គម្រោងសាងសង់ទំនប់វ៉ារីអគ្គិសនីស្ទឹងពោធិ៍សាត់១ តម្លៃ១៦០លានដុល្លារសម្រេចបាន ៣៥ភាគរយ

គម្រោងសាងសង់ទំនប់វ៉ារីអគ្គិសនីស្ទឹងពោធិ៍សាត់១ តម្លៃ១៦០លានដុល្លារសម្រេចបាន ៣៥ភាគរយ

គម្រោងសាងសង់ទំនប់វ៉ារីអគ្គិសនី ស្ទឹងពោធិ៍សាត់១ នៅត្រង់ចំណុចចិនយំ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ សម្រេចបានប្រមាណ ៣៥ភាគរយហើយ ដែលចំនួននេះគឺមានការយឺតជាងផែនការគ្រោងទុក។

លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានឲ្យដឹងក្នុងពេលចុះពិនិត្យការដ្ឋានវ៉ារីអគ្គិសនី ស្ទឹងពោធិ៍សាត់១ នាពេលថ្មីៗនេះថា គម្រោងសាងសង់តំបន់វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ សម្រេចបានប្រមាណ ៣៥ភាគរយប៉ុណ្ណោះ បើប្រៀបធៀបជាមួយផែនការពីដើមឃើញថាមានការយឺតយ៉ាវ។ លោកបញ្ជាក់ថា ការយឺតយ៉ាវដោយសារបញ្ហាធំពីរ គឺការស្វែងរកហិរញ្ញប្បទាន និងការសាងសង់ ក៏ព្រោះកម្ពុជាក៏ដូចពិភពលោកជួបវិបត្តិសេដ្ឋកិច្ច។

តាមដានជាមួយយើង៖ Million Times

លោកថ្លែងថា «ក្រោយវិបត្តិកូវីដ១៩នេះយើងកំពុងតែខិតខំធ្វើម៉េចផ្តល់ការគាំទ្រចាំបាច់ទាំងអស់ដើម្បីអាចឲ្យគម្រោងចាប់ផ្តើមសាងសង់ឲ្យបានទាន់ពេលវេលា។ លោកបានអះអាងថា ការគិតគូរលើគម្រោងទំនប់វារីអគ្គិសនីនេះធានាធ្វើយ៉ាងណានៅឆ្នាំ២០២៦ គម្រោងនេះចេញជារូបរាងនិងដំណើរការឲ្យបាន។

សូមជម្រាបថា គម្រោងសាងសង់ទំបន់វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ចាប់ផ្តើមដំណើការកាលពីចុងឆ្នាំ២០២២កន្លងទៅគ្រោងនឹងប្រើប្រាស់ថវិកាប្រមាណ ១៦០លានដុល្លារអាមេរិក ដែលជាការសហការរវាងក្រុមហ៊ុនចិន និងកូរ៉េ ហើយរំពឹងបង្កើតថាមពលអគ្គិសនីមានអានុភាព៨០មេហ្គាវ៉ាត់ គ្រោងនឹងបញ្ចប់ដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងឆ្នាំ២០២៦។

គួរឲ្យដឹងដែលថា នៅខេត្តពោធិ៍សាត់ មានវ៉ារីអគ្គិសនី ចំនួន២កន្លែងមួយកំពុងដំណើរការសាងសង់ទំបន់វារីអគ្គិសនីស្ទឹងពោធិ៍សាត់១  និងទី២ វារីអគ្គិសនីស្ទឹងអាតៃ ស្ថិតក្នុងឃុំអូរសោម ស្រុកវាលវែង សាងសង់ដោយក្រុមហ៊ុនចិន មានអានុភាព១២០មេហ្គាវ៉ាត់ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ តាំងពីឆ្នាំ២០១៥៕

អត្ថបទ៖ ផល កុសល រូបភាព៖ រដ្ឋបាលខេត្តពោធិ៍សាត់