ស្របពេលប្រទេសឥណ្ឌាបាននាំមុខក្នុងបញ្ជីតារាប្រទេសនាំចេញអង្ករ និងស្រូវឈរលេខរៀងទី១ លើពិភពលោក កម្ពុជា តាមពីក្រោយចិន និងសហរដ្ឋអាមេរិកដោយឈរលេខរៀងទី៧ ក្លាយជាប្រទេសនាំចេញអង្ករនិងស្រូវក្នុងឆ្នាំ២០២៣-២០២៤ លើពិភពលោក។
តារាងចំណាត់ក្រុមប្រទេសនាំចេញអង្ករ និងស្រូវទាំង ១០ប្រទេសពិភពលោកក្នុងឆ្នាំ២០២៣-២០២៤ របស់គេហទំព័រ Statista ដែលចេញផ្សាយថ្មីៗនេះបានឲ្យដឹងថា ឥណ្ឌាឈរលេខរៀងទី១, ថៃលេខរៀងទី២, វៀតណាម លេខរៀងទី៣, ប៉ាគីស្ថានលេខរៀងទី៤, អាមេរិកលេខរៀងទី៥, ចិនលេខរៀងទី៦, កម្ពុជាលេខរៀងទី៧, មីយ៉ាន់ម៉ាលេខរៀងទី៨, ប្រេសហ្សីល លេខរៀងទី៩ និងទី១០ ប្រទេសអារ៉ូហ្គុយ។
សម្រាប់កម្ពុជាដែលឈរលេខរៀងទី៧ក្នុងបញ្ជីតារាងនាំចេញអង្ករនិងស្រូវលើពិភពលោកគឺមានចំនួន ១,៩៥០តោន ខណៈចិន ២,២០០តោន, អាមេរិក ២,៦៧៥តោន, វៀតណាម ៧,៦០០តោន និងថៃមានចំនួន ៨,២០០តោន។
បណ្ឌិត យ៉ង់ សាំងកុមារ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានបញ្ជាក់លើបណ្តាញសង្គមផ្ទាល់ខ្លួនថា នៅក្នុងរយ:ពេល៤ ខែឆ្នាំ២០២៤ នេះបរិមាណនាំចេញកើនឡើងថែមជាង ៣០ ភាគរយបើធៀបទៅនឹងរយៈពេល៤ខែដូចគ្នានៅឆ្នាំ ២០២៣។ លោកថា ក្នុងមួយឆ្នាំកម្ពុជាកម្ពុជាផលិតស្រូវបានជាង ១២ លានតោន ឬជាង ៧លានតោនអង្ករ ដែលលើសពីតំរូវការក្នុងស្រុកប្រមាណ ៥០ ភាគរយ។
លោកគូសបញ្ជាក់ថា វិស័យស្រូវអង្ករកម្ពុជាមិនត្រឹមតែជោគជ័យក្នុងការផលិតស្បៀងសម្រាប់ធានាបានសន្តិសុខស្បៀងជូនជាតិទេគឺថែមទាំងចូលរួមចំណែកដល់សន្តិសុខស្បៀងពិភពលោកផងដែរ។ គោលដៅទៅមុខរបស់យើងគឺបន្តធានាសន្តិសុខស្បៀងប្រកបដោយនិរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថាន ជាពិសេសគាំទ្រឲ្យមានការបង្កើនប្រាក់ចំណូលជូនកសិករអ្នកផលិតស្បៀង៕
អត្ថបទ៖ សេដ្ឋានី រូបភាព៖ ហ្វេសប៊ុកបណ្ឌិត យ៉ង សាំងកុមារ