fDi Intelligence៖ កម្ពុជា ក្លាយជាគោលដៅលំដាប់ទី១ សម្រាប់ការវិនិយោគផ្ទាល់ពីបរទេសក្នុងឆ្នាំ២០២៤

fDi Intelligence៖ កម្ពុជា ក្លាយជាគោលដៅលំដាប់ទី១ សម្រាប់ការវិនិយោគផ្ទាល់ពីបរទេសក្នុងឆ្នាំ២០២៤

ប្រទេសកម្ពុជានឹងក្លាយជាគោលដៅលំដាប់ទី១ សម្រាប់ការវិនិយោគផ្ទាល់ពីបរទេស (FDI) ក្នុងឆ្នាំ២០២៤ នេះ ដោយនាំមុខក្រុមប្រទេសដែលជាទីផ្សារកំពុងរីកលូតលាស់ ៩ ផ្សេងទៀត ដូចជា ហ៊្វីលីពីន កេនយ៉ា អ៊ីរ៉ាក់ ណាមីបៀ កាហ្សាក់ស្ថាន អាហ្សឺបៃហ្សង់ ម៉ារ៉ុក ស៊ែប និងឥណ្ឌា។ នេះបើយោងតាមការព្យាកររបស់ទស្សនាវដ្តី fDi Intelligence ពេលថ្មីៗនេះ។

មូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ IMF បានព្យាករទស្សនវិស័យសេដ្ឋកិច្ចដ៏រស់រវើករបស់កម្ពុជាថានឹងមានកំណើន ៦,១% នៅឆ្នាំ២០២៤ ធៀបនឹងចំនួន ៥,៦% កាលពីឆ្នាំឆ្នាំ២០២២ ខណៈកិច្ចខិតខំប្រឹងប្រែងថ្មីៗ ក្នុងការលើកកម្ពស់ភាពជាដៃគូពាណិជ្ជកម្មជាមួយចិន កូរ៉េខាងត្បូង និងសហភាពអឺរ៉ុប បានបន្តពង្រឹងនិទស្សន៍សេដ្ឋកិច្ចកម្ពុជា។ 

តាមដានជាមួយយើង៖ Million Times

ការ​ព្យាករ​ចុងក្រោយ​បំផុត​របស់ IMF កាលពី​ខែមករា បានឱ្យដឹងថា កំណើនសេដ្ឋកិច្ច​កម្ពុជា ស្ថិតក្នុង​អត្រា ៦,១ ​ភាគ​​រយ ខណៈ​អតិផរណា​នឹងមាន ៣ ​ភាគរយ​នៅ​ឆ្នាំនេះ​។ ការ​ព្យាករ​នេះ​គឺ​ស្របតាម​ការ​ព្យាករ​របស់​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​ផ្សេងទៀត ខណៈ​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ព្យាករ​ក្នុង​កម្រិត ៦,៤​ ភាគរយ​។​

ទស្សនាវដ្តី fDi Intelligence កត់សម្គាល់ថា ការដកចេញការរឹតត្បិតការធ្វើដំណើរពីសំណាក់ប្រទេសចិន បានជំរុញឱ្យមានការងើបឡើងវិញយ៉ាងឆាប់រហ័សនៃវិស័យទេសចរណ៍នៅកម្ពុជា។ ការព្យាករដដែលបានបង្ហាញពីការងើបឡើងគួរឱ្យកត់សម្គាល់ លើការវិនិយោគផ្ទាល់ពីបរទេស លើវិស័យអចលនទ្រព្យ ដែលមានជាមធ្យម (CAPEX) ចំនួន ៣៩៣% ធៀបនឹងឆ្នាំមុន គួបផ្សំនឹងកំណើន ១១០% នៃគម្រោង FDI នៅឆ្នាំ២០២៤។ 

លោកស្រី ជា សិរី ​ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា ​(NBC)​ បាន​លើក​ឡើង​កាលពីពេលកន្លងទៅថា សេដ្ឋកិច្ចកម្ពុជា​នៅតែ​ប្រឈម​នឹង​កត្តា​ខាងក្រៅ និង​ភាព​មិន​ច្បាស់លាស់​ជាច្រើន​រួមមាន ភាព​តានតឹង​ផ្នែក​ភូមិសាស្ត្រ​នយោបាយ និង​ហានិភ័យ​នៃ​ការបែងចែក​ភូមិសាស្ត្រ​នយោបាយ ដែល​នាំទៅរក​ការធ្លាក់ចុះ​លំហូរ​ពាណិជ្ជកម្ម​អន្តរជាតិ ការវិនិយោគ ទេសចរណ៍ និង​ភាពមិនច្បាស់លាស់​លើ​ទីផ្សារ​ហិរញ្ញវត្ថុ​អន្តរជាតិ​។ ការណ៍​នេះ លោកស្រីថា សេដ្ឋកិច្ចកម្ពុជា​ត្រូវបាន​ព្យាករ​ដោយ​សុទិដ្ឋិនិយម​ថា នឹង​កើនឡើង​ក្នុង​រង្វង់ ៦,៤​ ភាគរយ​នៅ​ឆ្នាំ ២០២៤​។​

​លោកស្រី​បាន​អះអាងថា ដើម្បី​គាំទ្រ​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល ក្នុងការ​ពង្រឹង​សម្ទុះ កំណើន និង​រក្សា​ស្ថិរ​ភាព​ម៉ាក្រូសេដ្ឋកិច្ច NBC នឹង​បន្ត​អនុវត្ត នយោបាយ​រូបិយវត្ថុ ប្រកបដោយ​ភាព​ប្រុងប្រយ័ត្ន ពង្រឹង​ការអភិវឌ្ឍ​ប្រព័ន្ធ​ធនាគារ លើកកម្ពស់​ប្រសិទ្ធភាព សុវត្ថិ​ភាព និង​សមាហរណកម្ម​ប្រព័ន្ធ​ទូទាត់ ព្រមទាំង​ដាក់ចេញ​នយោបាយ និង​វិធាន​ការគាំទ្រ​ចាំបាច់​នានា​ប្រកបដោយ​ភាព​បុ​រេ​សកម្ម ស្របតាម​ស្ថានភាព​សេដ្ឋកិច្ច និង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលថ្ងៃទី៥ ខែមេសាកន្លងទៅ ឲ្យដឹងថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអនុម័តគម្រោងវិនិយោគចំនួន១០៦ ដែលមានទុនវិនិយោគសរុបប្រមាណ ២,២ពាន់លានដុល្លារ។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា គម្រោងដែលបានអនុម័តចំនួន១០៦ មានទុនវិនិយោគសរុបប្រមាណ២,២ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានជាង ១០៧ពាន់កន្លែង។ គម្រោងវិនិយោគនេះ មានទីតាំងស្ថិតនៅ ក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន៧៣គម្រោង ក្នុងនោះមានគម្រោងពង្រីកផលិតកម្មចំនួន ៣គម្រោង ដោយឡែកគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន៣៣គម្រោង ក្នុងនោះ មានគម្រោងពង្រីកផលិតកម្មចំនួន ៣គម្រោង។

គួរបញ្ជាក់ថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះ ការវិនិយោគក្នុងស្រុកឈរនៅលំដាប់លេខរៀងទី១ រីឯការវិនិយោគមកពីប្រទេសចិនស្ថិតនៅលំដាប់លេខរៀងទី២ ដោយបានរួមចំណែកប្រមាណជាង ៩៣% នៃការវិនិយោគសរុប៕

អត្ថបទ៖ ផល កុសល