លោក ម៉ៅ ធនិន ត្រៀមបុកគ្រឹះសាងសង់នាឡិកាកម្ពស់៣៥ម៉ែត្រនៅតាមដងព្រែកកំពង់បាយ

លោក ម៉ៅ ធនិន ត្រៀមបុកគ្រឹះសាងសង់នាឡិកាកម្ពស់៣៥ម៉ែត្រនៅតាមដងព្រែកកំពង់បាយ

បន្ទាប់ពីជោគជ័យក្នុងការដាក់រូបសំណាកត្រីសេះសមុទ្របាញ់ទឹក កំពុងទទួលបានការចាប់អារម្មណ៍ពីប្រជាជន និងភ្ញៀវទេសចរណ៍យ៉ាងខ្លាំង រដ្ឋបាលខេត្តកំពតបានត្រៀមរៀបចំបុកគ្រឹះសាងសង់នាឡិកាកម្ពស់ប្រមាណ ៣៥ម៉ែត្រ ដើម្បីបង្កើនការទាក់ទាញភ្ញៀវទេសចរឱ្យមកសម្រាកកម្សាន្តក្នុងខេត្តកំពតកាន់តែច្រើនបន្ថែមទៀត។

នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី១ របស់ក្រុមប្រឹក្សាខេត្តកំពតអាណត្តិទី៤ កាលពីថ្ងៃទី២៥ ខែមិថុនា លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា ខេត្តកំពតគឺជាខេត្តប៉ូលទេសចរណ៍ដ៏សំខាន់មួយក្នុងប្រទេសកម្ពុជា ហើយក៏ជាខេត្តមួយក្នុងចំណោមខេត្តទាំងបួនដែលជាប់នឹងឆ្នេរសមុទ្រកម្ពុជា ដូច្នេះអាជ្ញាធរខេត្តនឹងជ្រើសយកការអភិវឌ្ឍន៍វិស័យទេសចរណ៍ជាចំបង។ 

តាមដានជាមួយយើង៖ Million Times

លោកថ្លែងថា៖  ក្រោយពីទទួលបានការគាំទ្រ និងមានការកើនឡើងចំនួនភ្ញៀវទេសចរមកកម្សាន្តក្នុងខេត្ត បន្ទាប់ពីមានការស្ថាបនាឱ្យមានឆ្នេរខ្សាច់កម្សាន្ត ពិសេសរូបសំណាកត្រីសេះសមុទ្របាញ់ទឹក ហើយដើម្បីកែលម្អ ក៏ដូចជាបន្ថែមសោភ័ណភាពក្នុងក្រុងកំពត ពិសេសបង្កើនការទាក់ទាញភ្ញៀវទេសចរឱ្យមកសម្រាកកម្សាន្តក្នុងខេត្តកំពតកាន់តែច្រើនបន្ថែមទៀតនោះ អាជ្ញាធរខេត្តបាននិងកំពុងរៀបចំបុកគ្រឹះសាងសង់នាឡិកាកម្ពស់ប្រមាណ ៣៥ម៉េត្រ មុខនាឡិការមានទំហំមុខកាត់អង្កត់ផ្ចិតប្រមាណ ៩,៧ម៉ែត្រ ហើយនាឡិការនេះត្រូវបានសាងសង់តាមរចនាបទខ្មែរសុទ្ធសាធ ដែលមានទីតាំងស្ថិតនៅតាមដងព្រែកកំពង់បាយ មុខសាលាខេត្តឈៀងខាងត្បូង ក្នុងសង្កាត់ត្រើយកោះ ក្រុងកំពត។

ស្របពេលជាមួយនឹងការសាងសង់នាឡិកានេះដែរ អាជ្ញាធរខេត្តកំពតក៏បាននឹងកំពុងរៀបចំស្ថាបនាឆ្នេរខ្សាច់សមុទ្រមួយបន្ថែមទៀត ដែលមានចម្ងាយប្រមាណ ៨គីឡូម៉ែត្រពីកំពង់ផែទេសចរណ៍អន្តរជាតិ ស្ថិតក្នុងស្រុកទឹកឈូ ដើម្បីឱ្យខេត្តមួយនេះមានឆ្នេរសមុទ្រឱ្យភ្ញៀវទេសចរមកលេងកម្សាន្តដូចខេត្តបីផ្សេងទៀត។ លោក ម៉ៅ ធនិន រំពឹងថា ក្រោយពីសាងសង់នាឡិកា និងស្ថាបនាឆ្នេរខ្សាច់កម្សាន្តក្នុងខេត្តរួចហើយ កំណើនសេដ្ឋកិច្ចក្នុងខេត្ត ពិសេសចំណូលរបស់ប្រជាពលរដ្ឋមានការកើនឡើងតាមរយៈវិស័យទេសចរណ៍។

មន្ទីរទេសចរណ៍ខេត្តកំពត បានឱ្យដឹងថា ក្រោយពីមានសមិទ្ធផលទេសចរណ៍ដែលបង្កើតឡើងដោយរដ្ឋបាលខេត្ត ក្នុងមួយសប្តាហ៍ៗមានភ្ញៀវទេសចរមកលេងកម្សាន្តក្នុងខេត្តកំពតចន្លោះពី ៤ម៉ឺននាក់ ទៅ ៥ម៉ឺននាក់ ដែលបានធ្វើឱ្យចំណូលរបស់ប្រជាពលរដ្ឋមានការកើនឡើង និងមានភាពធូធារជាងមុនតាមរយៈការទទួលផលពីវិស័យទេសចរណ៍៕

អត្ថបទ៖ ផល កុសល រូបភាព៖​ រដ្ឋបាលខេត្តកំពត