កំពង់ផែក្រុងព្រះសីហនុ អាចជាចលករបង្កើនសេដ្ឋកិច្ចនៅតំបន់ឆ្នេរ និងប្រទេសកម្ពុជាទាំងមូល

កំពង់ផែក្រុងព្រះសីហនុ អាចជាចលករបង្កើនសេដ្ឋកិច្ចនៅតំបន់ឆ្នេរ និងប្រទេសកម្ពុជាទាំងមូល

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លើកឡើងថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ មិនត្រឹមតែបង្កើនចំណូលនៅនឹងកន្លែងប៉ុណ្ណេះទេ តែអាចធ្វើជាចលករសម្រាប់បង្កើនសេដ្ឋកិច្ចនៅខេត្តព្រះសីហនុ តំបន់ឆ្នេរសមុទ្រ និងប្រទេសកម្ពុជាទាំងមូល តែម្ដង។

តាមដានជាមួយយើង៖ Million Times

ការលើកឡើងនេះ ធ្វើឡើងនៅពេលដែលសម្តេចធិបតី ហ៊ុន ម៉ាណែត​​ អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាសអបអរសាទរខួបអនុស្សាវរីយ៍ លើកទី ១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០២៤។

សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា «ហេតុនេះហើយ ដែលយើងត្រូវមានមហិច្ឆតាខ្លាំង ដែលនៅឆ្នាំ ២០៥០ យើងមិនត្រឹមតែធ្វើផែនេះ ដើម្បីជាផែទឹកជ្រៅរបស់កម្ពុជាទេ ប៉ុន្តែយើងត្រូវខិតខំព្យាយាមឲ្យអស់លទ្ធភាព ដើម្បីប្រែក្លាយកន្លែងនេះ ទៅជាកំពង់ផែតំបន់ និងមជ្ឈមណ្ឌលឡូជីស្ទីកតំបន់»។

ពាក់ព័ន្ធនឹងកិច្ចការនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជជែករួចហើយជាមួយលោក គីស៊ីដា ហ្វឺមីអុ នាយករដ្ឋមន្ត្រីជប៉ុន ដោយស្នើឲ្យជប៉ុនជួយសិក្សាទៅលើផ្នែកបច្ចេកទេស ហើយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) កំពុងសហការជាមួយក្រសួង-ស្ថាប័នរបស់កម្ពុជា សិក្សាលើផែនការមេ ដើម្បីអភិវឌ្ឍន៍កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាដំណាក់កាលៗ៕