម្បីបង្កើនប្រាក់ចំណូលនៅបរទេស និងពង្រីកវត្តមានអន្តរជាតិរបស់យើង។

ក្រុមហ៊ុនតៃវ៉ាន់មួយរូបនេះ គូសបញ្ជាក់បន្ថែមថា «សេដ្ឋកិច្ចកម្ពុជាជាសេដ្ឋកិច្ច ដែលមានកំណើតខ្ពស់បំផុតមួយនៅតំបន់អាស៊ី ដោយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករថា ផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា នៅចន្លោះពីឆ្នាំ២០២៣-២០២៨ នឹងមានកំណើនជាមធ្យមចំនួន ៦,៣ភាគរយក្នុងមួយឆ្នាំ។ កម្ពុជាក៏ជាប្រទេស ដែលមានប្រជាសាស្រ្តដ៏ទាក់ទាញបំផុតមួយផងដែរនៅអាស៊ី ដែលនឹងជួយគាំទ្រដល់កំណើនរយៈពេលវែង»។

តាមដានជាមួយយើង៖ Million Times

ទន្ទឹមនឹងនេះ ការទិញគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ដែលទទួលបានការអនុម័តពីក្រុមប្រឹក្សាភិបាលរបស់ខ្លួនរួចហើយនោះ ត្រូវឆ្លងកាត់ដំណាក់កាល និងលក្ខខណ្ឌនានារួមមានទាំងការអនុម័តស្របតាមបទប្បញ្ញត្តិដែលពាក់ព័ន្ធផ្សេងៗផងដែរ។ ធនាគារ SinoPac នឹងទទួលបានភាគហ៊ុនចំនួន ៨០% របស់អម្រឹតក្នុងទុនដំបូងចំនួនប្រមាណ ៤៣៥ លានដុល្លារអាមេរិក បន្ទាប់មកនឹងអនុវត្តន៍ចំនួន២ ដងទៀតដោយទទួលម្តង១០​% ​នៅចុងឆ្នាំទីមួយ និងឆ្នាំទីពីរ។ 

សេចក្តីប្រកាសព័ត៌មានដដែល បានចាត់ទុក អម្រឹត គឺជាគ្រឹស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើធំបំផុតរបស់កម្ពុជា បើគិតលើទ្រព្យសកម្មសរុប។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ គ្រឹះស្ថានអម្រិតមានសាខាប្រតិបត្តិការចំនួន ១៥០ ក្នុង ២៤ខេត្តក្រុងនៅទូទាំងប្រទេសកម្ពុជា ដែលមានទ្រព្យសកម្មសរុបចំនួន ២ពាន់លានដុល្លារអាមេរិក៕

អត្ថបទ៖ ផល កុសល រូបភាព៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រិត