អ្នកឧកញ៉ា លាង ម៉េង៖ បើ​វិនិយោគទុន ​១០០លាន ត្រូវមាន​បំណុល​ ឬ​ខ្ចីគេ ​៣០លាន​បាន​ហើយ

អ្នកឧកញ៉ា លាង ម៉េង៖ បើ​វិនិយោគទុន ​១០០លាន ត្រូវមាន​បំណុល​ ឬ​ខ្ចីគេ ​៣០លាន​បាន​ហើយ

ក្នុងកិច្ចពិភាក្សាអំពី​ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ នាវេទិកាធុរកិច្ច​ ដែល​រៀបចំដោយសមាគម​អ្នក​ឧកញ៉ាកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាពេលកន្លងទៅ អ្នកឧកញ៉ា លាង ម៉េង បាន​ចែក​រំលែក​ទស្សនៈ និង​បទពិសោធ​ន៍​របស់ខ្លួនក្នុងការវិនិយោគលើវិស័យអចលនទ្រព្យ ធនាគារ និងពហុវិស័យផ្សេងទៀត។

អ្នកឧកញ៉ា លាង ម៉េង ប្រធានអគ្គនាយកក្រុមហ៊ុន ជីបម៉ុង គ្រុប បានថ្លែងថា ការវិនិយោគត្រូវមាន​ការ​វិភាគ​​លើ​ចរាចរសាច់ប្រាក់ (Cash flow) ត្រឹមត្រូវ មាន​ប្រតិបត្តិការ​ច្បាស់លាស់ (Gear) និងមិនចេះតែ​​វិនិយោគតាម​គ្នានោះឡើយ។

តាមដានជាមួយយើង៖ Million Times

ក្នុងនាមជាអ្នកវិនិយោគអចលនទ្រព្យជោគជ័យដ៏ធំនៅក្នុងប្រទេសកម្ពុជាជាច្រើនឆ្នាំមកនេះ អ្នកឧកញ៉ា លាង ម៉េង បានបង្ហាញនូវបញ្ហា ​៣ចំណុច៖ ទី១ អចលនទ្រព្យនៅ​ស្រុក​ខ្មែរយើង ម្នាក់​ៗនាំគ្នា​ធ្វើ​ច្រើនពេក។ អ្នកឧកញ៉ាពន្យល់ថា អ្នកវិនិយោគក្នុងប្រទេសកម្ពុជាបានមើលឃើញថា អាជីវកម្មអចលនទ្រព្យក្នុងប្រទេសកម្ពុជារកប្រាក់បានចំណេញបានស្រួល ទើបម្នាក់ៗបាននាំគ្នាអភិវឌ្ឍន៍ និងនាំគ្នាមកធ្វើការ និងដាក់ទុនលើវិស័យអចលនទ្រព្យកាន់តែច្រើន ។ នៅពេលម្នាក់ៗបានធ្វើតាមគ្នាកាន់តែច្រើន ធ្វើឱ្យការផ្គត់ផ្គង់កាន់តែច្រើន ហើយនៅពេលដែលបញ្ហាសេដ្ឋកិច្ច ចាប់ផ្ដើមមានបញ្ហាធ្វើឱ្យប៉ះពាល់ដល់វិស័យនេះកាន់តែខ្លាំង ។

ទី២ ​បញ្ហា​សាច់​ប្រាក់ (Cash flow) ក្នុងករណីនេះ អ្នកឧកញ៉ាមើលឃើញថា អ្នកវិនិយោគខ្លះមិនមានលំហូរសាច់ប្រាក់ត្រឹមត្រូវ ឬមិនមានទុនគ្រប់គ្រាន់ទេ តែពួកគេហ៊ានប្រថុយដាក់ទុនក្នុងវិស័យនេះដែរ។ ប៉ុន្តែសម្រាប់អ្នកវិនិយោគអចលនទ្រព្យដែលបានគិតគូរពីលំហូរសាច់ប្រាក់ត្រឹមត្រូវនោះគឺត្រូវមានទុនខ្លួនឯងយ៉ាងហោចណាស់៧០ភាគរយនៃទុនសរុប។ អ្នកជំនាញដដែលរូបនេះថ្លែងថា៖ «គម្រោងវិនិយោគអស់ទឹកប្រាក់ ១០០លានដុល្លារ យ៉ាងហោចណាស់ក៏គាត់មានទុន ៧០លានដុល្លារអាមេរិកដែរ ហើយអាចរកទុនបន្ថែមដូចជាការខ្ចីពីធនាគារ ឬពីប្រភពផ្សេងៗត្រឹម ៣០លានដុល្លារអាមេរិកបានហើយ តែបើសិនជាគម្រោងត្រូវការទុន ១០០លានដុល្លារ ហើយគាត់មានតែ២០លានដុល្លារអាមេរិក គាត់បែរជារកទុនខាងក្រៅរហូតដល់ទៅ ៨០លានដុល្លារ នោះគឺប្រឈមនឹងហានិភ័យខ្ពស់ណាស់»។ ទាំងនេះអ្នកឧកញ៉ាគូសបញ្ជាក់ថា ការណ៍នេះបានធ្វើប៉ះពាល់ធំណាស់ក្នុងការវិនិយោគ។

និងទី៣ ​ការវិនិយោគ​តាមគ្នា ដោយសារឃើញឱកាស​ចំណេញ ប៉ុន្តែ​ស្របពេល​ដែល​សេដ្ឋកិច្ចពិភពលោក​មិន​មាន​ភាព​ប្រាកដប្រជា។ បើតាមអ្នកឧកញ៉ា អ្នកវិនិយោគក្នុងប្រទេសកម្ពុជាបានមើលឃើញថា អាជីវកម្មអចលនទ្រព្យក្នុងប្រទេសកម្ពុជារកប្រាក់បានចំណេញបានស្រួល ទើបម្នាក់ៗបាននាំគ្នាអភិវឌ្ឍន៍ និងនាំគ្នាមកធ្វើការ និងដាក់ទុនលើវិស័យអចលនទ្រព្យកាន់តែច្រើន។ នៅពេលម្នាក់ៗបានធ្វើតាមគ្នាកាន់តែច្រើន ធ្វើឱ្យការផ្គត់ផ្គង់កាន់តែច្រើន ហើយនៅពេលដែលបញ្ហាសេដ្ឋកិច្ច ចាប់ផ្ដើមមានបញ្ហាធ្វើឱ្យប៉ះពាល់ដល់វិស័យនេះកាន់តែខ្លាំង។

អ្នកឧកញ៉ាបានបន្ថែមថា បញ្ហាមួយទៀតដែលធ្វើវិស័យអចលនទ្រព្យត្រូវជាប់គាំងនោះ គឺអ្នកទិញអចលនទ្រព្យមួយចំនួនមិនបានទិញសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនទេ គឺទិញដើម្បីទុកចំណេញ ឬហៅថាជាការវិនិយោគ ។ នៅពេលអ្នកទិញបែបនេះកាន់តែច្រើន ពេលដែលសេដ្ឋកិច្ចចាប់ផ្ដើមមានបញ្ហា សួរថាតើគាត់ទៅលក់ឱ្យអ្នកណា បើភាគច្រើនសុទ្ធតែអ្នកលក់មិនមានអ្នកទិញផងនោះ៕

អត្ថបទ៖ ផល កុសល