យកអតីតវាលយន្តហោះសម័យសង្គ្រាមជប៉ុនវាយចូលប្រទេសកម្ពុជា ២៥ហិកតាធ្វើពហុកីឡដ្ឋាន

យកអតីតវាលយន្តហោះសម័យសង្គ្រាមជប៉ុនវាយចូលប្រទេសកម្ពុជា ២៥ហិកតាធ្វើពហុកីឡដ្ឋាន

រដ្ឋាភិបាលយកអតីតទីតាំងសមរភូមិសង្គ្រាម ស្ថិតក្នុងខេត្តពោធិ៍សាត់ ប្រែក្លាយទៅជាគម្រោងសាងសង់ពហុកីឡដ្ឋានដែលត្រូវបានបើកការដ្ឋានសាសង់នៅថ្ងៃទី១​ខែកក្កដានេះ មានតម្លៃប្រមាណ ៥លានដុល្លារសហរដ្ឋអាមេរិក មានឈ្មោះថា «ពហុកីឡដ្ឋានសម្តេចតេជោក្រគរ»។

លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តពោធិ៍សាត់ បានលើកឡើងថា ការសម្រេចសាងសង់ពហុកីឡដ្ឋាន នៅវាលសម្តេចយសនេះឡើង គឺដោយបានការគាំទ្រអស់លទ្ធភាពពីសំណាក់អតីតនាយករដ្ឋមន្ត្រី សម្តេច ហ៊ុន សែន ដើម្បីប្រែក្លាយទីកន្លែងមួយនេះ ពីអតីតទីតាំងសមរភូមិសង្គ្រាម ទៅជាពហុកីឡាដ្ឋាន ដែលអាចធ្វើការប្រកួតកីឡាភូមិភាគ និងជាកន្លែងជួបជុំរបស់ប្រជាពលរដ្ឋស្រុកក្រគរ ក៏ដូចជាខេត្តពោធិ៍សាត់ និងតំបន់ភាគខាងលិចនៃប្រទេស។

តាមដានជាមួយយើង៖ Million Times

លោកថ្លែងថា «ពីអតីតកាលទីតាំងនេះជាកន្លែងវាលយន្តហោះខ្នាតតូចមួយ ដែលកាលនោះមហាអំណាចជប៉ុនវាយចូលដល់ប្រទេសកម្ពុជា និងយកទីតាំងនេះ ធ្វើជាព្រលានយន្តហោះ ដើម្បីដំណើរការគាំទ្រសង្គ្រាមផ្លូវអាកាស។ នៅពេលសង្គ្រាមបានបញ្ចប់ ទីតាំងនេះបានប្រើប្រាស់ក្នុងការដឹកជញ្ជូនទំនិញ កសិផល ពីខេត្តពោធិ៍សាត់ ទៅភ្នំពេញ នៅសម័យលន់ណុល ដែលផ្លូវជាតិភាគច្រើនកាន់កាប់ដោយខ្មែរក្រហម ពុំអាចដឹកជញ្ជូន និងធ្វើដំណើរឆ្លងកាត់បាន។ ក្រោយថ្ងៃរំដោះ ៧ មករា ទីតាំងនេះបានបញ្ឈប់ការប្រើប្រាស់ ហើយប្រជាពលរដ្ឋមួយចំនួន បានអាស្រ័យផលនៅទីនេះ»។

លោកបន្តថា នៅឆ្នាំ២០១៨ ក្រោមការផ្តួចផ្តើមរបស់លោកផ្ទាល់ បានកំណត់យកទីតាំងនេះជាសម្បត្តិរដ្ឋ ដើម្បីធ្វើការអភិវឌ្ឍន៍សាងសង់ជាពហុកីឡដ្ឋាន និងត្រូវបានសម្តេចតេជោ ប្រកាសគាំទ្រយ៉ាងម៉ឺងម៉ាត់ ក្នុងពេលដែលសម្តេចជួបកម្មករ-កម្មការិនី រោងចក្រកាត់ដេរ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩កន្លងទៅ។

លោកថ្លែងបន្តទៀតថា «កិច្ចការដែលយើងត្រូវធ្វើមិនត្រឹមតែពហុកីឡដ្ឋាននេះប៉ុណ្ណោះទេ គឺនៅមានផ្សារទំនើប ភោជនីយដ្ឋាន ហាងកាហ្វេ ទីតាំងសាករថយន្តអគ្គិសនី… ដើម្បីទាក់ទាញចំណាប់អារម្មណ៍ វិនិយោគិន ដែលបានដាក់ទុនវិនិយោគនៅកម្ពុជា និយាយជារួមនឹងនិយាយដោយឡែក នៅតំបន់សេដ្ឋកិច្ចពិសេសក្រគរ អាចមានកន្លែងហូបចុក ដើរលេង និងហាត់ប្រាណបានសមរម្យ»។

គួរឲ្យដឹងថា គម្រោងសាងសង់ពហុកីឡដ្ឋានសម្តេចតេជោក្រគរ រដ្ឋាភិបាលប្រើប្រាស់ថវិកាមូលនិធិសង្គមអគ្គិសនីកម្ពុជា អនុវត្តដោយក្រុមហ៊ុន KIM MEX CONSTRUCTION & INVESTMENT Co., Ltd លើផ្ទៃដីប្រមាណ២៥ហិកតា ស្ថិតក្នុងភូមិវាលវង់ ឃុំស្នាអន្សា ស្រុកក្រគរ ដោយបានការចូលរួមពីលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់៕

អត្ថបទ៖ សេដ្ឋានី រូបភាព៖ ផេកលោក កែវ រតនៈ