ប្រធានរដ្ឋឡាវ គាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ បើទោះ​​​មានការរារាំងពីវៀតណាម និងអាមេរិក

ប្រធានរដ្ឋឡាវ គាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ បើទោះ​​​មានការរារាំងពីវៀតណាម និងអាមេរិក

កម្ពុជា កំពុងត្រៀមសាងសង់ព្រែកជីកហ្វូណនតេជោ ដែលជាប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹកតភ្ជាប់ពីទន្លេមេគង្គទៅកាន់ផ្លូវសមុទ្រ មានប្រវែង ១៨០ គីឡូម៉ែត្រ ដែលរាជរដ្ឋាភិបាលគ្រោងនឹងចំណាយកញ្ចប់ថវិកា ១៧០០លានដុល្លារ។ យ៉ាងណា ព្រែកជីកដំបូងរបស់កម្ពុជានេះ មិនទាន់ទាំងបានបើកការដ្ឋានសាងសង់ផង ស្រាប់តែអាមេរិក និងវៀតណាម បានបញ្ចេញកង្វល់ និងការរិះគន់ផ្សេងៗ ក្នុងគោលបំណងរារាំងការសាងសង់។ 

ប្រទេសឡាវដែលជាអ្នកជិតខាងកម្ពុជាឯណេះវិញ ក៏បានប្រកាសគាំទ្រចំពោះគម្រោងផ្លូវទឹកដ៏ធំមួយនេះរបស់កម្ពុជា។ ការប្រកាសរបស់ភាគីឡាវ ធ្វើឡើងបន្ទាប់ពីមានការស្នើសុំរបស់ប្រធានព្រឹទ្ធសភាកម្ពុជា ឲ្យប្រធានរដ្ឋឡាវគាំទ្រនូវគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ ព្រមទាំងបញ្ជាក់ថា គម្រោងព្រែកជីកនេះមិនមានផលប៉ះពាល់ដល់បរិស្ថាននោះឡើយ។

ស្ថិតក្នុងជំនួបជាមួយលោក ថងលុន ស៊ីសុលីត (Thongloun Sisoutlith) ប្រធានរដ្ឋឡាវ នៅវិមានព្រឹទ្ធសភា កាលពីថ្ងៃទី២៣ ខែមេសាម្សិលមិញ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានស្នើសុំឲ្យប្រធានរដ្ឋឡាវគាំទ្រនូវគម្រោងព្រែកជីកហ្វូណនរបស់កម្ពុជា ពីព្រោះព្រែកជីកនេះគឺមិនមានការប៉ះពាល់ដល់បរិស្ថាន ឬក៏លំហូរចរន្តទឹកអ្វីនោះទេ តែព្រែកជីកនេះ គឺជាការតភ្ជាប់រវាងទន្លេបាសាក់ដើម្បីទៅកាន់សមុទ្រកម្ពុជា ហើយចំពោះសំណើរស្នើឲ្យជួយគាំទ្រដល់គម្រោងព្រែកជីកហ្វូណនតេជោ។ សម្តេចក៏បានបញ្ជាក់ថា គម្រោងព្រែកជីកនេះ ដើរតួនាទី​សំខាន់​ណាស់ សម្រាប់ការតភ្ជាប់រវាងទន្លេ ទៅកាន់​សមុទ្រ​កម្ពុជា។

តាមដានជាមួយយើង៖ Million Times

បន្ទាប់ពីបានស្តាប់ការពន្យល់ពីលក្ខណៈបច្ចេកទេស និងសំណើគាំទ្រពីសម្តេច​ប្រធានព្រឹទ្ធសភាហើយនោះ ប្រធានរដ្ឋឡា លោក ថងលុន ស៊ីសុលីត បានប្រកាសគាំទ្រគម្រោងព្រែកជីក​ហ្វូ​ណន​-​តេជោ ដោយគ្មានការអល់ឯកនោះឡើយ។ ការគាំទ្រនេះគឺជាផ្នែកមួយដ៏សំខាន់ព្រោះថាឡាវជាប្រទេសសមាជិក​គណៈ​កម្មការទន្លេមេគង្គ បើសិនទាមទារឱ្យមានការសម្រេចណាមួយពីបណ្តា​ប្រទេស​​តាមដងទន្លេមេគង្គ។

គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ ដែលត្រូវបានប្រសិទ្ធនាមថាគម្រោង «ព្រែកជីកហ្វូណនតេជោ» នឹងក្លាយជាគម្រោងព្រែកជីកជាប្រវត្តិសាស្ត្រនៅកម្ពុជា គ្រោងរៀបចំពិធីបើកការដ្ឋានសាងសង់ ក្នុងអំឡុងត្រីមាសទី៤ ឆ្នាំ២០២៤ ខាងមុខនេះ។ បើតាមការឲ្យដឹងពីរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីធ្លាប់បានគូសបញ្ជាក់ថា ការធ្វើព្រែកជីកហ្វូណនតេជោ គ្មានអាថ៌កំបាំងអ្វីនោះទេ គឺដើម្បីពង្រីកសេដ្ឋកិច្ច និងពាណិជ្ជកម្មជាតិ ហើយការធ្វើព្រែកជីកដើម្បីភ្ជាប់ទន្លេជាមួយសមុទ្រនេះ ក៏ដូចជាការអភិវឌ្ឍកំពង់ផែក្រុងព្រះសីហនុ ពុំមានអ្វីជាអាថ៌កំបាំងនោះទេ គឺដើម្បីពង្រីកសក្តានុពលសេដ្ឋកិច្ចកម្ពុជា ជួយឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើន និងធ្វើឱ្យប្រជាជនកម្ពុជា កាន់តែរីកចម្រើនមានជីវភាពកាន់តែធូរធាផងដែរ៕

អត្ថបទ៖ សេដ្ឋានី