លោក នៅ ស៊ីនិត៖ វិស្វករទាំងអស់គួររក្សានូវអំពើល្អទើបទំនុកចិត្តនិងកិត្តិយសអាចគង់វង្សបានយូរ

លោក នៅ ស៊ីនិត៖ វិស្វករទាំងអស់គួររក្សានូវអំពើល្អទើបទំនុកចិត្តនិងកិត្តិយសអាចគង់វង្សបានយូរ

បញ្ហាកិបកេងនៅពេលសាងសង់សំណង់ណាមួយពីវិស្វករតែងតែលិចលឺជារឿយៗ ដែលពេលខ្លះសំណង់មួយចំណាយអស់៥ម៉ឺនដុល្លារ តែវិស្វករអាចកិបកេងខ្ទង់ពាន់ដុល្លារពីសំណង់នោះទាំងម្ចាស់សំណង់មិនដឹងក៏មាន។ ពាក់ព័ន្ធនឹងរឿងនេះ លោក នៅ ស៊ីនិត ដែលជាវិស្វករខ្មែរមួយរូបបានបញ្ចេញទស្សនៈផ្ទាល់ខ្លួនថា វិស្វករទាំងអស់គួររក្សានូវអំពើល្អទើបទំនុកចិត្តនិងកិត្តិយសអាចគង់វង្សបានយូរ។

តាមដានជាមួយយើង៖ Million Times

ក្នុងវីដេអូមួយបង្ហោះលើបណ្តាញសង្គមផ្ទាល់ខ្លួននៅថ្ងៃទី៧ខែកក្កដានេះលោក នៅ ស៊ីនិត បានចែករំលែកពីបទពិសោធន៍ផ្ទាល់ខ្លួន ព្រមទាំងបាននិយាយដោយស្មោះត្រង់ថា នៅពេលលោកប្រឡូកក្នុងវិស័យសំណង់ ផ្ទះខ្លះអាចកេងបាន១ម៉ឺនដុល្លារ ខ្លះអាចកេងបាន១ពាន់ ឬ២ពាន់ដុល្លារ អាស្រ័យតាមការដាក់របស់ល្អឬមិនល្អជូនម្ចាស់ផ្ទះ ហើយម្ចាស់ផ្ទះខ្លះក៏គេមិនដឹងដែរ។ គ្រាមួយលោកអាចកេងកិបលុយបាន១ពាន់ដុល្លារពីការសាងសង់តែលោកបែរសុខចិត្តមិនធ្វើនោះទេ បើទោះបីលោកកេងលុយនោះយកក៏ម្ចាស់សំណង់មិនដឹងក៏ដោយ។ លោកនិយាយដោយស្មោះត្រង់ថា គ្រានោះលោកពិតជារៀងឈឺចិត្តដែលមិនបានកិបកេងលុយរហូតដល់គេងស្តាយក្រោយជិតមួយអាទិត្យ។

ក្រោយមកក៏ទទួលសំណង់មួយទៀត លោកក៏អាចឆ្លៀតឱកាសកិបកេងពីសំណង់ដែលសង់រួចបានដូចគ្នា តែលោកនៅតែមិនធ្វើដដែរ។ លោកមានអារម្មណ៍ថាការក្សាផ្នត់គំនិតស្មោះត្រង់ជួយឲ្យមុខរបរលោកជោគជ័យនិងឈរជើងបានយូរ ហើយថែមទាំងមិនធ្វើឲ្យលោកឈឺចិត្តដូអ្វីដូចមុនទៀតឡើយ។ លោកស៊ីនិតបានបង្ហើបមួយចំណុចមួយទៀតថា កាលពីមុនកូនជាងលោកម្នាក់និយាយថាចង់កេងកិបលុយពីការធ្វើសំណង់ជូនលោកដើម្បីបានប្តូរស៊េរីឡាន។ សម្រាប់កូនចៅដែលមានផ្នត់គំនិតបែបនេះ លោកមិនអាចរក្សាឲ្យធ្វើការបានជាមួយដាច់ខាត ។

អាស្រ័យហេតុនេះហើយទើបលោកយល់ថាការដែលអាចដើរដល់ចំណុចនេះបាន គឺទាក់ទងនឹងភាពស្មោះត្រង់ ដែលគម្រោងសាងសង់របស់លោកតែងជោគជ័យ និងមានម្ចាស់សំណង់ជាច្រើនតែងកក់លុយលោកមុនៗរហូតដល់៨៥%ក៏មាន ក៏ដោយសារតែគេមានការជឿជាក់និងទុកចិត្តមកលើរូបលោក។

ជាមួយគ្នានេះ លោក នៅ ស៊ីនិត ចែករំលែកនិងផ្តល់ជាគំនិតយោបល់ថា វិស្វករគ្រប់រូបគួររក្សានូវអំពើល្អ ភាពស្មោះត្រង់ និងប្រកាន់ខ្ជាប់នូវសុចរិត នោះគ្រប់ការងារនឹងជោគជ័យជាក់ជាមិនខាន៕

អត្ថបទ៖ នារតី