អ្នកជំនាញ ប្រាប់ពលរដ្ឋគួរសួរ ៤សំណួរទៅកាន់អ្នកម៉ៅការសង់ផ្ទះ ដើម្បីដឹងថាជ្រើសរើសត្រឹមត្រូវ ឬមិនត្រឹមត្រូវ

អ្នកជំនាញ ប្រាប់ពលរដ្ឋគួរសួរ ៤សំណួរទៅកាន់អ្នកម៉ៅការសង់ផ្ទះ ដើម្បីដឹងថាជ្រើសរើសត្រឹមត្រូវ ឬមិនត្រឹមត្រូវ

ជាច្រើនឆ្នាំមកហើយ ប្រជាពលរដ្ឋមួយចំនួន បានរអ៊ូរទាំអំពីពិបាកស្វែងរកអ្នកម៉ៅការសាងសង់ផ្ទះ របស់ពួកគាត់ឲ្យបានត្រឹមត្រូវ ដែលមិនមានការបោកប្រាស់ ហើយការសាងសង់រហូតដល់រួចរាល់ ព្រមទាំងសាងសង់ផ្ទះដែលមានគុណភាព និងសោភ័ណ្ឌល្អ។

ដោយមើលឃើញពីបញ្ហាលំបាកបែបនេះហើយ ទើបលោក នៅ ស៊ីនិត វិស្វករម៉ៅការសាងសង់ មានបទពិសោធន៍ប្រមាណជា ១០ឆ្នាំមកហើយនោះ បានចែករំលែកចំណេះដឹងខ្លះៗជូនប្រជាពលរដ្ឋ មុននឹងឲ្យអ្នកម៉ៅការសាងសង់ សង់ផ្ទះជូនគាត់។

តាមដានជាមួយយើង៖ Million Times

លោក នៅ ស៊ីនិត បានឲ្យដឹងថា ការមើលអ្នកម៉ៅការសំណង់ថា បោកប្រាស់ ឬមិនបោកប្រាស់ ល្អ ឬមិនល្អ គឺមិនមែនជារឿងពិបាកនោះទេ គ្រាន់តែពេលខ្លះប្រជាពលរដ្ឋមួយចំនួន ដែលមានតម្រូវការធ្វើផ្ទះ មិនបានគិតស៊ីជម្រៅរហូតដល់ចាញ់បោកគេម្ដង។ បើតាមលោក នៅ ស៊ីនិត មានសំណួរសំខាន់ៗចំនួន ៤ ដែលប្រជាពលរដ្ឋគួរសួរអ្នកម៉ៅការសំណង់ មុនពេលចាប់ឲ្យពួកគេសាងសង់។

សំណួរទី១. តើបុគ្គលជាអ្នកម៉ៅការសំណង់នោះ មានបទពិសោធន៍ធ្វើការងារលើការងារនេះប៉ុន្មានឆ្នាំហើយ?ប្រសិនបើបុគ្គលរូបនោះឆ្លើយថា មានបទពិសោធន៍ធ្វើ ១០ឆ្នាំ ឬ២០ឆ្នាំ អ្វីដែលយើងគួរមើលបន្តនោះ តើបុគ្គលរូបនោះមានជីវភាពធូរធាដែរឬអត់? បើមើលទៅបុគ្គលនោះ មិនមានជីវភាពធូរធាទេ គឺជាចំណុចដែលសង្ស័យហើយ ព្រោះថា ការងារម៉ៅការសំណង់នេះ នឹងអាចជួយឲ្យជីវភាពពួកគេធូរធាសមរម្យ។ ដូច្នេះ មិនគួរយកបុគ្គលបែបនេះមកឲ្យសាងសង់ផ្ទះរបស់ខ្លួនឡើយ។

សំណួរទី២. តើបុគ្គលអ្នកម៉ៅការសំណង់នោះ ជាមនុស្សស្មោះត្រង់ដែរឬទេ? យើងត្រូវយកបុគ្គលដែលស្មោះត្រង់មកសាងសង់ផ្ទះរបស់យើង បើគេមិនស្មោះត្រង់ទេ សូមកុំយកមកឲ្យសាងសង់ផ្ទះរបស់យើងអី ព្រោះគេនឹងអាចកិបកេងនូវផលប្រយោជន៍ របស់ម្ចាស់ផ្ទះមិនខានឡើយ។ យ៉ាងណាក៏ដោយ ការមើលទៅលើចំណុចស្មោះត្រង់នេះ គឺអាស្រ័យលើសមត្ថភាពរបស់មនុស្សម្នាក់ៗ។

សំណួរទី៣. តើបុគ្គលនោះមានសមត្ថភាព និងជំនាញច្បាស់លាស់ដែរឬទេ? នេះក៏ជាសំណួរសំខាន់មួយដែរ មុនពេលអនុញ្ញាតឲ្យបុគ្គលអ្នកម៉ៅការសំណង់រូបណា មកសាងសង់ផ្ទះរបស់យើង។ សំណួរនេះយើងចង់ដឹងថា បុគ្គល​​អ្នកម៉ៅការសំណង់រូបនោះ មានជំនាញច្បាស់លាស់ពិតប្រាកដដែរឬទេ ទៅបច្ចេកទេសសាងសង់ ពិសេស​តើពួកគេមានជំនាញវិស្វករ និងស្ថាបត្យករដែរឬទេ? ហើយប្រសិនបើពួកគេពុំមានទេ មិនគួរឲ្យសាងសង់ផ្ទះរបស់យើងឡើយ ព្រោះនៅពេលសាងសង់រួច នឹងមិនមានគុណភាព និងសោភ័ណ្ឌភាពឡើយ។

សំណួរទី៤. តើបុគ្គលអ្នកម៉ៅការសំណង់នោះ មានកូនក្រុមដែរឬទេ? សំណួរនេះក៏កាន់តែសំខាន់ពីព្រោះការងារ​សាងសង់នេះ មិនមែនធ្វើតែម្នាក់ឯងនោះទេ ពោលគឺត្រូវមានកូនជាងជួយ ហើយកូនជាងនេះមិនមែនទាល់តែបានគម្រោងសាងសង់ទើបដើររកនោះទេ ត្រូវមានក្នុងដៃឲ្យហើយ។ ម្យ៉ាងទៀត កូនជាងទាំងនោះ ក៏ត្រូវជាកូនជាងល្អៗដែរ បើមិនដូច្នេះទេសាងសង់មិនទាន់រួចរាល់ផង នឹងអាចរត់ចោលការដ្ឋានមិនឡើយ។

លោក នៅ ស៊ីនិត វិស្វករម៉ៅការសាងសង់ បានបញ្ជាក់ថា សំណួរចំនួន ៤ខាងលើនេះ គឺពិតជាមានសារៈសំខាន់ សម្រាប់ប្រជាពលរដ្ឋមានតម្រូវការសាងសង់ផ្ទះ ហើយប្រសិនបើក្នុងចំណោម ៤នេះ អ្នកម៉ៅការសំណង់មិនមានគ្រប់គ្រាន់ទេ នោះការសាងសង់នឹងមានបញ្ហាមិនខានឡើយ។ ក្រៅពីសំណួរ ៤ខាងលើនេះ នូវមានចំណុចតូចៗផ្សេងទៀត តែវាមិនសំខាន់ដូច ៤សំណួរ ដែលរៀបរាប់ខាងលើនេះឡើយ។

យ៉ាងណាក៏ដោយ លោក នៅ ស៊ីនិត បានស្នើសុំការអធ្យាស្រ័យពីអ្នកម៉ៅការសំណង់នានា ប្រសិនបើការចែក​រំលែកចំណេះដឹងរបស់លោក មានការប៉ះពាល់ដល់ពួកគាត់។ ប៉ុន្តែដើម្បីប្រយោជន៍រួម ធ្វើឲ្យវិស័យសំណង់របស់ខ្មែរយើង រីកចម្រើន គឺមិនអាចខ្វះបានពីការរួមចំណែកតូចៗ របស់ពួកយើងម្នាក់ៗនោះទេ៕

អត្ថបទ៖ វីរៈ រូបភាព៖ លោក នៅ ស៊ីនិត