ប្រធានាធិបតីកូរ៉េ អះអាងថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងត្រូវសាងសង់ប្រកបដោយការយកចិត្តទុកដាក់ និងគុណភាព

ប្រធានាធិបតីកូរ៉េ អះអាងថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងត្រូវសាងសង់ប្រកបដោយការយកចិត្តទុកដាក់ និងគុណភាព

ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេច ហ៊ុន សែន និងប្រធានាធិបតីកូរ៉េ លោក Yoon Suk-Yeol បានបន្តពិភាក្សាលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរជាភាពដៃគូយុទ្ធសាស្ត្រ ដែលជាដំណាក់កាលថ្មីនៃទំនាក់ទំនង ហើយក៏បន្តពិភាក្សាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរបានជំរុញថែមទៀតលើពាណិជ្ជកម្មនិងការវិនិយោគ។ 

ទាក់ទងនឹងការសាងសង់​ស្ពានមិត្តភាពកម្ពុជា-កូរ៉េ តភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់ក្រុងអរិយក្សត្រ ប្រធានាធិបតី Yoon Suk-Yeol បានបញ្ជាក់ថា ពិធីបើកការដ្ឋានសាងសង់ ​នឹងប្រព្រឹត្តទៅនៅឆ្នាំ ២០២៥ ខាងមុខនេះ។ លោកបញ្ជាក់បន្ថែមថា ស្ពាននេះ នឹងត្រូវសាងសង់ប្រកបដោយការយកចិត្តទុកដាក់ និងគុណភាព និងជានិមិត្តរូបភាពជាដៃគូវាងប្រទេសយើងទាំងពីរ។

តាមដានជាមួយយើង៖ Million Times

ការបញ្ជាក់ពេលវេលាសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ធ្វើឡើងបន្ទាប់ពីសម្ដេច ហ៊ុន សែន បានជម្រាបប្រាប់ប្រធានាធិបតីកូរ៉េថា សម្ដេចរង់ចាំនូវវត្តមាននៃការបើកការដ្ឋានសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលជាស្ពានដ៏ធំបំផុត និងវែងបំផុតនៅកម្ពុជា។

ក្នុងជំនួបនាទីក្រុងសេអ៊ូល នៅថ្ងៃទី១១ ខែកញ្ញានេះ សម្តេចប្រធានព្រឹទ្ធសភា ក៏បានគូសបញ្ជាក់ពីជំនួយឧបត្ថម្ភគ្រប់សព្វបែបយ៉ាងទាំងផ្នែកសេដ្ឋកិច្ច ជំនួយសំណង ឥណទានក្នុងការជួយកសាងប្រទេសនិងអភិវឌ្ឍន៍កម្ពុជាឡើងវិញពីរដ្ឋាភិបាលកូរ៉េ ហើយនៅក្នុងនេះដែរ កូរ៉េក៏បានជួយកសាងជួសជុលផ្លូវជាតិផ្លូវជាតិ៣ លេខ៤៨ ផ្លូវជាតិលេខ២១ និងផ្លូវជាតិលេខផ្សេងទៀត។ល។

សូមបញ្ជាក់ថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ និងជ្រោយចង្វារ-អរិយក្សត្រ) នឹងចំណាយទឹកប្រាក់ចំនួន ២៤៥ ៩០៩ ០០០ ដុល្លារអាមេរិក។ បើតាមការឲ្យដឹងពីក្រសួងសាធារណការ និងដឹកជញ្ជូន គម្រោងសាងស្ពាននេះនឹងត្រូវបើកការដ្ឋាននាឆ្នាំ២០២៥ខាងមុខ៕

អត្ថបទ៖ សេដ្ឋានី រូបភាព៖ ក្រុមព័ត៌មានសម្តេចតេជោ