គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រីដែលផ្គត់ផ្គង់ទឹកស្រោចស្រពកសិកម្មប្រមាណ ៣៣០០០ហិកតា សម្រេចបាន ៨០ភាគរយ

គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រីដែលផ្គត់ផ្គង់ទឹកស្រោចស្រពកសិកម្មប្រមាណ ៣៣០០០ហិកតា សម្រេចបាន ៨០ភាគរយ

គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ក្នុងភូមិសាស្ត្រស្រុករុក្ខគិរី ខេត្តបាត់ដំបង ដែលទទួលហិរញ្ញប្បទានសម្បទានពីកូរ៉េ សម្រេចបានប្រមាណ ៨០ភាគរយ គិតមកដល់ខែមិថុនា ឆ្នាំ២០២៤។ បើតាមរបាយការណ៍ពីក្រសួងធនធានទឹក និងឧតុនិយម។

ក្រសួងធនធានទឹក បានឲ្យដឹងថា គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី មានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមមាន៖ ១)ទំនប់មេប្រវែង ៦៥៤ម៉ែត្រ ២)សំណង់បង្ហៀរធ្វើពីបេតុងប្រវែង ៤១៤ម៉ែត្រ និងអាចដោះទឹកបាន ៨៥០ម៉ែត្រត្រីគុណក្នុង១វិនាទី ៣)រូងទូនេលពង្វាងទឹករាងជាក្រចកជើងសេះប្រវែង ៤៦២ម៉ែត្រ ៤)សំណង់គ្រប់គ្រងទឹកជាប្រភេទសំណង់ប៉មមានទ្វារទឹកច្រើនថ្នាក់ដែលមានទ្វារទឹកចំនួន៥ និងស្ពានសម្រាប់ឆ្លងទៅប៉មប្រវែង ៥៥ម៉ែត្រ និងទទឹង ៣ម៉ែត្រ ៥)ផ្លូវក្រាលថ្មភ្នំប្រវែង ១៧,៣គីឡូម៉ែត្រនិងទទឹង ៧ម៉ែត្រ និង ៦)សំណង់ដោះទឹកចំនួន ៨កន្លែងនិងស្ពានបណ្តោះអាសន្នចំនួន ៣កន្លែង។

តាមដានជាមួយយើង៖ Million Times

បើតាមក្រសួងធនធានទឹក គម្រោងនេះនឹងជួយដោះស្រាយបញ្ហាទឹក កាត់បន្ថយហានិភ័យគ្រោះធម្មជាតិ និងធានាដល់ការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់សម្រាប់ការបង្កបង្កើនផលវិស័យកសិកម្ម វិស័យទឹកស្អាតសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃនិងក្នុងឧស្សាហកម្ម និងបម្រើដល់ពហុវិស័យ ដែលជាផ្នែកមួយជួយលើកស្ទួយដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រីត្រូវប្រើរយៈពេលសាងសង់ ៩០ខែ ដោយចាប់ផ្ដើមការសាងសង់ក្នុងខែមិថុនា ឆ្នាំ២០១៨ និងគ្រោងបញ្ចប់នាខែតុលា ឆ្នាំ២០២៥ ខាងមុខ។ គម្រោងនេះគ្របដណ្តប់លើឃុំចំនួន ១១នៃស្រុកមោងឫស្សី និងស្រុករុក្ខគិរី ខេត្តបាត់ដំបង និងស្រុកបាកាន ខេត្តពោធិ៍សាត់ មានសក្តានុពលស្ដុកទឹកបាន ១៦៣,១លានម៉ែត្រត្រីគុណ មានលទ្ធភាពផ្គត់ផ្គង់ទឹកស្រោចស្រពសម្រាប់បង្កើនផលិតផលកសិកម្មប្រមាណ ៣៣០០០ហិកតានៅរដូវវស្សា និង ៤៥០០ហិកតានៅរដូវប្រាំង ព្រមទាំងរួមចំណែកក្នុងការផ្គត់ផ្គង់ទឹកស្អាត និងកាត់បន្ថយទឹកជំនន់តាមតំបន់មួយចំនួននៅផ្នែកខាងក្រោម៕

អត្ថបទ៖ សាង តេជៈ រូបភាព៖ ក្រសួងធនធានទឹក