រោងចក្រផ្គុំ និងដំឡើងរថយន្ត Toyota ត្រៀមសម្ពោធផ្លូវការនៅថ្ងៃទី ២ ឧសភា

រោងចក្រផ្គុំ និងដំឡើងរថយន្ត Toyota ត្រៀមសម្ពោធផ្លូវការនៅថ្ងៃទី ២ ឧសភា

តាមកម្មវិធីដែលបានគ្រោងទុក សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការររោងចក្រផ្គុំ និងដំឡើងរថយន្ត Toyota របស់ប្រទេសជប៉ុន នៅព្រឹកថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២៤។

តាមដានជាមួយយើង៖ Million Times

ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd. បានសម្រេចបោះទុនវិនិយោគជិត ៣៧លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតា ដែលមានទីតាំងវិនិយោគស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ។

ក្រុមហ៊ុន Toyota ត្រៀមដំឡើងរថយន្ត ២ម៉ាកនៅកម្ពុជា គឺម៉ាក Hilux Pick Up និង Fortuner SUV បន្ទាប់ពីសម្ពោធរោងចក្រផ្គុំ និងដំឡើងរថយន្ត ជាផ្លូវការ។ បើតាមគម្រោងរោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតា នៅកម្ពុជានេះ អាចមានសមត្ថភាព ២ ៥៨០គ្រឿងក្នុងមួយឆ្នាំ។

បញ្ជាក់ផងដែរថា នៅកម្ពុជា មានរោងចក្រដំឡើងរថយន្តចំនួន ៦ ដោយមាន ៤រោងចក្រ បានដំណើរការរួចហើយ និង ២រោងចក្រទៀត ត្រៀមដំណើរការក្នុងឆ្នាំ ២០២៤នេះ។ រោងចក្រទាំង ៤នោះ រួមមាន៖ HGB Motors Assembly, RMA Automotive Cambodia, Camko Motor Company, Daehan Motors Cambodia។ រោងចក្រ ២ទៀត ដែលត្រៀមដំណើរការក្នុងឆ្នាំ ២០២៤នេះ រួមមាន៖ GTV Motor Cambodia និង Toyota Tsusho Manufacturing (Cambodia) Co. Ltd.។

គួរឲ្យដឹងដែរថា សម្រាប់ប្រទេសកម្ពុជា មានតម្រូវការទីផ្សាររថយន្តថ្មីប្រមាណ ២៥ ០០០គ្រឿងក្នុងមួយឆ្នាំ ហើយរោងចក្រក្នុងស្រុកទាំងអស់ អាចសមត្ថភាពដំឡើងរថយន្តប្រមាណជាង ១០ ០០០គ្រឿង ពោលគឺប្រមាណ ៥០ភាគរយ នៃទីផ្សាររថយន្តថ្មី៕

ដោយ៖ វីរៈ