ការនាំចូលគ្រឿងសំណង់បានកើនឡើង ក្នុងរយៈពេល ៥ខែ ឆ្នាំនេះ

ការនាំចូលគ្រឿងសំណង់បានកើនឡើង ក្នុងរយៈពេល ៥ខែ ឆ្នាំនេះ

ក្នុងរយៈពេល ៥ខែ ឆ្នាំ ២០២៤នេះ ការនាំចូលគ្រឿងសំណង់បានកើនឡើងប្រមាណ ២៣% តែការអនុវត្តគម្រោងសាងសង់បានថយចុះប្រមាណ ២០%។

យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា ក្នុងរយៈពេល ៥ខែ ឆ្នាំ ២០២៤នេះ ការអនុម័តគម្រោងសាងសង់ជាទឹកប្រាក់ បានថយចុះ ២០,២%។ ប៉ុន្តែការនាំចូលគ្រឿងសំណង់ បានកើនឡើង ២៣,​១ភាគរយ។ រីឯការផលិតស៊ីម៉ងត៍ក្នុងស្រុកក៏បានកើនឡើង ៤,៧% ឬស្មើនឹងប្រមាណ ៣,៥លានតោន។ តាមនិន្នាការនេះ បង្ហាញពីការកើនឡើងនៃវិស័យសំណង់នេះ។

របាយការណ៍ដដែល បានឲ្យដឹងបន្តថា ៥ខែ ឆ្នាំ ២០២៤នេះ គម្រោងទទួលបានការអនុញ្ញាតសាងសង់សរុប មានចំនួន ​១ ៣៣០គម្រោង។ ក្នុងនោះ មានគម្រោងលំនៅដ្ឋាន ១ ០៩៥គម្រោង, សំណង់ឧស្សាហកម្មចំនួន ៨៨ គម្រោង, គម្រោងសំណង់ពាណិជ្ជកម្ម ៩០គម្រោង, សំណង់ទេសចរណ៍ ២១គម្រោង, សំណង់សាធារណៈ ៣៥គម្រោង និងសំណង់វិនិយោគ ១គម្រោង។

សម្រាប់តែខែឧសភាមួយ គឺគម្រោងដែលទទួលបានការអនុញ្ញាតសាងសង់សរុបចំនួន ២៣១គម្រោង ដែលមានផ្ទៃក្រឡាសរុប ១ ៣៧៣ពាន់ម៉ែត្រការ៉េ និងបានប្រើប្រាស់ទុនក្នុងទំហំ ៧៣៩,៧លានដុល្លារ៕

អត្ថបទ៖ វីរៈ​ រូបភាព៖ បណ្ដាញសង្គម