ផ្លូវជាតិលេខ ៧១C តម្លៃជាង ១២៩លានដុល្លារ សាងសង់បានជិត ១០០ភាគរយហើយ

ផ្លូវជាតិលេខ ៧១C តម្លៃជាង ១២៩លានដុល្លារ សាងសង់បានជិត ១០០ភាគរយហើយ

គម្រោងសាងសង់ផ្លូវជាតិលេខ ៧១C ប្រវែងជាង ១១៤គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្ដខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម សម្រេចបានជិត ១០០ភាគរហើយ និងគម្រោងបញ្ចប់ការសាងសង់នៅខែតុលា ឆ្នាំ ២០២៤ខាងមុខនេះ។ នេះបើតាមការឲ្យដឹងពីលោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។

អ្នកនាំពាក្យរូបនេះ​ បានឲ្យដឹងបន្តថា គម្រោងសាងសង់ផ្លូវជាតិលេខ ៧១C មានប្រវែងសរុប ១១៤,៦២គីឡូម៉ែត្រ ដែលចាប់ពីផ្លូវជាតិលេខ ៧ ចំណុចគីឡូម៉ែត្រលេខ ១៥៤+៧00 ក្នុងខេត្តត្បូងឃ្មុំ ទៅដល់ផ្លូវជាតិលេខ ៧១C ចំណុចគីឡូម៉ែត្រលេខ ៣០+៤00 ក្នុងខេត្តកំពង់ចាម សម្រេចបានលទ្ធផលជារួមចំនួន ៩៧,៦២ភាគរយហើយ បើគិតត្រឹមខែឧសភា។ ផ្លូវនេះត្រូវសាងសង់រយៈពេល ៤២ខែ និងរយៈពេលថែទាំចំនួន ២៤ខែ។

តាមដានជាមួយយើង៖ Million Times

លោក ផន រឹម បានបន្ថែមថា ផ្លូវជាតិដ៏សំខាន់នេះ ផ្នែកខ្លះជាប្រភេទ AC និងខ្លះទៀតជាប្រភេទ DBST ដែលត្រូវបានចុះកិច្ចសន្យាសាងសង់ កាលពីថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២០ ហើយចាប់ផ្តើមសាងសង់នៅថ្ងៃទី ២ ខែមេសា ឆ្នាំ២ ០២១។ ផ្លូវនេះ គ្រោងនឹងបញ្ចប់ការសាងសង់នាអំឡុងខែតុលា ឆ្នាំ ២០២៤ខាងមុខ។

បើតាមប្រភពពីអ្នកនាំពាក្យដដែល ផ្លូវជាតិលេខ ៧១C ត្រូវបានអនុវត្តការសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃគ្រុប (SCG) និងប្រឹក្សាបច្ចេកទេសដោយក្រុមហ៊ុន ក្វាងចូវ វ៉ាងអាន ដោយប្រើប្រាស់ហិរញ្ញប្បទានថវិកាពីប្រទេសចិនជាង ១២៩លានដុល្លារ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាមួយចំនួន ផងដែរ។

ក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងត្រួតពិនិត្យយ៉ាងម៉ត់ចត់ ​ចំពោះការសាងសង់ផ្លូវនេះ និងណែនាំឲ្យបំពេញចន្លោះខ្វះខាតដែលនៅសេសសល់ ដើម្បីឈានទៅដល់ការសម្រេចលទ្ធផលជាស្ថាពរនាពេលឆាប់ៗខាងមុខ និងត្រៀមសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ នាពេលបន្ទាប់៕

អត្ថបទ៖ វីរៈ រូបភាព៖ ក្រសួងសាធារណការ