ប្រព័ន្ធធារាសាស្ត្រព្រែកអូរដំរីឆ្លង-ព្រែកថ្មី បង្កើនការស្រោចស្រពផ្ទៃដីជាង ១ម៉ឺនហិចតាជាប់ព្រំដែនវៀតណាមសម្រេចបាន ២០%

ប្រព័ន្ធធារាសាស្ត្រព្រែកអូរដំរីឆ្លង-ព្រែកថ្មី បង្កើនការស្រោចស្រពផ្ទៃដីជាង ១ម៉ឺនហិចតាជាប់ព្រំដែនវៀតណាមសម្រេចបាន ២០%

គម្រោងពង្រីកសមត្ថភាពស្រោចស្រព និងការពារទឹកជំនន់នៃប្រព័ន្ធធារាសាស្ត្រព្រែកអូរដំរីឆ្លង-ព្រែកថ្មី នៅខេត្តស្វាយរៀង សម្រេចលទ្ធផលបាន ២០ភាគរយហើយ បើគិតត្រឹមដើមខែកក្កដា ឆ្នាំ ២០២៤នេះ។ បើយោងតាមការឲ្យដឹងពីក្រសួងធនធានទឹក និងឧតុនិយម។

គម្រោងពង្រីកសមត្ថភាពស្រោចស្រព និងការពារទឹកជំនន់នៃប្រព័ន្ធធារាសាស្ត្រព្រែកអូរដំរីឆ្លង-ព្រែកថ្មី ស្ថិតនៅតំបន់ជាប់ព្រំដែនកម្ពុជាវៀតណាម ក្នុងឃុំថ្មី ឃុំរាជមន្ទីរ និងឃុំបន្ទាយក្រាំង នៃស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៤ ខែកក្កដាម្សិលមិញ បានដឹកនាំមន្ត្រីពាក់ព័ន្ធចុះពិនិត្យគម្រោងនេះ ហើយក៏បានបញ្ជាក់ថា ការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រព្រែកអូរដំរីឆ្លង-ព្រែកថ្មីនេះ គឺក្នុងគោល បំណងបង្កើនប្រភពទឹក ដើម្បីធានាសុវត្ថិភាពសន្តិសុខទឹក សម្រាប់ការស្រោចស្រពក្នុងតំបន់បាន គ្រប់រដូវកាល។

ម្យ៉ាងទៀត ក៏ដើម្បីជួយការពារទឹកជំនន់ ផ្គត់ផ្គង់ទឹកសម្រាប់ការប្រើប្រាស់ក្នុងជីវភាពរស់ប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ ជាប្រភពទឹកបន្ត សម្រាប់តំបន់ដទៃទៀតក្រៅពីគម្រោង និងបម្រើឱ្យការប្រើប្រាស់លើគ្រប់វិស័យ។ លោកបន្ថែមថា ខ្នងប្រឡាយ និងអូរធម្មជាតិ នឹងក្លាយជាផ្លូវគមនាគមន៍ដ៏មានប្រសិទ្ធភាពក្នុ ងការចរាចរណ៍ដឹកជញ្ជូនកសិផលក្នុងតំបន់ទាំងផ្លូវគោក និងផ្លូវទឹក។

តាមដានជាមួយយើង៖ Million Times

បើតាមលោករដ្ឋមន្ត្រី ការងារសំខាន់របស់គម្រោងរួមមាន៖ ១. ស្តារព្រែកធម្មជាតិអូរដំរីឆ្លងប្រវែង ៨,២៨៧ គីឡូម៉ែត្រ, ២. ស្តារព្រែកធម្មជាតិព្រែកថ្មីប្រវែង ១២,៦០០គីឡូម៉ែត្រ, ៣. ស្តារប្រឡាយមេប្រវែង ៤,៨៧៦ គីឡូម៉ែត្រ, ៤. កសាងផ្លូវក្រាលក្រួសក្រហមអមសងខាងព្រែកអូរដំរីឆ្លង ប្រឡាយមេ ព្រែកថ្មី, ៥. ជួសជុល និងសាងសង់ស្ពានឆ្លងព្រែកអូរដំរីឆ្លង និងព្រែកថ្មីចំនួន ១០កន្លែង, ៦.ជួលជុលនិងសាងសង់សំណង់សិល្បការ្យតភ្ជាប់ពីប្រឡាយមេព្រែកថ្មីទៅប្រឡាយស្រោចស្រពចំនួន ៥០កន្លែង និង ៧. សាងសង់អគារសហគមន៍សម្រាប់ការគ្រប់គ្រង និងថែទាំប្រព័ន្ធធារាសាស្ត្រ។

គួរឲ្យដឹងថា គម្រោងពង្រីកសមត្ថភាពស្រោចស្រព និងការពារទឹកជំនន់នៃប្រព័ន្ធធារាសាស្ត្រព្រែកអូរដំរីឆ្លង-ព្រែកថ្មី ត្រូវអនុវត្តរយៈពេល ១២ខែ ចាប់ពីខែមិថុនា ឆ្នាំ ២០២៤ ដល់ខែមិថុនា ឆ្នាំ ២០២៥។ គម្រោងនេះ មានសក្តានុពលបង្កើនផ្ទៃដីស្រោចស្រពបានប្រមាណ ១៦ ២០០ហិកតា និងមានប្រជាពលរដ្ឋទទួលផលប្រមាណ ៣ ៧២៧ គ្រួសារ៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងធនធានទឹក