ដឹងថ្ងៃបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះ ត្រង់ចំណុចផ្លូវប្រសព្វមហាវិថី ៦០ម៉ែត្រ និងផ្លូវជាតិលេខ ២ហើយ  

ដឹងថ្ងៃបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះ ត្រង់ចំណុចផ្លូវប្រសព្វមហាវិថី ៦០ម៉ែត្រ និងផ្លូវជាតិលេខ ២ហើយ  

សមិទ្ធផលថ្មីមួយទៀត នឹងត្រូវរដ្ឋាភិបាលបើកការដ្ឋានសាងសង់ នៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយ នោះគឺស្ពានអាកាសភ្លោះ ត្រង់ចំណុចផ្លូវប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុនសែន ឬហៅថាផ្លូវ ៦០ម៉ែត្រ និងផ្លូវជាតិលេខ ២។ ពិធីបើកការដ្ឋាននេះ នឹងត្រូវធ្វើឡើងក្រោមអធិបតីភាពរបស់សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៤។

ស្ពានអាកាសភ្លោះនេះ ត្រូវបានគេរំពឹងទុកថា ជាហេដ្ឋារចនាសម្ព័ន្ធមួយដ៏សំខាន់ ដែលតភ្ជាប់ពីចរាចរណ៍ពីរាជធានីភ្នំពេញ ទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល ហើយបើតាមគម្រោង​អាកាសភ្លោះនេះ គឺក្រុមហ៊ុន Cambodia Airport Investment (CAIC) របស់អ្នកឧកញ៉ា ពុង ឃាវសែ ជាអ្នកចេញថវិកាសាងសង់ទាំងស្រុង។

ដើម្បីឲ្យការបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះនេះ ដំណើរការទៅដោយរលូន និងមានសណ្ដាប់ធ្នាប់នោះ, មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល កាលពីថ្ងៃទី ១៤ ខែមិថុនា បានចេញសេចក្ដីជូនដំណឹងមួយ ស្តីពី ការបិទចរាចរយានជំនិះគ្រប់ប្រភេទ នៅលើកំណាត់ផ្លូវជាតិលេខ ២ និងមហាវិថីសម្តេចតេជោ ហ៊ុនសែន ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល នៅថ្ងៃបើកការដ្ឋាននោះ ចាប់ពីម៉ោង ០ និង០០នាទីរំលងអាធ្រាត្រ រហូតដល់ម៉ោង ១៣ និង ០០នាទីរសៀលថ្ងៃដដែល។

ចំពោះយាន្តជំនិះគ្រប់ប្រភេទ ដែលមានបំណងធ្វើដំណើរទៅមកតាមទីតាំង បើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះនេះ ត្រូវធ្វើដំណើរវាងតាមផ្លូវក្រវ៉ាត់ក្រុងទី ៣ ផ្លូវក្រវ៉ាត់ក្រុងទី ២ និងផ្លូវជាតិលេខ ២១។ នេះបើតាមការគូសបញ្ជាក់របស់មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល៕

អត្ថបទ៖ វីរៈ រូបភាព៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល